1. នេះជាផ្លូវទាំងប៉ុន្មាន ដែលពួកកូនចៅអ៊ីស្រាអែលបានធ្វើដំណើរតាមពួកពលគេ ដោយនូវសារម៉ូសេ ហើយនឹងអើរ៉ុន តាំងពីគេចេញពីស្រុកអេស៊ីព្ទមក
2. ម៉ូសេបានកត់ដំណើរដែលគេដើរតាមដំណាក់នីមួយៗ តាមបង្គាប់ព្រះយេហូវ៉ា ដូច្នេះអស់ទាំងដំណាក់គេដែលគេដើរដំណើរមក
3. នោះពួកកូនចៅអ៊ីស្រាអែលបានចេញពីរ៉ាមសេស មកនៅថ្ងៃ១៥ខែចេត្រ គឺបានចេញមកនៅថ្ងៃបន្ទាប់នឹងបុណ្យរំលង ដោយមានជ័យជំនះ នៅភ្នែកនៃពួកសាសន៍អេស៊ីព្ទទាំងអស់គ្នា
4. ក្នុងកាលដែលគេកំពុងតែកប់ខ្មោចពួកកូនច្បងរបស់គេ ដែលព្រះយេហូវ៉ាបានវាយសំឡាប់នៅក្នុងពួកគេ ហើយព្រះយេហូវ៉ាក៏បានធ្វើទោសដល់អស់ទាំងព្រះរបស់គេដែរ។
5. ពួកកូនចៅអ៊ីស្រាអែល ក៏ចេញពីរ៉ាមសេស មកស្នាក់នៅត្រង់ស៊ុកូត
6. គេចេញពីស៊ុកូតមកស្នាក់នៅត្រង់អេថាមក្បែរទីរហោស្ថាន
7. គេចេញពីអេថាម ក៏បែរទៅខាងពីហាហីរ៉ុថ ទល់មុខនឹងបាលសេផុន រួចស្នាក់នៅត្រង់មុខមីកដុល
8. គេចេញពីមុខពីហាហីរ៉ុថដើរឆ្លងនៅកណ្តាលទឹកសមុទ្រទៅក្នុងទីរហោស្ថាន ក៏ដើរ៣ថ្ងៃទៅក្នុងទីរហោស្ថានអេថាម រួចស្នាក់នៅត្រង់ម៉ារ៉ា
9. គេចេញពីម៉ារ៉ា មកដល់អេលីម ហើយនៅអេលីមនោះ មានរន្ធទឹក១២ និងដើមលម៉ើ ៧០ គេក៏ស្នាក់នៅទីនោះ
10. គេចេញពីអេលីម មកស្នាក់នៅក្បែរសមុទ្រក្រហម
11. គេចេញពីសមុទ្រក្រហម មកស្នាក់នៅក្នុងទីរហោស្ថានស៊ីន
12. គេចេញពីទីរហោស្ថានស៊ីន មកស្នាក់នៅត្រង់ដុបកា
13. គេចេញពីដុបកា មកស្នាក់នៅត្រង់អាលូស
14. គេចេញពីអាលូស មកស្នាក់នៅរេផិឌីម ជាកន្លែងដែលគ្មានទឹកឲ្យគេផឹកសោះ
15. គេចេញពីរេផិឌីម មកស្នាក់នៅត្រង់ទីរហោស្ថានស៊ីណាយ