8. ពួកឪពុកឯងរាល់គ្នាក៏បានធ្វើដូច្នេះដែរ ក្នុងកាលដែលអញចាត់គេ ពីកាដេស-បារនា ឲ្យទៅសង្កេតមើលស្រុកនោះ
9. ដ្បិតកាលគេបានឡើងទៅដល់ជ្រោះអែសកុលឃើញស្រុកនោះហើយ នោះគេបានរំសាយចិត្តពួកកូនចៅអ៊ីស្រាអែលវិញ ដើម្បីកុំឲ្យចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ាបានប្រទានឲ្យ
10. ហើយនៅថ្ងៃនោះឯង សេចក្ដីខ្ញាល់នៃព្រះយេហូវ៉ាបានកាត់ឡើង ទ្រង់ក៏ស្បថថា
11. ក្នុងពួកមនុស្សដែលចេញពីស្រុកអេស៊ីព្ទមក ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ នោះគ្មានអ្នកណាមួយ នឹងឃើញស្រុកដែលអញបានស្បថ នឹងឲ្យដល់អ័ប្រាហាំ អ៊ីសាក ហើយយ៉ាកុប នោះឡើយ ពីព្រោះគេមិនបានប្រព្រឹត្តតាមអញគ្រប់ចំពូក
12. លើកតែកាលែបជាកូនយេភូនេក្នុងពូជកេណាស១ និងយ៉ូស្វេជាកូននុន១ប៉ុណ្ណោះ ពីព្រោះអ្នកទាំង២នោះ បានប្រព្រឹត្តតាមអញគ្រប់ចំពូក
13. ដូច្នេះសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ា ក៏កាត់ឡើងទាស់នឹងសាសន៍អ៊ីស្រាអែល ហើយទ្រង់បានធ្វើឲ្យគេដើរវីមវាមនៅក្នុងទីរហោស្ថានអស់៤០ឆ្នាំ ទាល់តែដំណមនុស្ស ដែលបានប្រព្រឹត្តអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ានោះ បានវិនាសទាំងអស់ទៅ
14. ហើយមើល ឯងរាល់គ្នាបានកើតឡើង ជាដំណាងនៃឪពុកឯង ជាពួកមនុស្សមានបាប ដែលចំរើនកាន់តែច្រើនឡើង ចង់តែបន្ថែមសេចក្ដីក្រោធដ៏សហ័សនៃព្រះយេហូវ៉ា ឲ្យរឹងរឹតតែក្តៅឡើង ទាស់នឹងសាសន៍អ៊ីស្រាអែលទៅទៀត
15. ដ្បិតបើឯងរាល់គ្នាបែរចេញពីទ្រង់ នោះទ្រង់នឹងទុកឯងចោលនៅទីរហោស្ថានតទៅ ហើយឯងរាល់គ្នានឹងធ្វើឲ្យបណ្តាជនទាំងនេះត្រូវវិនាសបង់។
16. តែគេចូលទៅជិតជំរាបលោកថា យើងខ្ញុំនឹងធ្វើក្រោល សំរាប់ហ្វូងសត្វរបស់យើងខ្ញុំ ហើយនឹងទីក្រុងសំរាប់កូនចៅយើងខ្ញុំ
17. តែខ្លួនយើងខ្ញុំនឹងមានគ្រឿងប្រុងជាស្រេច ដើម្បីនឹងជូនមុខពួកកូនចៅអ៊ីស្រាអែល ទាល់តែបាននាំគេ រហូតទៅដល់ទីកន្លែងរបស់គេ ឯកូនចៅយើងខ្ញុំ គេនឹងនៅក្នុងទីក្រុងមានកំផែង ដោយខ្លាចដល់មនុស្សនៅស្រុកនេះ
18. យើងខ្ញុំមិនត្រឡប់មកឯផ្ទះយើងខ្ញុំវិញទេ ដរាបដល់ពួកកូនចៅអ៊ីស្រាអែលបានស៊ីមរដករបស់គេរៀងខ្លួន
19. ដ្បិតយើងខ្ញុំរាល់គ្នានឹងមិនស៊ីមរដកជាមួយនឹងគេ នៅត្រើយទន្លេយ័រដាន់ម្ខាងទៀតទេ ពីព្រោះមរដករបស់ផងយើងខ្ញុំបានធ្លាក់មកដល់យើងខ្ញុំ នៅត្រើយខាងកើតនេះហើយ។
20. រួចម៉ូសេលោកឆ្លើយឡើងថា បើឯងរាល់គ្នាធ្វើយ៉ាងនោះ គឺបើឯងនឹងយកគ្រឿងចេញទៅច្បាំងនៅចំពោះព្រះយេហូវ៉ា
21. ហើយពួកឯងគ្រប់គ្នា ដែលមានគ្រឿងចំបាំង នឹងឆ្លងទន្លេយ័រដាន់នៅចំពោះព្រះយេហូវ៉ា ដរាបដល់ទ្រង់បានបណ្តេញពួកខ្មាំងសត្រូវ ពីចំពោះទ្រង់ចេញ
22. គឺដល់កាលណាស្រុកនោះបានទទួលចុះចាញ់ នៅចំពោះព្រះយេហូវ៉ា នោះឯងរាល់គ្នានឹងត្រឡប់មកវិញ ឥតមានទោសចំពោះព្រះយេហូវ៉ា ឬចំពោះសាសន៍អ៊ីស្រាអែលឡើយ ហើយស្រុកនេះក៏នឹងបានជាកេរអាកររបស់ឯងរាល់គ្នានៅចំពោះព្រះយេហូវ៉ា
23. តែបើមិនព្រមធ្វើដូច្នោះទេ នោះនឹងមានបាបចំពោះព្រះយេហូវ៉ាវិញ ហើយត្រូវដឹងជាប្រាកដថា បាបឯងរាល់គ្នានឹងតាមឯងទាន់