8. ព្រមទាំងសំឡាប់ពួកស្តេចសាសន៍ម៉ាឌានជាមួយនឹងពួកអ្នកដែលត្រូវស្លាប់ទាំងប៉ុន្មាននោះដែរ គឺអេវី១ រេគេម១ ស៊ើ១ ហើយនឹងរេបា១ ជាស្តេចសាសន៍ម៉ាឌានទាំង៥អង្គ ក៏បានសំឡាប់បាឡាមជាកូនបេអ៊រដោយដាវដែរ
9. ពួកកូនចៅអ៊ីស្រាអែលគេចាប់យកពួកស្រីៗសាសន៍ម៉ាឌាន និងកូនតូចៗទាំងប៉ុន្មាននាំទៅជាឈ្លើយ ក៏យកហ្វូងគោ ហ្វូងចៀម និងទ្រព្យសម្បត្តិទាំងអស់ទុកជារបឹបដែរ
10. ឯអស់ទាំងទីក្រុង និងផ្ទះសំបែង ហើយអស់ទាំងទីដំឡើងត្រសាលទាំងប៉ុន្មាន នោះគេក៏ដុតដោយភ្លើងទៅ
11. រួចយកអស់ទាំងរបឹប ព្រមទាំងសត្វ និងមនុស្សទាំងប៉ុន្មានដែលគេចាប់បាននោះ
12. ហើយនាំពួកឈ្លើយ សត្វទាំងនោះ និងរបឹងទាំងប៉ុន្មានទៅប្រគល់ដល់ម៉ូសេ និងអេលាសារដ៏ជាសង្ឃ ព្រមទាំងដល់ពួកជំនុំនៃកូនចៅអ៊ីស្រាអែល នៅត្រង់ទីដំឡើងត្រសាល នាស្រុកវាលរបស់ម៉ូអាប់ ដែលជិតទន្លេយ័រដាន់ ទល់មុខនឹងយេរីខូរ។
13. នោះម៉ូសេ អេលាសារដ៏ជាសង្ឃ ហើយនឹងពួកដែលជាកំពូលលើពួកជំនុំទាំងអស់ ក៏នាំគ្នាចេញទៅទទួលគេ នៅខាងក្រៅទីដំឡើងត្រសាល
14. ឯម៉ូសេលោកខឹងនឹងពួកមេទ័ព គឺនឹងពួកមេលើ១ពាន់នាក់ ហើយនឹងពួកមេលើ១០០នាក់ ដែលមកពីច្បាំងវិញនោះ
15. លោកសួរគេថា តើបានទុកឲ្យស្រីៗទាំងអស់រស់នៅឬអី
16. មើល គឺវារាល់គ្នាហើយដែលបាននាំឲ្យពួកកូនចៅអ៊ីស្រាអែលប្រព្រឹត្តរំលង ទាស់នឹងព្រះយេហូវ៉ា ពីដំណើរពេអរ ដោយសារសេចក្ដីទូន្មានរបស់បាឡាម ហើយយ៉ាងនោះ ក៏មានសេចក្ដីវេទនាកើតឡើងក្នុងពួកជំនុំនៃព្រះយេហូវ៉ា
17. ដូច្នេះ ចូរសំឡាប់អស់ទាំងប្រុសៗក្នុងពួកក្មេងទាំងប៉ុន្មាន ព្រមទាំងស្រីៗដែលបានស្គាល់ប្រុសដោយរួមដំណេកហើយ ឥឡូវទៅ
18. តែឯពួកក្មេងស្រីៗ ដែលមិនទាន់ស្គាល់ប្រុសណា ដោយរួមដំណេកនៅឡើយ នោះទុកសំរាប់ឯងរាល់គ្នាវិញចុះ
19. ត្រូវឲ្យឯងរាល់គ្នានៅខាងក្រៅទីដំឡើងត្រសាលអស់៧ថ្ងៃ ឯអស់អ្នកណាដែលបានសំឡាប់គេ ឬបានប៉ះពាល់ខ្មោចណា នោះត្រូវសំអាតខ្លួននៅថ្ងៃទី៣ ហើយនៅថ្ងៃទី៧ទៀត គឺទាំងឯងរាល់គ្នា ហើយនឹងពួកឈ្លើយទាំងប៉ុន្មានផង
20. ចំណែកខាងសំលៀកបំពាក់ទាំងប៉ុន្មាន និងអស់ទាំងរបស់ធ្វើពីស្បែក ព្រមទាំងរបស់ធ្វើពីរោមពពែ ហើយគ្រប់ទាំងរបស់ធ្វើពីឈើ នោះត្រូវឲ្យឯងរាល់គ្នាសំអាតដោយខ្លួនឯង។