1. ឯពួកកូនស្រីស្លូផិហាត ដែលជាកូនហេភើរៗ ជាកូនកាឡាតៗ ជាកូនម៉ាគារៗ ជាកូនម៉ាន៉ាសេ ក្នុងពួកគ្រួម៉ាន៉ាសេ ដែលគេជាកូនចៅយ៉ូសែប ឯកូនស្រីរបស់គាត់ទាំងនោះមានឈ្មោះដូច្នេះ គឺម័សឡា១ ណូហា១ ហុកឡា១ មីលកា១ និងធើសា១
2. គេក៏នាំគ្នាចូលមកឈរនៅចំពោះមុខម៉ូសេ និងអេលាសារដ៏ជាសង្ឃ ហើយនៅមុខអស់អ្នក ដែលជាកំពូល លើពួកជំនុំ ត្រង់មាត់ទ្វារត្រសាលជំនុំ ជំរាបថា
3. ឪពុកយើងខ្ញុំបានស្លាប់ទៅ នៅទីរហោស្ថាន គាត់មិនមែនជាពួកកូរេដែលលើកគ្នាទាស់នឹងព្រះយេហូវ៉ានោះទេ គឺគាត់បានស្លាប់ដោយព្រោះតែបាបរបស់ខ្លួនវិញ ហើយគាត់គ្មានកូនប្រុសសោះ
4. ហេតុអ្វីបានជាត្រូវឲ្យឈ្មោះឪពុកយើងខ្ញុំ បាត់ចេញពីពួកគ្រួគាត់ទៅ ដោយព្រោះតែគ្មានកូនប្រុសដូច្នេះ ហេតុនេះសូមឲ្យយើងខ្ញុំបានកេរអាករ នៅជាមួយនឹងបងប្អូនរបស់ឪពុកយើងខ្ញុំផង
5. នោះម៉ូសេក៏នាំយករឿងគេ ទៅទូលដល់ព្រះយេហូវ៉ា។
6. រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
7. ពួកកូនស្រីស្លូផិហាតបាននិយាយត្រូវ ដូច្នេះត្រូវចែកឲ្យគេមានកេរអាករនៅជាមួយនឹងពួកបងប្អូនរបស់ឪពុកគេផង ត្រូវឲ្យគេបានមរដករបស់ឪពុកគេចុះ
8. ត្រូវឲ្យឯងប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលដែរថា បើអ្នកណាស្លាប់ទៅឥតមានកូនប្រុស នោះត្រូវឲ្យឯងរាល់គ្នាចែកមរដករបស់អ្នកនោះដល់កូនស្រីគេទៅ
9. បើគ្មានកូនស្រីទេ នោះត្រូវឲ្យមរដកគេដល់បងប្អូនបង្កើត
10. បើគ្មានបងប្អូនបង្កើត នោះត្រូវឲ្យមរដកដល់បងប្អូនរបស់ឪពុកគេ
11. តែបើឪពុកគ្មានបងប្អូន នោះត្រូវឲ្យមរដកគេទៅអ្នកជិតដិតជាងក្នុងគ្រួគេ ឲ្យអ្នកនោះស៊ីវិញ សេចក្ដីនេះត្រូវទុកជាច្បាប់បញ្ញត្តដល់ពួកកូនចៅអ៊ីស្រាអែល ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
12. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរឲ្យឯងឡើងទៅលើភ្នំអាបារីមនេះ ហើយមើលទៅស្រុកដែលអញបានឲ្យដល់ពួកកូនចៅអ៊ីស្រាអែល
13. កាលណាឯងបានឃើញស្រុកនោះហើយ នោះឯងនឹងត្រូវប្រមូលទៅមូលនឹងពួកអយ្យកោឯង ដូចជាអើរ៉ុនបងឯងបានមូលទៅដែរ
14. ពីព្រោះឯងបានធ្វើទាស់ទទឹងនឹងពាក្យអញនៅត្រង់ទីរហោស្ថានស៊ីន ក្នុងកាលដែលពួកជំនុំរករឿងឈ្លោះ ឯងមិនបានលើកអញជាបរិសុទ្ធនៅចំពោះមុខគេ ត្រង់ទឹកហូរនោះឡើយ (គឺជាទឹកមេរីបា នៅស្រុកកាដេសក្នុងទីរហោស្ថានស៊ីន)។
15. នោះម៉ូសេទូលទៅព្រះយេហូវ៉ាថា