ជនគណនា 31:19-33 ព្រះគម្ពីរបរិសុទ្ធ (KHOV)

19. ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​អស់​៧​ថ្ងៃ ឯ​អស់​អ្នក​ណា​ដែល​បាន​សំឡាប់​គេ ឬ​បាន​ប៉ះពាល់​ខ្មោច​ណា នោះ​ត្រូវ​សំអាត​ខ្លួន​នៅ​ថ្ងៃ​ទី​៣ ហើយ​នៅ​ថ្ងៃ​ទី​៧​ទៀត គឺ​ទាំង​ឯង​រាល់​គ្នា ហើយ​នឹង​ពួក​ឈ្លើយ​ទាំង​ប៉ុន្មាន​ផង

20. ចំណែក​ខាង​សំលៀក‌បំពាក់​ទាំង​ប៉ុន្មាន និង​អស់​ទាំង​របស់​ធ្វើ​ពី​ស្បែក ព្រម​ទាំង​របស់​ធ្វើ​ពី​រោម​ពពែ ហើយ​គ្រប់​ទាំង​របស់​ធ្វើ​ពី​ឈើ នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​សំអាត​ដោយ​ខ្លួន​ឯង។

21. ឯ​អេលាសារ​ដ៏​ជា​សង្ឃ លោក​ប្រាប់​ដល់​ពួក​ទ័ព​ដែល​បាន​ទៅ​ច្បាំង​ថា នេះ​ជា​បញ្ញត្ត​ច្បាប់​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ​ថា

22. ឯ​មាស ប្រាក់ លង្ហិន ដែក ស៊ីវិឡាត និង​សំណ

23. គឺ​គ្រប់​ទាំង​ធាតុ​អ្វី​ដែល​ធន់​នៅ​នឹង​ភ្លើង​បាន នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​នាំ​យក​ទៅ​ដុត​ភ្លើង​សំអាត​ទៅ រួច​នឹង​បាន​ស្អាត ប៉ុន្តែ​ត្រូវ​ឲ្យ​សំអាត​នឹង​ទឹក​ដែល​សំរាប់​សំអាត​ដែរ ឯ​អស់​ទាំង​ធាតុ​អ្វី​ដែល​ធន់​នៅ​នឹង​ភ្លើង​មិន​បាន នោះ​ត្រូវ​ឲ្យ​លាង​នឹង​ទឹក​វិញ

24. ដល់​ថ្ងៃ​ទី​៧ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បោក​សំលៀក‌បំពាក់​ខ្លួន​ចេញ នោះ​នឹង​បាន​ស្អាត រួច​សឹម​ចូល​មក​ក្នុង​ទី​ដំឡើង​ត្រសាល​ចុះ។

25. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា

26. ចូរ​ឲ្យ​ឯង និង​អេលាសារ​ដ៏​ជា​សង្ឃ ហើយ​នឹង​ពួក​មេ​ក្នុង​វង្សា‌នុវង្ស​នៃ​ពួក​ជំនុំ​រាប់​ចំនួន​របឹប គឺ​ទាំង​មនុស្ស ហើយ​នឹង​សត្វ​ផង ដែល​ចាប់​បាន​នោះ

27. រួច​បែង​ចែក​របឹប​ជា​២​ចំណែក ឲ្យ​ដល់​ពួក​ទាហាន​ដែល​បាន​ទៅ​ច្បាំង និង​ពួក​ជំនុំ​ទាំង​អស់​គ្នា

28. ហើយ​ត្រូវ​ហូត​យក​សួយ‌អាករ​ពី​ពួក​ទាហាន​ដែល​បាន​ទៅ​ច្បាំង​ដែរ គឺ​១​ក្នុង​៥០០ ទាំង​មនុស្ស ទាំង​គោ ទាំង​លា ហើយ​នឹង​ចៀម​ផង ទុក​សំរាប់​ព្រះ‌យេហូវ៉ា

29. ត្រូវ​ឲ្យ​យក​ពី​ចំណែក​នៃ​ពួក​ទាហាន​ប្រគល់​ដល់​អេលាសារ​ដ៏​ជា​សង្ឃ ទុក​ជា​ដង្វាយ​លើក​ចុះ​ឡើង​ថ្វាយ​ព្រះ‌យេហូវ៉ា

30. ឯ​ចំណែក​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នោះ​ត្រូវ​ហូត​យក​១​ភាគ​ក្នុង​៥០​វិញ ទាំង​មនុស្ស ទាំង​គោ ទាំង​លា ហើយ​នឹង​ចៀម​ផង គឺ​ពី​គ្រប់​សត្វ​ទាំង​អស់ ប្រគល់​ដល់​ពួក​លេវី ដែល​ថែ​រក្សា​បញ្ញើ​នៃ​រោង​ឧបោសថ​ផង​ព្រះ‌យេហូវ៉ា

31. នោះ​ម៉ូសេ និង​អេលាសារ ដ៏​ជា​សង្ឃ ក៏​ធ្វើ​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។

32. រីឯ​ក្រៅ​ពី​របស់​អ្វីៗ ដែល​ពួក​ទាហាន​បាន​យក នោះ​របឹប​ទាំង​អស់​មាន​ចំនួន​ដូច្នេះ គឺ​ចៀម​៦​សែន​៧​ម៉ឺន​៥​ពាន់

33. និង​គោ​៧​ម៉ឺន​២​ពាន់

ជនគណនា 31