ជនគណនា 32:21-33 ព្រះគម្ពីរបរិសុទ្ធ (KHOV)

21. ហើយ​ពួក​ឯង​គ្រប់​គ្នា ដែល​មាន​គ្រឿង​ចំបាំង នឹង​ឆ្លង​ទន្លេ​យ័រដាន់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដរាប​ដល់​ទ្រង់​បាន​បណ្តេញ​ពួក​ខ្មាំង​សត្រូវ ពី​ចំពោះ​ទ្រង់​ចេញ

22. គឺ​ដល់​កាល​ណា​ស្រុក​នោះ​បាន​ទទួល​ចុះ​ចាញ់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នោះ​ឯង​រាល់​គ្នា​នឹង​ត្រឡប់​មក​វិញ ឥត​មាន​ទោស​ចំពោះ​ព្រះ‌យេហូវ៉ា ឬ​ចំពោះ​សាសន៍​អ៊ីស្រា‌អែល​ឡើយ ហើយ​ស្រុក​នេះ​ក៏​នឹង​បាន​ជា​កេរ‌អាករ​របស់​ឯង​រាល់​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

23. តែ​បើ​មិន​ព្រម​ធ្វើ​ដូច្នោះ​ទេ នោះ​នឹង​មាន​បាប​ចំពោះ​ព្រះ‌យេហូវ៉ា​វិញ ហើយ​ត្រូវ​ដឹង​ជា​ប្រាកដ​ថា បាប​ឯង​រាល់​គ្នា​នឹង​តាម​ឯង​ទាន់

24. ចូរ​សង់​ទី​ក្រុង​សំរាប់​កូន​ចៅ​ឯង ហើយ​នឹង​ក្រោល​សំរាប់​ហ្វូង​សត្វ​ផង ឲ្យ​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ចេញ​ពី​មាត់​ឯង​នោះ​ចុះ

25. នោះ​ពួក​កូន​ចៅ​កាឌ់ និង​កូន​ចៅ​រូបេន​ក៏​ឆ្លើយ​ឡើង​ថា យើង​ខ្ញុំ​ប្របាទ​នឹង​ធ្វើ​ដូច​ជា​លោក​ម្ចាស់​បង្គាប់​មក

26. ប្រពន្ធ​កូន ហើយ​នឹង​ហ្វូង​គោ​ហ្វូង​ចៀម​របស់​យើង​ខ្ញុំ​ទាំង​ប៉ុន្មាន និង​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង នៃ​ស្រុក​កាឡាត​នេះ

27. តែ​យើង​ខ្ញុំ​ប្របាទ​ដែល​មាន​គ្រឿង​ចំបាំង​រៀប​ជា​ស្រេច យើង​ខ្ញុំ​នឹង​ឆ្លង​ទៅ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដូច​ជា​លោក​ម្ចាស់​បាន​បង្គាប់​មក។

28. ដូច្នេះ ម៉ូសេ​ក៏​បង្គាប់​ដល់​អេលាសារ ដ៏​ជា​សង្ឃ និង​យ៉ូស្វេ ជា​កូន​នុន ព្រម​ទាំង​ពួក​មេ​លើ​វង្សា‌នុវង្ស​នៃ​ពូជ​អំបូរ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ពី​ដំណើរ​គេ

29. លោក​ប្រាប់​អ្នក​ទាំង​នោះ​ថា បើ‌សិន​ជា​ពួក​កូន​ចៅ​កាឌ់​នឹង​ពួក​កូន​ចៅ​រូបេន ឆ្លង​ទន្លេ​យ័រដាន់​ទៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​គ្រប់​គ្នា​មាន​គ្រឿង​ចំបាំង​ប្រុង​ជា​ស្រេច ដូច្នេះ កាល​ណា​ស្រុក​នោះ​បាន​ចុះ​ចាញ់​នៅ​មុខ​ឯង​រាល់​គ្នា​ហើយ នោះ​ត្រូវ​ចែក​ស្រុក​កាឡាត​នេះ​ឲ្យ​ដល់​គេ ទុក​ជា​កេរ‌អាករ​ចុះ

30. តែ​បើ​គេ​មិន​ឆ្លង​ទៅ​ជា​មួយ​ដោយ​មាន​គ្រឿង​ចំបាំង​ប្រុង​ជា​ស្រេច​ទេ នោះ​គេ​ត្រូវ​បាន​កេរ‌អាករ នៅ​កណ្តាល​ឯង​រាល់​គ្នា ក្នុង​ស្រុក​កាណាន​វិញ

31. ពួក​កូន​ចៅ​កាឌ់ និង​កូន​ចៅ​រូបេន​ក៏​ឆ្លើយ​ឡើង​ថា សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​យើង​ខ្ញុំ​ប្របាទ នោះ​យើង​ខ្ញុំ​នឹង​ធ្វើ​តាម

32. យើង​ខ្ញុំ​នឹង​ឆ្លង​ទៅ ទាំង​មាន​គ្រឿង​សស្ត្រា‌វុធ​នៅ​ដៃ​ចូល​ទៅ​ក្នុង​ស្រុក​កាណាន នៅ​ចំពោះ​ព្រះ‌យេហូវ៉ា តែ​កេរ‌អាករ​ជា​មរដក​របស់​យើង​ខ្ញុំ នឹង​នៅ​ឯ​ត្រើយ​ទន្លេ​យ័រដាន់ ខាង‌អាយ​នេះ​វិញ។

33. ម៉ូសេ លោក​ក៏​ឲ្យ​នគរ​របស់​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី និង​នគរ​របស់​អុក ជា​ស្តេច​បាសាន គឺ​ស្រុក​ទាំង​មូល តាម​ចំនួន​ទី​ក្រុង​គេ រហូត​ដល់​ព្រំ​ប្រទល់ ព្រម​ទាំង​ទី​ក្រុង នៅ​ព័ទ្ធ​ជុំវិញ​ទាំង​ប៉ុន្មាន ដល់​ពួក​កូន​ចៅ​កាឌ់ និង​ពួក​កូន​ចៅ​រូបេន ហើយ​ដល់​១​ចំហៀង​នៃ​ពូជ​អំបូរ​ម៉ាន៉ាសេ ជា​កូន​យ៉ូសែប

ជនគណនា 32