9. នៅថ្ងៃឈប់សំរាក ត្រូវថ្វាយកូនចៀមឈ្មោល២ឥតខ្ចោះ អាយុ១ខួប ព្រមទាំងដង្វាយម្សៅយ៉ាងម៉ដ្ត២ខ្ញឹង លាយដោយប្រេង និងដង្វាយច្រួចផង
10. នេះជាដង្វាយដុត ដែលត្រូវថ្វាយរាល់តែថ្ងៃឈប់សំរាក លើសពីដង្វាយដុតដែលតែងតែថ្វាយជានិច្ច ព្រមទាំងដង្វាយច្រួចនោះផង។
11. ហើយនៅរាល់តែថ្ងៃដើមខែ នោះត្រូវឲ្យឯងថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ាដែរ គឺជាកូនគោឈ្មោល២ ចៀមឈ្មោល១ កូនចៀមឈ្មោល៧ឥតខ្ចោះអាយុ១ខួប
12. ព្រមទាំងម្សៅយ៉ាងម៉ដ្ត៣ខ្ញឹង លាយដោយប្រេង ទុកជាដង្វាយម្សៅ ដែលថ្វាយជាមួយនឹងគោ១ ហើយម្សៅយ៉ាងម៉ដ្ត២ខ្ញឹង លាយដោយប្រេង ទុកជាដង្វាយម្សៅ ដែលថ្វាយជាមួយនឹងចៀមឈ្មោល១
13. ហើយម្សៅយ៉ាងម៉ដ្ត១ខ្ញឹង លាយដោយប្រេង ទុកជាដង្វាយម្សៅដែលថ្វាយជាមួយនឹងកូនចៀម១ នេះជាដង្វាយដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
14. ហើយនឹងដង្វាយច្រួចផង គឺជាស្រាទំពាំងបាយជូរ៤កំប៉ុង សំរាប់គោ១ និង៣កំប៉ុងសំរាប់ចៀមឈ្មោល១ ហើយ២កំប៉ុងសំរាប់កូនចៀម១ នេះជាដង្វាយដែលត្រូវដុតថ្វាយ រាល់តែខែក្នុងឆ្នាំជានិច្ច
15. ហើយត្រូវថ្វាយពពែឈ្មោល១ដល់ព្រះយេហូវ៉ាទុកជាដង្វាយលោះបាប លើសពីដង្វាយ ដែលតែងដុតថ្វាយជានិច្ច និងដង្វាយច្រួចនោះផង។
16. លុះដល់១៤ខែចេត្រ នោះគឺជាថ្ងៃបុណ្យរំលងផងព្រះយេហូវ៉ា
17. ដល់ថ្ងៃ១៥ក្នុងខែនោះជាថ្ងៃបុណ្យដែរ ត្រូវឲ្យបរិភោគនំបុ័ងឥតដំបែរអស់៧ថ្ងៃ
18. នៅថ្ងៃដំបូងនោះត្រូវប្រជុំជំនុំបរិសុទ្ធ មិនត្រូវឲ្យឯងរាល់គ្នាធ្វើការរកស៊ីអ្វីឲ្យសោះ
19. ត្រូវថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ាវិញ គឺជាកូនគោឈ្មោល២ ចៀមឈ្មោល១ កូនចៀមឈ្មោល៧អាយុ១ខួប សុទ្ធតែជាសត្វឥតមានខ្ចោះ