ជនគណនា 31:36-54 ព្រះគម្ពីរបរិសុទ្ធ (KHOV)

36. ហើយ​ចំណែក​១ ដែល​បាន​ចែក​ឲ្យ​ពួក​អ្នក​ដែល​ចេញ​ទៅ​ច្បាំង នោះ​មាន​ចៀម​៣​សែន​៣​ម៉ឺន​៧​ពាន់​៥០០

37. ហើយ​ចៀម​ដែល​ជា​សួយ‌អាករ ទុក​សំរាប់​ព្រះ‌យេហូវ៉ា នោះ​មាន​៦៧៥

38. ឯ​គោ នោះ​គេ​បាន​៣​ម៉ឺន​៦​ពាន់ ហើយ​សួយ‌អាករ​ថ្វាយ​ព្រះ‌យេហូវ៉ា​បាន​៧២

39. ក្នុង​សត្វ​លា នោះ​គេ​បាន​៣​ម៉ឺន​៥០០ ហើយ​សួយ‌អាករ​ថ្វាយ​ព្រះ‌យេហូវ៉ា​បាន​៦១

40. ឯ​មនុស្ស នោះ​គេ​បាន​១​ម៉ឺន​៦​ពាន់​នាក់ ហើយ​សួយ‌អាករ​ថ្វាយ​ព្រះ‌យេហូវ៉ា​បាន​៣២​នាក់

41. ម៉ូសេ​ក៏​ប្រគល់​សួយ‌អាករ​ទាំង​នោះ ដែល​ជា​ដង្វាយ​លើក​ចុះ​ឡើង​របស់​ព្រះ‌យេហូវ៉ា ដល់​អេលាសារ​ដ៏​ជា​សង្ឃ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។

42. ឯ​១​ចំណែក​ទៀត ដែល​ត្រូវ​បាន​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គឺ​ជា​ចំណែក​ដែល​ម៉ូសេ​បាន​ហូត​យក​ពី​ពួក​អ្នក​ដែល​ទៅ​ច្បាំង

43. ឲ្យ​ដល់​ពួក​ជំនុំ​វិញ នោះ​មាន​ចៀម​៣​សែន​៣​ម៉ឺន​៧​ពាន់​៥០០

44. គោ​៣​ម៉ឺន​៦​ពាន់

45. សត្វ​លា​៣​ម៉ឺន​៥០០

46. ហើយ​មនុស្ស​១​ម៉ឺន​៦​ពាន់

47. ម៉ូសេ​ក៏​យក​១​ក្នុង​៥០ ទាំង​មនុស្ស​ទាំង​សត្វ ពី​ចំណែក​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នោះ ប្រគល់​ឲ្យ​ដល់​ពួក​លេវី ដែល​ថែ​រក្សា​បញ្ញើ​នៃ​រោង​ឧបោសថ​ផង​ព្រះ‌យេហូវ៉ា ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។

48. រួច​ពួក​ទ័ព​ដែល​ត្រួត​លើ​ពល‌ទ័ព​ទាំង​ពាន់ៗ គឺ​ជា​ពួក​មេ​លើ​១​ពាន់​នាក់ ហើយ​ពួក​មេ​លើ​១០០​នាក់ គេ​ក៏​នាំ​គ្នា​ចូល​មក​ឯ​ម៉ូសេ ជំរាប​ថា

49. យើង​ខ្ញុំ ជា​អ្នក​បំរើ​លោក បាន​រាប់​ពួក​ពល‌ទ័ព​ដែល​នៅ​ក្រោម​អំណាច​យើង​ខ្ញុំ​ទាំង​អស់​ហើយ ឥត​មាន​ខ្វះ​មនុស្ស​ណា​មួយ​ក្នុង​ពួក​យើង​ខ្ញុំ​ឡើយ

50. ហើយ​យើង​ខ្ញុំ​បាន​យក​ដង្វាយ​នេះ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ជា​របស់​ដែល​គ្រប់​គ្នា​ចាប់​យក​បាន គឺ​ជា​គ្រឿង​មាស ខ្សែ កង​ដៃ ចិញ្ចៀន កាវ ហើយ​នឹង​ខ្សែ​ក ដើម្បី​នឹង​ថ្វាយ​ឲ្យ​ធួន​នឹង​ជីវិត​យើង​ខ្ញុំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

51. ម៉ូសេ និង​អេលាសារ​ដ៏​ជា​សង្ឃ ក៏​ទទួល​យក​មាស​ទាំង​នោះ​ពី​គេ សុទ្ធ​តែ​ជា​គ្រឿង​រចនា​ទាំង​អស់

52. ឯ​មាស​ទាំង​អស់ ដែល​គេ​បាន​ថ្វាយ ដោយ​លើក​ចុះ​ឡើង​ដល់​ព្រះ‌យេហូវ៉ា គឺ​ដែល​ពួក​មេ​លើ​១​ពាន់​នាក់ និង​ពួក​មេ​លើ​១០០​នាក់​បាន​ថ្វាយ នោះ​មាន​ទំងន់​១​ម៉ឺន​៦​ពាន់​៧៥០​ដំឡឹង

53. ដ្បិត​ពួក​ទ័ព​បាន​ចាប់​យក​របស់​ទាំង​នោះ​ទុក​សំរាប់​ខ្លួន​គេ

54. ម៉ូសេ និង​អេលាសារ​ដ៏​ជា​សង្ឃ ក៏​ទទួល​យក​មាស​ទាំង​នោះ​ពី​ពួក​មេ​លើ​១​ពាន់​នាក់ ហើយ​ពី​ពួក​មេ​លើ​១០០​នាក់ ទៅ​ទុក​ដាក់​ក្នុង​ត្រសាល​ជំនុំ ទុក​ជា​សេចក្ដី​រំឭក សំរាប់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។

ជនគណនា 31