40. ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា ចូររាប់អស់ទាំងកូនប្រុសច្បងក្នុងពួកកូនចៅអ៊ីស្រាអែល ចាប់តាំងពីអាយុ១ខែឡើងទៅលើ ឲ្យកំណត់រាប់ចំនួនឈ្មោះរបស់គេ
41. នោះត្រូវយកពួកលេវីសំរាប់អញ ដើម្បីស្នងអស់ទាំងកូនប្រុសច្បងនៃពួកកូនចៅអ៊ីស្រាអែល អញនេះជាព្រះយេហូវ៉ា ហើយនឹងហ្វូងសត្វរបស់ពួកលេវី ស្នងអស់ទាំងកូនច្បងនៃសត្វរបស់កូនចៅអ៊ីស្រាអែលដែរ
42. ដូច្នេះម៉ូសេក៏រាប់អស់ទាំងកូនប្រុសច្បង នៃពួកកូនចៅអ៊ីស្រាអែល ដូចជាព្រះយេហូវ៉ាទ្រង់បានបង្គាប់មក
43. ឯអស់ទាំងកូនប្រុសច្បង ដែលបានរាប់តាមចំនួនឈ្មោះរបស់គេ ចាប់តាំងពីអាយុ១ខែឡើងទៅលើ នោះមានចំនួន២ម៉ឺន២ពាន់២៧៣នាក់។
44. ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា
45. ចូរយកពួកលេវី ឲ្យស្នងអស់ទាំងកូនប្រុសច្បង ក្នុងពួកកូនចៅអ៊ីស្រាអែល ហើយហ្វូងសត្វពួកលេវី ឲ្យស្នងហ្វូងសត្វរបស់គេដែរ ឯពួកលេវី នោះត្រូវបានជារបស់ផងអញពិត អញនេះជាព្រះយេហូវ៉ា
46. ឯត្រង់មនុស្សទាំង២៧៣នាក់ ក្នុងពួកកូនប្រុសច្បង នៃពួកកូនចៅអ៊ីស្រាអែល ដែលលើសពីចំនួនពួកលេវី
47. នោះត្រូវឲ្យឯងយក៥រៀលក្នុងម្នាក់ៗ ដើម្បីនឹងលោះអ្នកទាំងនោះ ត្រូវយកតាមប្រាក់រៀល ដែលប្រើក្នុងទីបរិសុទ្ធ គឺ១រៀលត្រូវជា១០កាក់
48. ហើយប្រាក់សំរាប់លោះពួកអ្នក ដែលលើសជាងពួកលេវី នោះត្រូវឲ្យប្រគល់ដល់អើរ៉ុន និងពួកកូនលោកទៅ
49. ម៉ូសេក៏យកប្រាក់ ជាដំឡៃលោះខ្លួន ពីពួកអ្នកទាំងប៉ុន្មាន ដែលលើសពីចំនួនមនុស្សដែលបានលោះ ដោយពួកលេវីនោះហើយ
50. គឺបានយកប្រាក់នោះ ពីពួកកូនប្រុសច្បង ក្នុងពួកកូនចៅអ៊ីស្រាអែល បាន១ពាន់៣៦៥រៀល តាមប្រាក់រៀលដែលប្រើក្នុងទីបរិសុទ្ធ
51. រួចម៉ូសេប្រគល់ប្រាក់ដែលជាដំឡៃលោះនោះ ដល់អើរ៉ុន និងពួកកូនលោក តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដូចជាទ្រង់បានបង្គាប់មក។