1. រួចម៉ូសេនិយាយនឹងពួកមេលើពូជអំបូរកូនចៅអ៊ីស្រាអែលទាំងប៉ុន្មានថា នេះជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មក
2. គឺបើបុរសណាបន់ដល់ព្រះយេហូវ៉ា ឬនឹងស្បថភ្ជាប់ខ្លួនដោយសម្បថណាមួយ អ្នកនោះមិនត្រូវក្បត់ពាក្យខ្លួនឡើយ គឺត្រូវតែធ្វើតាមសំដីរបស់ខ្លួនគ្រប់ចំពូក
3. ឯស្ត្រីវិញ បើកាលណាបន់ដល់ព្រះយេហូវ៉ា ទាំងភ្ជាប់ខ្លួនដោយសារបំណន់នោះ កំពុងដែលនៅក្មេងនៅក្នុងបន្ទុករបស់ឪពុកនៅឡើយ
4. ហើយឪពុកបានឮបំណន់នោះ និងសេចក្ដីដែលកូនបានបន់ភ្ជាប់ខ្លួនដែរ តែឥតមានថាអ្វីឲ្យទេ នោះបំណន់របស់នាងនឹងនៅជាយ៉ាងនោះទាំងអស់ ព្រមទាំងសេចក្ដីទាំងប៉ុន្មានដែលនាងបានបន់ភ្ជាប់ខ្លួនដែរ
5. តែបើឪពុកឃាត់នាងក្នុងថ្ងៃដែលបានឮ នោះបំណន់របស់នាង និងសេចក្ដីទាំងប៉ុន្មានដែលនាងបានភ្ជាប់ខ្លួន មិនបាននៅជាប់ទៀតទេ ហើយព្រះយេហូវ៉ាទ្រង់ក៏នឹងអត់ទោសឲ្យនាងដែរ ពីព្រោះឪពុកបានឃាត់ហាម។
6. បើនាងមានប្ដីក្នុងកាលដែលនៅជាប់បំណន់ ឬបានបន់ភ្ជាប់ខ្លួនដោយពាក្យណាដែលបានចេញពីមាត់ទៅឥតបើគិត
7. រួចប្ដីបានដឹង ហើយឥតមានថាអ្វីឲ្យ នោះបំណន់របស់នាងនឹងនៅជាប់ជាយ៉ាងនោះ ព្រមទាំងសេចក្ដីណាដែលនាងបានបន់ភ្ជាប់ខ្លួនដែរ
8. តែបើប្ដីបានឃាត់នាងក្នុងថ្ងៃដែលបានដឹង នោះគាត់បានផ្តាច់បំណន់នាងហើយ ព្រមទាំងសេចក្ដីដែលចេញពីមាត់នាងដោយឥតបើគិតនោះផង ហើយព្រះយេហូវ៉ាទ្រង់នឹងអត់ទោសឲ្យនាង។
9. តែឯសេចក្ដីណាដែលស្ត្រីមេម៉ាយ ឬស្ត្រីប្ដីលែងបានបន់ភ្ជាប់ខ្លួន នោះនឹងត្រូវនៅជាប់ជាដរាប
10. បើនាងនោះបានបន់បំណន់ ឬភ្ជាប់ខ្លួនដោយសារសម្បថណាមួយ ក្នុងកាលដែលនៅក្នុងបន្ទុកប្ដីនៅឡើយ
11. ហើយប្ដីបានដឹងតែមិនបានថាអ្វីឲ្យទេ ក៏មិនបានឃាត់ផង នោះអស់ទាំងបំណន់របស់នាងនឹងត្រូវនៅជាប់ជាយ៉ាងនោះ ព្រមទាំងសេចក្ដីណាដែលបានបន់ភ្ជាប់ខ្លួនដែរ
12. តែបើប្ដីនាងបានផ្តាច់បំណន់នោះចេញ ក្នុងថ្ងៃដែលគាត់បានដឹង នោះសេចក្ដីអ្វីដែលបានចេញពីមាត់នាង ពីដំណើរបំណន់នោះ ឬសេចក្ដីណាដែលនាងបានបន់ភ្ជាប់ខ្លួន នោះមិននៅជាប់ទៀតទេ ដ្បិតប្ដីបានផ្តាច់ហើយ ព្រះយេហូវ៉ាទ្រង់ក៏នឹងអត់ទោសឲ្យនាងដែរ។