3. នេះហើយជាឈ្មោះរបស់ពួកកូនអើរ៉ុន ដែលគេបានចាក់ប្រេងតាំងឡើងធ្វើជាសង្ឃ ហើយបានញែកចេញសំរាប់នឹងបំរើក្នុងការងារជាសង្ឃ
4. រីឯណាដាប និងអ័ប៊ីហ៊ូវ គេបានស្លាប់នៅចំពោះព្រះយេហូវ៉ា ក្នុងកាលដែលគេថ្វាយភ្លើងដទៃ នៅចំពោះព្រះយេហូវ៉ាត្រង់ទីរហោស្ថានស៊ីណាយទៅ គេឥតមានកូនទេ ឯអេលាសារ និងអ៊ីថាម៉ារ គេបានធ្វើការងារជាសង្ឃ នៅមុខអើរ៉ុន ជាឪពុកគេវិញ។
5. ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា
6. ចូរនាំពូជអំបូរលេវីមកឲ្យជិត ឲ្យគេបានឈរនៅចំពោះមុខអើរ៉ុនដ៏ជាសង្ឃ ដើម្បីនឹងបំរើដល់លោក
7. ត្រូវឲ្យគេរក្សាបញ្ញើរបស់លោក និងបញ្ញើរបស់ពួកជំនុំទាំងអស់គ្នា នៅមុខត្រសាលជំនុំ ដើម្បីនឹងធ្វើការងារដែលត្រូវខាងរោងឧបោសថ
8. ត្រូវឲ្យគេរក្សាអស់ទាំងប្រដាប់ប្រដា នៃត្រសាលជំនុំ ព្រមទាំងបញ្ញើរបស់ពួកកូនចៅអ៊ីស្រាអែលផង ដើម្បីនឹងធ្វើការងារ ដែលត្រូវខាងរោងឧបោសថ
9. ត្រូវឲ្យឯងប្រគល់ពួកលេវី ដល់អើរ៉ុន និងពួកកូនលោក ដ្បិតអញបានញែកគេចេញពីពួកកូនចៅអ៊ីស្រាអែល ឲ្យដាច់ទៅលោកហើយ
10. ត្រូវឲ្យឯងដំរូវឲ្យអើរ៉ុន និងពួកកូនលោក រក្សាការងារជាសង្ឃរបស់គេ ហើយអ្នកដទៃណាដែលចូលមកជិត នោះនឹងត្រូវសំឡាប់ចោល។
11. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
12. ឯអញមើល អញបានយកពួកលេវីចេញពីពួកកូនចៅអ៊ីស្រាអែល ស្នងអស់ទាំងកូនដែលកើតពីពោះម្តាយមកមុនគេបង្អស់ក្នុងពួកគេ បានជាពួកលេវីនោះ ត្រូវបានជារបស់ផងអញ
13. ដ្បិតអស់ទាំងកូនច្បងជារបស់ផងអញហើយ ពីព្រោះនៅថ្ងៃដែលអញបានវាយអស់ទាំងកូនច្បង នៅស្រុកអេស៊ីព្ទ នោះអញបានញែកអស់ទាំងកូនច្បង ក្នុងសាសន៍អ៊ីស្រាអែលចេញ ទុកសំរាប់អញ ទាំងមនុស្សហើយនឹងសត្វផង ទាំងអស់គ្នាត្រូវបានជារបស់ផងអញពិត អញនេះជាព្រះយេហូវ៉ា។
14. ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេ ត្រង់ទីរហោស្ថានស៊ីណាយថា
15. ចូររាប់ពួកកូនចៅលេវី តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ ត្រូវរាប់គ្រប់ទាំងកូនប្រុសៗ ចាប់តាំងពីអាយុ១ខែ ឡើងទៅលើ
16. ដូច្នេះម៉ូសេក៏រាប់គេ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដូចជាទ្រង់បានបង្គាប់មក។
17. នេះជាពួកកូនចៅរបស់លេវី តាមឈ្មោះគេ គឺគើសុន១ កេហាត់១ និងម្រ៉ារី១
18. ឯឈ្មោះពួកកូនរបស់គើសុន តាមគ្រួសារគេ គឺលិបនី១ និងស៊ីម៉ាយ១
19. ពួកកូនរបស់កេហាត់ តាមគ្រួសារគេ គឺអាំរ៉ាម១ យីតសារ១ ហេប្រុន១ និងអ៊ូស៊ាល១
20. ហើយពួកកូនរបស់ម្រ៉ារី តាមគ្រួសារគេ គឺម៉ាស់លី១ និងមូស៊ី១ នេះហើយជាគ្រួសារទាំងប៉ុន្មានរបស់ពួកលេវី តាមវង្សានុវង្សរបស់ឪពុកគេរៀងខ្លួន។
21. ដំណអំពីគើសុនមក នោះកើតមានគ្រួសារលិបនី និងគ្រួសារស៊ីម៉ាយ នេះហើយជាគ្រួសារទាំងប៉ុន្មានរបស់ពួកគើសុន
22. ឯពួកគេដែលបានរាប់តាមចំនួនពួកប្រុសៗចាប់តាំងពីអាយុ១ខែឡើងទៅលើ នោះមានចំនួន៧ពាន់៥០០នាក់