1. រីឯពួកអ៊ីស្រាអែលគេនៅស្រុកស៊ីទីម ហើយបណ្តាជនចាប់តាំងសហាយស្មន់ នឹងពួកកូនស្រីរបស់សាសន៍ម៉ូអាប់
2. ដ្បិតពួកនោះបានហៅបណ្តាជន ទៅឯការថ្វាយយញ្ញបូជាដល់ព្រះរបស់គេ ហើយសាសន៍អ៊ីស្រាអែលក៏បានបរិភោគ ព្រមទាំងក្រាបសំពះដល់ព្រះនៃសាសន៍ម៉ូអាប់នោះដែរ
3. គេចូលពួកខាងព្រះបាល-ពេអរ នោះសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ា ក៏ឆួលឡើងទាស់នឹងគេ
4. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរចាប់យកពួកមេនៃបណ្តាជនទាំងអស់ មកចងព្យួរហាលថ្ងៃនៅចំពោះព្រះយេហូវ៉ាទៅ ដើម្បីឲ្យសេចក្ដីខ្ញាល់ក្តៅរបស់ទ្រង់បានបែរពីពួកអ៊ីស្រាអែលចេញ
5. នោះម៉ូសេក៏ប្រាប់ដល់ពួកចៅក្រមនៃពួកអ៊ីស្រាអែលថា ចូរអ្នករាល់គ្នាសំឡាប់ពួករបស់ខ្លួន ដែលចូលពួកខាងព្រះបាល-ពេអរចេញទៅ។