21. ឯអេលាសារដ៏ជាសង្ឃ លោកប្រាប់ដល់ពួកទ័ពដែលបានទៅច្បាំងថា នេះជាបញ្ញត្តច្បាប់ដែលព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេថា
22. ឯមាស ប្រាក់ លង្ហិន ដែក ស៊ីវិឡាត និងសំណ
23. គឺគ្រប់ទាំងធាតុអ្វីដែលធន់នៅនឹងភ្លើងបាន នោះត្រូវឲ្យឯងរាល់គ្នានាំយកទៅដុតភ្លើងសំអាតទៅ រួចនឹងបានស្អាត ប៉ុន្តែត្រូវឲ្យសំអាតនឹងទឹកដែលសំរាប់សំអាតដែរ ឯអស់ទាំងធាតុអ្វីដែលធន់នៅនឹងភ្លើងមិនបាន នោះត្រូវឲ្យលាងនឹងទឹកវិញ
24. ដល់ថ្ងៃទី៧ ត្រូវឲ្យឯងរាល់គ្នាបោកសំលៀកបំពាក់ខ្លួនចេញ នោះនឹងបានស្អាត រួចសឹមចូលមកក្នុងទីដំឡើងត្រសាលចុះ។
25. ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា
26. ចូរឲ្យឯង និងអេលាសារដ៏ជាសង្ឃ ហើយនឹងពួកមេក្នុងវង្សានុវង្សនៃពួកជំនុំរាប់ចំនួនរបឹប គឺទាំងមនុស្ស ហើយនឹងសត្វផង ដែលចាប់បាននោះ
27. រួចបែងចែករបឹបជា២ចំណែក ឲ្យដល់ពួកទាហានដែលបានទៅច្បាំង និងពួកជំនុំទាំងអស់គ្នា
28. ហើយត្រូវហូតយកសួយអាករពីពួកទាហានដែលបានទៅច្បាំងដែរ គឺ១ក្នុង៥០០ ទាំងមនុស្ស ទាំងគោ ទាំងលា ហើយនឹងចៀមផង ទុកសំរាប់ព្រះយេហូវ៉ា
29. ត្រូវឲ្យយកពីចំណែកនៃពួកទាហានប្រគល់ដល់អេលាសារដ៏ជាសង្ឃ ទុកជាដង្វាយលើកចុះឡើងថ្វាយព្រះយេហូវ៉ា
30. ឯចំណែករបស់ពួកកូនចៅអ៊ីស្រាអែល នោះត្រូវហូតយក១ភាគក្នុង៥០វិញ ទាំងមនុស្ស ទាំងគោ ទាំងលា ហើយនឹងចៀមផង គឺពីគ្រប់សត្វទាំងអស់ ប្រគល់ដល់ពួកលេវី ដែលថែរក្សាបញ្ញើនៃរោងឧបោសថផងព្រះយេហូវ៉ា
31. នោះម៉ូសេ និងអេលាសារ ដ៏ជាសង្ឃ ក៏ធ្វើដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
32. រីឯក្រៅពីរបស់អ្វីៗ ដែលពួកទាហានបានយក នោះរបឹបទាំងអស់មានចំនួនដូច្នេះ គឺចៀម៦សែន៧ម៉ឺន៥ពាន់