18. យើងខ្ញុំមិនត្រឡប់មកឯផ្ទះយើងខ្ញុំវិញទេ ដរាបដល់ពួកកូនចៅអ៊ីស្រាអែលបានស៊ីមរដករបស់គេរៀងខ្លួន
19. ដ្បិតយើងខ្ញុំរាល់គ្នានឹងមិនស៊ីមរដកជាមួយនឹងគេ នៅត្រើយទន្លេយ័រដាន់ម្ខាងទៀតទេ ពីព្រោះមរដករបស់ផងយើងខ្ញុំបានធ្លាក់មកដល់យើងខ្ញុំ នៅត្រើយខាងកើតនេះហើយ។
20. រួចម៉ូសេលោកឆ្លើយឡើងថា បើឯងរាល់គ្នាធ្វើយ៉ាងនោះ គឺបើឯងនឹងយកគ្រឿងចេញទៅច្បាំងនៅចំពោះព្រះយេហូវ៉ា
21. ហើយពួកឯងគ្រប់គ្នា ដែលមានគ្រឿងចំបាំង នឹងឆ្លងទន្លេយ័រដាន់នៅចំពោះព្រះយេហូវ៉ា ដរាបដល់ទ្រង់បានបណ្តេញពួកខ្មាំងសត្រូវ ពីចំពោះទ្រង់ចេញ
22. គឺដល់កាលណាស្រុកនោះបានទទួលចុះចាញ់ នៅចំពោះព្រះយេហូវ៉ា នោះឯងរាល់គ្នានឹងត្រឡប់មកវិញ ឥតមានទោសចំពោះព្រះយេហូវ៉ា ឬចំពោះសាសន៍អ៊ីស្រាអែលឡើយ ហើយស្រុកនេះក៏នឹងបានជាកេរអាកររបស់ឯងរាល់គ្នានៅចំពោះព្រះយេហូវ៉ា
23. តែបើមិនព្រមធ្វើដូច្នោះទេ នោះនឹងមានបាបចំពោះព្រះយេហូវ៉ាវិញ ហើយត្រូវដឹងជាប្រាកដថា បាបឯងរាល់គ្នានឹងតាមឯងទាន់
24. ចូរសង់ទីក្រុងសំរាប់កូនចៅឯង ហើយនឹងក្រោលសំរាប់ហ្វូងសត្វផង ឲ្យធ្វើតាមសេចក្ដីទាំងប៉ុន្មានដែលចេញពីមាត់ឯងនោះចុះ
25. នោះពួកកូនចៅកាឌ់ និងកូនចៅរូបេនក៏ឆ្លើយឡើងថា យើងខ្ញុំប្របាទនឹងធ្វើដូចជាលោកម្ចាស់បង្គាប់មក