23. ចំណែកអស់ទាំងគ្រួសាររបស់ពួកគើសុន គេត្រូវដំឡើងត្រសាល នៅខាងលិច គឺខាងក្រោយរោងឧបោសថ
24. ហើយអ្នកដែលជាកំពូលលើពួកកូនចៅរបស់ឪពុកពួកគើសុននេះ គឺអេលាសាប់ជាកូនឡាអែល
25. រីឯបញ្ញើដែលផ្ញើទុកនឹងពួកកូនចៅគើសុន នៅក្នុងត្រសាលជំនុំ នោះគឺជារោងឧបោសថ ត្រសាល និងគំរប ហើយនឹងវាំងននដែលនៅមាត់ទ្វារត្រសាលជំនុំ
26. ព្រមទាំងរនាំងទីលាន និងរនាំងនៅមាត់ទ្វារទីលាន ដែលបាំងជុំវិញនៃរោងឧបោសថ និងអាសនា ហើយនឹងខ្សែទាំងប៉ុន្មានសំរាប់ប្រើការនោះដែរ។
27. ដំណអំពីកេហាត់មក នោះកើតមានគ្រួសារអាំរ៉ាម គ្រួសារយីតសារ គ្រួសារហេប្រុន និងគ្រួសារអ៊ូស៊ាល នេះហើយជាគ្រួសារទាំងប៉ុន្មានរបស់ពួកកេហាត់
28. តាមចំនួនពួកប្រុសៗ ចាប់តាំងពីអាយុ១ខែឡើងទៅលើ នោះមាន៨ពាន់៦០០នាក់ ជាអ្នករក្សាទីបរិសុទ្ធ
29. ចំណែកអស់ទាំងគ្រួសាររបស់ពួកកេហាត់ គេត្រូវដំឡើងត្រសាលខាងត្បូង ជាចំហៀងក្បែររោងឧបោសថ
30. ហើយអ្នកដែលជាកំពូលលើពួកកូនចៅ របស់ឪពុកពួកកេហាត់ គឺអេលីសាផាន ជាកូនអ៊ូស៊ាល
31. រីឯបញ្ញើដែលផ្ញើទុកនឹងគេ នោះគឺជាហឹបនៃសេចក្ដីបន្ទាល់ តុ ជើងចង្កៀង អាសនាទាំង២ និងប្រដាប់ប្រដាទាំងប៉ុន្មានសំរាប់ទីបរិសុទ្ធ ដែលគេប្រើធ្វើការងារ ព្រមទាំងវាំងនន និងប្រដាប់វាំងននទាំងប៉ុន្មានដែរ
32. ឯអេលាសារ ជាកូនអើរ៉ុនដ៏ជាសង្ឃ លោកនឹងធ្វើជាមេ នៃពួកអ្នកដែលជាកំពូលលើពួកលេវីទាំងប៉ុន្មាន ត្រូវឲ្យលោកត្រួតត្រាលើគេ ឲ្យគេបានរក្សាទីបរិសុទ្ធដែលផ្ញើទុកនឹងគេ។
33. ដំណអំពីម្រ៉ារីមក នោះកើតមានគ្រួសារម៉ាស់លី១ និងគ្រួសារមូស៊ី១ នេះហើយជាគ្រួសារទាំងប៉ុន្មានរបស់ពួកម្រ៉ារី
34. ឯពួកគេដែលបានរាប់តាមចំនួនពួកប្រុសៗចាប់តាំងពីអាយុ១ខែឡើងទៅលើ នោះមានចំនួន៦ពាន់២០០នាក់