2. នោះគេក៏មកជំរាបដល់ម៉ូសេ និងអេលាសារដ៏ជាសង្ឃ ព្រមទាំងពួកដែលជាកំពូលលើពួកជំនុំថា
3. ក្រុងអាថារ៉ូត ឌីបូន យ៉ាស៊ើ នីមរ៉ា ហែសបូន អេលាលេ សេបាម នេបូរ ហើយបេអុន
4. គឺស្រុកនេះឯងដែលព្រះយេហូវ៉ាបានវាយ នៅមុខពួកជំនុំនៃសាសន៍អ៊ីស្រាអែល ជាស្រុកស្រួលល្មមនឹងចិញ្ចឹមហ្វូងសត្វបាន ឯយើងខ្ញុំប្របាទជាអ្នកមានហ្វូងសត្វហើយ
5. ដូច្នេះបើយើងខ្ញុំបានប្រកបដោយគុណនៃលោក នោះសូមប្រគល់ស្រុកនេះឲ្យបានជាកេរអាករដល់យើងខ្ញុំប្របាទផង សូមកុំនាំយើងខ្ញុំឆ្លងទន្លេយ័រដាន់នេះទៅឡើយ។
6. ម៉ូសេលោកឆ្លើយទៅពួកកូនចៅកាឌ់ និងពួកកូនចៅរូបេនថា តើត្រូវឲ្យបងប្អូនឯងរាល់គ្នាទៅច្បាំង ហើយឯងរាល់គ្នាអង្គុយព្រងើយនៅទីនេះវិញឬអី
7. ម្តេចក៏ឯងរាល់គ្នាចង់រំសាយចិត្តនៃពួកកូនចៅអ៊ីស្រាអែល មិនឲ្យគេឆ្លងទៅក្នុងស្រុក ដែលព្រះយេហូវ៉ាបានប្រទានឲ្យគេដូច្នេះ
8. ពួកឪពុកឯងរាល់គ្នាក៏បានធ្វើដូច្នេះដែរ ក្នុងកាលដែលអញចាត់គេ ពីកាដេស-បារនា ឲ្យទៅសង្កេតមើលស្រុកនោះ
9. ដ្បិតកាលគេបានឡើងទៅដល់ជ្រោះអែសកុលឃើញស្រុកនោះហើយ នោះគេបានរំសាយចិត្តពួកកូនចៅអ៊ីស្រាអែលវិញ ដើម្បីកុំឲ្យចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ាបានប្រទានឲ្យ
10. ហើយនៅថ្ងៃនោះឯង សេចក្ដីខ្ញាល់នៃព្រះយេហូវ៉ាបានកាត់ឡើង ទ្រង់ក៏ស្បថថា
11. ក្នុងពួកមនុស្សដែលចេញពីស្រុកអេស៊ីព្ទមក ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ នោះគ្មានអ្នកណាមួយ នឹងឃើញស្រុកដែលអញបានស្បថ នឹងឲ្យដល់អ័ប្រាហាំ អ៊ីសាក ហើយយ៉ាកុប នោះឡើយ ពីព្រោះគេមិនបានប្រព្រឹត្តតាមអញគ្រប់ចំពូក