1. ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
2. ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា នៅវេលាកំណត់ នោះត្រូវឲ្យឯងរាល់គ្នានឹកចាំនឹងថ្វាយដង្វាយដល់អញ គឺជាអាហាររបស់អញ ដែលសំរាប់ដុត ទុកជាក្លិនឈ្ងុយដល់អញ។
3. ត្រូវឲ្យឯងប្រាប់គេទៀតថា នេះជាដង្វាយដុតដែលឯងរាល់គ្នាថ្វាយដល់ព្រះយេហូវ៉ា គឺរាល់តែថ្ងៃត្រូវថ្វាយចៀមឈ្មោល២ឥតខ្ចោះ អាយុ១ខួប ទុកជាដង្វាយដុតជានិច្ច
4. ឯកូនចៀម១ ត្រូវថ្វាយនៅពេលព្រឹក ហើយ១ទៀតនៅពេលល្ងាច
5. ព្រមទាំងម្សៅយ៉ាងម៉ដ្ត១ខ្ញឹង លាយដោយប្រេងយ៉ាងសំរាំង២កំប៉ុង ទុកជាដង្វាយម្សៅ
6. នេះជាដង្វាយដុតជានិច្ច ដែលបានចាប់តាំងថ្វាយនៅភ្នំស៊ីណាយ ទុកជាដង្វាយដុត សំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
7. ហើយត្រូវថ្វាយដង្វាយច្រួចផង គឺជា២កំប៉ុងសំរាប់កូនចៀម១ ត្រូវច្រួចថ្វាយជាស្រាទំពាំងបាយជូរសុទ្ធដល់ព្រះយេហូវ៉ានៅក្នុងទីបរិសុទ្ធ
8. ឯកូនចៀម១ទៀត នោះត្រូវថ្វាយនៅពេលល្ងាច ព្រមទាំងដង្វាយម្សៅ និងដង្វាយច្រួច ដូចជានៅពេលព្រឹកដែរ ទុកជាដង្វាយដុត សំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
9. នៅថ្ងៃឈប់សំរាក ត្រូវថ្វាយកូនចៀមឈ្មោល២ឥតខ្ចោះ អាយុ១ខួប ព្រមទាំងដង្វាយម្សៅយ៉ាងម៉ដ្ត២ខ្ញឹង លាយដោយប្រេង និងដង្វាយច្រួចផង
10. នេះជាដង្វាយដុត ដែលត្រូវថ្វាយរាល់តែថ្ងៃឈប់សំរាក លើសពីដង្វាយដុតដែលតែងតែថ្វាយជានិច្ច ព្រមទាំងដង្វាយច្រួចនោះផង។
11. ហើយនៅរាល់តែថ្ងៃដើមខែ នោះត្រូវឲ្យឯងថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ាដែរ គឺជាកូនគោឈ្មោល២ ចៀមឈ្មោល១ កូនចៀមឈ្មោល៧ឥតខ្ចោះអាយុ១ខួប