34. ឯពួកគេដែលបានរាប់តាមចំនួនពួកប្រុសៗចាប់តាំងពីអាយុ១ខែឡើងទៅលើ នោះមានចំនួន៦ពាន់២០០នាក់
35. ហើយអ្នកដែលជាកំពូល លើពួកកូនចៅរបស់ឪពុកពួកម្រ៉ារី គឺស៊ូរីអែល ជាកូនអ័ប៊ីហែល គេត្រូវដំឡើងត្រសាល នៅខាងជើង ជាចំហៀងក្បែររោងឧបោសថ
36. រីឯបញ្ញើដែលផ្ញើទុកនឹងពួកកូនចៅម្រ៉ារី នោះគឺអស់ទាំងក្តារ និងរនុក ហើយសសរ និងជើងសសរទាំងប៉ុន្មាននៃរោងឧបោសថ ហើយប្រដាប់ប្រដា និងគ្រឿងទាំងប៉ុន្មានសំរាប់ការងារក្នុងរោងនោះ
37. ព្រមទាំងសសរទីលាននៅជុំវិញ ជើងសសរនោះ និងចំរ៉ឹងហើយខ្សែទាំងប៉ុន្មានផង។
38. ឯពួកអ្នកដែលត្រូវដំឡើងត្រសាល នៅខាងកើត ត្រង់ខាងមុខរោងឧបោសថ គឺនៅមុខត្រសាលជំនុំទិសខាងថ្ងៃរះ នោះគឺជាម៉ូសេ និងអើរ៉ុន ហើយនឹងពួកកូនលោក ដើម្បីនឹងរក្សាបញ្ញើនៃទីបរិសុទ្ធ ដែលផ្ញើទុកនឹងពួកកូនចៅអ៊ីស្រាអែល បើអ្នកដទៃណាដែលមកជិត នោះនឹងត្រូវសំឡាប់ចោល
39. ឯពួកលេវីទាំងអស់ ដែលម៉ូសេ និងអើរ៉ុនបានរាប់តាមបង្គាប់ព្រះយេហូវ៉ា តាមគ្រួសារគេ គឺគ្រប់ទាំងប្រុសៗ ចាប់តាំងពីអាយុ១ខែ ឡើងទៅលើ នោះមានចំនួន២ម៉ឺន២ពាន់នាក់។
40. ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា ចូររាប់អស់ទាំងកូនប្រុសច្បងក្នុងពួកកូនចៅអ៊ីស្រាអែល ចាប់តាំងពីអាយុ១ខែឡើងទៅលើ ឲ្យកំណត់រាប់ចំនួនឈ្មោះរបស់គេ
41. នោះត្រូវយកពួកលេវីសំរាប់អញ ដើម្បីស្នងអស់ទាំងកូនប្រុសច្បងនៃពួកកូនចៅអ៊ីស្រាអែល អញនេះជាព្រះយេហូវ៉ា ហើយនឹងហ្វូងសត្វរបស់ពួកលេវី ស្នងអស់ទាំងកូនច្បងនៃសត្វរបស់កូនចៅអ៊ីស្រាអែលដែរ
42. ដូច្នេះម៉ូសេក៏រាប់អស់ទាំងកូនប្រុសច្បង នៃពួកកូនចៅអ៊ីស្រាអែល ដូចជាព្រះយេហូវ៉ាទ្រង់បានបង្គាប់មក
43. ឯអស់ទាំងកូនប្រុសច្បង ដែលបានរាប់តាមចំនួនឈ្មោះរបស់គេ ចាប់តាំងពីអាយុ១ខែឡើងទៅលើ នោះមានចំនួន២ម៉ឺន២ពាន់២៧៣នាក់។
44. ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា
45. ចូរយកពួកលេវី ឲ្យស្នងអស់ទាំងកូនប្រុសច្បង ក្នុងពួកកូនចៅអ៊ីស្រាអែល ហើយហ្វូងសត្វពួកលេវី ឲ្យស្នងហ្វូងសត្វរបស់គេដែរ ឯពួកលេវី នោះត្រូវបានជារបស់ផងអញពិត អញនេះជាព្រះយេហូវ៉ា