ជនគណនា 31:7-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. គេ​ក៏​ច្បាំង​នឹង​សាសន៍​ម៉ាឌាន ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ ក៏​សំឡាប់​ពួក​ប្រុសៗ​ទាំង​អស់​ទៅ

8. ព្រម​ទាំង​សំឡាប់​ពួក​ស្តេច​សាសន៍​ម៉ាឌាន​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ត្រូវ​ស្លាប់​ទាំង​ប៉ុន្មាន​នោះ​ដែរ គឺ​អេវី​១ រេគេម​១ ស៊ើ​១ ហើយ​នឹង​រេបា​១ ជា​ស្តេច​សាសន៍​ម៉ាឌាន​ទាំង​៥​អង្គ ក៏​បាន​សំឡាប់​បាឡាម​ជា​កូន​បេអ៊រ​ដោយ​ដាវ​ដែរ

9. ពួក​កូន​ចៅ​អ៊ីស្រា‌អែល​គេ​ចាប់​យក​ពួក​ស្រីៗ​សាសន៍​ម៉ាឌាន និង​កូន​តូចៗ​ទាំង​ប៉ុន្មាន​នាំ​ទៅ​ជា​ឈ្លើយ ក៏​យក​ហ្វូង​គោ ហ្វូង​ចៀម និង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ទុក​ជា​របឹប​ដែរ

10. ឯ​អស់​ទាំង​ទី​ក្រុង និង​ផ្ទះ‌សំបែង ហើយ​អស់​ទាំង​ទី​ដំឡើង​ត្រសាល​ទាំង​ប៉ុន្មាន នោះ​គេ​ក៏​ដុត​ដោយ​ភ្លើង​ទៅ

11. រួច​យក​អស់​ទាំង​របឹប ព្រម​ទាំង​សត្វ និង​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​គេ​ចាប់​បាន​នោះ

12. ហើយ​នាំ​ពួក​ឈ្លើយ សត្វ​ទាំង​នោះ និង​របឹង​ទាំង​ប៉ុន្មាន​ទៅ​ប្រគល់​ដល់​ម៉ូសេ និង​អេលាសារ​ដ៏​ជា​សង្ឃ ព្រម​ទាំង​ដល់​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល នៅ​ត្រង់​ទី​ដំឡើង​ត្រសាល នា​ស្រុក​វាល​របស់​ម៉ូអាប់ ដែល​ជិត​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​យេរីខូរ។

13. នោះ​ម៉ូសេ អេលាសារ​ដ៏​ជា​សង្ឃ ហើយ​នឹង​ពួក​ដែល​ជា​កំពូល​លើ​ពួក​ជំនុំ​ទាំង​អស់ ក៏​នាំ​គ្នា​ចេញ​ទៅ​ទទួល​គេ នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល

14. ឯ​ម៉ូសេ​លោក​ខឹង​នឹង​ពួក​មេ‌ទ័ព គឺ​នឹង​ពួក​មេ​លើ​១​ពាន់​នាក់ ហើយ​នឹង​ពួក​មេ​លើ​១០០​នាក់ ដែល​មក​ពី​ច្បាំង​វិញ​នោះ

15. លោក​សួរ​គេ​ថា តើ​បាន​ទុក​ឲ្យ​ស្រីៗ​ទាំង​អស់​រស់​នៅ​ឬ​អី

16. មើល គឺ​វា​រាល់​គ្នា​ហើយ​ដែល​បាន​នាំ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ប្រព្រឹត្ត​រំលង ទាស់​នឹង​ព្រះ‌យេហូវ៉ា ពី​ដំណើរ​ពេអរ ដោយ‌សារ​សេចក្ដី​ទូន្មាន​របស់​បាឡាម ហើយ​យ៉ាង​នោះ ក៏​មាន​សេចក្ដី​វេទនា​កើត​ឡើង​ក្នុង​ពួក​ជំនុំ​នៃ​ព្រះ‌យេហូវ៉ា

17. ដូច្នេះ ចូរ​សំឡាប់​អស់​ទាំង​ប្រុសៗ​ក្នុង​ពួក​ក្មេង​ទាំង​ប៉ុន្មាន ព្រម​ទាំង​ស្រីៗ​ដែល​បាន​ស្គាល់​ប្រុស​ដោយ​រួម​ដំណេក​ហើយ ឥឡូវ​ទៅ

18. តែ​ឯ​ពួក​ក្មេង​ស្រីៗ ដែល​មិន​ទាន់​ស្គាល់​ប្រុស​ណា ដោយ​រួម​ដំណេក​នៅ​ឡើយ នោះ​ទុក​សំរាប់​ឯង​រាល់​គ្នា​វិញ​ចុះ

19. ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​អស់​៧​ថ្ងៃ ឯ​អស់​អ្នក​ណា​ដែល​បាន​សំឡាប់​គេ ឬ​បាន​ប៉ះពាល់​ខ្មោច​ណា នោះ​ត្រូវ​សំអាត​ខ្លួន​នៅ​ថ្ងៃ​ទី​៣ ហើយ​នៅ​ថ្ងៃ​ទី​៧​ទៀត គឺ​ទាំង​ឯង​រាល់​គ្នា ហើយ​នឹង​ពួក​ឈ្លើយ​ទាំង​ប៉ុន្មាន​ផង

ជនគណនា 31