20. រួចម៉ូសេលោកឆ្លើយឡើងថា បើឯងរាល់គ្នាធ្វើយ៉ាងនោះ គឺបើឯងនឹងយកគ្រឿងចេញទៅច្បាំងនៅចំពោះព្រះយេហូវ៉ា
21. ហើយពួកឯងគ្រប់គ្នា ដែលមានគ្រឿងចំបាំង នឹងឆ្លងទន្លេយ័រដាន់នៅចំពោះព្រះយេហូវ៉ា ដរាបដល់ទ្រង់បានបណ្តេញពួកខ្មាំងសត្រូវ ពីចំពោះទ្រង់ចេញ
22. គឺដល់កាលណាស្រុកនោះបានទទួលចុះចាញ់ នៅចំពោះព្រះយេហូវ៉ា នោះឯងរាល់គ្នានឹងត្រឡប់មកវិញ ឥតមានទោសចំពោះព្រះយេហូវ៉ា ឬចំពោះសាសន៍អ៊ីស្រាអែលឡើយ ហើយស្រុកនេះក៏នឹងបានជាកេរអាកររបស់ឯងរាល់គ្នានៅចំពោះព្រះយេហូវ៉ា
23. តែបើមិនព្រមធ្វើដូច្នោះទេ នោះនឹងមានបាបចំពោះព្រះយេហូវ៉ាវិញ ហើយត្រូវដឹងជាប្រាកដថា បាបឯងរាល់គ្នានឹងតាមឯងទាន់
24. ចូរសង់ទីក្រុងសំរាប់កូនចៅឯង ហើយនឹងក្រោលសំរាប់ហ្វូងសត្វផង ឲ្យធ្វើតាមសេចក្ដីទាំងប៉ុន្មានដែលចេញពីមាត់ឯងនោះចុះ
25. នោះពួកកូនចៅកាឌ់ និងកូនចៅរូបេនក៏ឆ្លើយឡើងថា យើងខ្ញុំប្របាទនឹងធ្វើដូចជាលោកម្ចាស់បង្គាប់មក
26. ប្រពន្ធកូន ហើយនឹងហ្វូងគោហ្វូងចៀមរបស់យើងខ្ញុំទាំងប៉ុន្មាន និងនៅក្នុងអស់ទាំងទីក្រុង នៃស្រុកកាឡាតនេះ
27. តែយើងខ្ញុំប្របាទដែលមានគ្រឿងចំបាំងរៀបជាស្រេច យើងខ្ញុំនឹងឆ្លងទៅនៅចំពោះព្រះយេហូវ៉ា ដូចជាលោកម្ចាស់បានបង្គាប់មក។
28. ដូច្នេះ ម៉ូសេក៏បង្គាប់ដល់អេលាសារ ដ៏ជាសង្ឃ និងយ៉ូស្វេ ជាកូននុន ព្រមទាំងពួកមេលើវង្សានុវង្សនៃពូជអំបូរពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន ពីដំណើរគេ
29. លោកប្រាប់អ្នកទាំងនោះថា បើសិនជាពួកកូនចៅកាឌ់នឹងពួកកូនចៅរូបេន ឆ្លងទន្លេយ័រដាន់ទៅជាមួយនឹងឯងរាល់គ្នានៅចំពោះព្រះយេហូវ៉ា ដោយគ្រប់គ្នាមានគ្រឿងចំបាំងប្រុងជាស្រេច ដូច្នេះ កាលណាស្រុកនោះបានចុះចាញ់នៅមុខឯងរាល់គ្នាហើយ នោះត្រូវចែកស្រុកកាឡាតនេះឲ្យដល់គេ ទុកជាកេរអាករចុះ
30. តែបើគេមិនឆ្លងទៅជាមួយដោយមានគ្រឿងចំបាំងប្រុងជាស្រេចទេ នោះគេត្រូវបានកេរអាករ នៅកណ្តាលឯងរាល់គ្នា ក្នុងស្រុកកាណានវិញ
31. ពួកកូនចៅកាឌ់ និងកូនចៅរូបេនក៏ឆ្លើយឡើងថា សេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកយើងខ្ញុំប្របាទ នោះយើងខ្ញុំនឹងធ្វើតាម
32. យើងខ្ញុំនឹងឆ្លងទៅ ទាំងមានគ្រឿងសស្ត្រាវុធនៅដៃចូលទៅក្នុងស្រុកកាណាន នៅចំពោះព្រះយេហូវ៉ា តែកេរអាករជាមរដករបស់យើងខ្ញុំ នឹងនៅឯត្រើយទន្លេយ័រដាន់ ខាងអាយនេះវិញ។
33. ម៉ូសេ លោកក៏ឲ្យនគររបស់ស៊ីហុន ជាស្តេចសាសន៍អាម៉ូរី និងនគររបស់អុក ជាស្តេចបាសាន គឺស្រុកទាំងមូល តាមចំនួនទីក្រុងគេ រហូតដល់ព្រំប្រទល់ ព្រមទាំងទីក្រុង នៅព័ទ្ធជុំវិញទាំងប៉ុន្មាន ដល់ពួកកូនចៅកាឌ់ និងពួកកូនចៅរូបេន ហើយដល់១ចំហៀងនៃពូជអំបូរម៉ាន៉ាសេ ជាកូនយ៉ូសែប
34. នោះពួកកូនចៅកាឌ់ក៏សង់ទីក្រុងឌីបូន អាថារ៉ូត អារ៉ូអ៊ើរ
35. អាត្រូត-សូផាន យ៉ាស៊ើ យ៉ុកបិហា
36. បេត-នីមរ៉ា ហើយនឹងបេត-ហារ៉ាន សុទ្ធតែជាទីក្រុងមានកំផែង ព្រមទាំងធ្វើក្រោលសំរាប់ហ្វូងសត្វគេផង
37. ហើយពួកកូនចៅរូបេន គេក៏សង់ក្រុងហែសបូន អេលាលេ គារយ៉ា-ថែម