8. ព្រះទ្រង់នាំគេចេញពីស្រុកអេស៊ីព្ទមក គេមានកំឡាំង ដូចជាកំឡាំងនៃសត្វរមាស គេនឹងស៊ីលេបសាសន៍ដទៃដែលជាខ្មាំងសត្រូវនឹងគេ ព្រមទាំងបំបាក់ឆ្អឹងឲ្យខ្ទេច ហើយបាញ់ទំលុះដោយព្រួញផង
9. គេបានក្រាប ក៏ដេកទៅដូចជាសិង្ហឈ្មោល ហើយដូចជាសិង្ហញីផង តើអ្នកណាហ៊ានដាស់គេឡើង មានពរហើយ អ្នកណាដែលឲ្យពរដល់ឯង តែអស់អ្នកណាដែលដាក់បណ្តាសាឯង នោះត្រូវបណ្តាសាវិញ។
10. នោះបាឡាក ទ្រង់មានសេចក្ដីខ្ញាល់ក្តៅឡើងដល់បាឡាម ក៏ទះព្រះហស្តសន្ធាប់ទៅបាឡាមថា អញបានហៅឯងមក ដើម្បីដាក់បណ្តាសាដល់ខ្មាំងសត្រូវអញ តែមើល ឯងបានឲ្យពរដល់គេ គ្រប់ទាំង៣ដងនេះវិញ
11. ដូច្នេះ ចូរឯងរត់ទៅកន្លែងឯងឥឡូវចុះ អញបានគិតនឹងលើកឯងឲ្យមានសក្តិយសជាធំ តែមើល ព្រះយេហូវ៉ាបានឃាត់មិនឲ្យឯងមានសក្តិយសទេ
12. នោះបាឡាមទូលឆ្លើយថា តើទូលបង្គំមិនបានប្រាប់ដល់ពួកអ្នកនាំសារដែលទ្រង់បានត្រាស់ប្រើ ឲ្យទៅឯទូលបង្គំទេឬអី ថា
13. ទោះបើព្រះរាជានឹងប្រទានមាស និងប្រាក់ ពេញដំណាក់ទ្រង់ ដល់ទូលបង្គំក៏ដោយ គង់តែទូលបង្គំពុំអាចនឹងរំលងបញ្ញត្តផងព្រះយេហូវ៉ា ដើម្បីនឹងធ្វើអំពើល្អ ឬអាក្រក់តាមចិត្តទៅបានឡើយ សេចក្ដីណាដែលព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូល គឺសេចក្ដីនោះឯង ដែលទូលបង្គំនឹងថ្លែងទៅ
14. មើល ទូលបង្គំត្រឡប់ទៅឯសាសន៍ទូលបង្គំឥឡូវនេះឯង សូមយាងមកនេះ ទូលបង្គំនឹងប្រកាសទូលទ្រង់ពីការដែលសាសន៍នេះ នឹងធ្វើដល់សាសន៍ទ្រង់នៅគ្រាជាន់ក្រោយ
15. រួចគាត់ចាប់តាំងបញ្ចេញព្រះបន្ទូល ដោយពាក្យថា នេះជាពាក្យរបស់បាឡាមជាកូនបេអ៊រ គឺជាពាក្យនៃមនុស្សដែលមើលឃើញច្បាស់
16. ជាពាក្យរបស់មនុស្សដែលឮព្រះបន្ទូលនៃព្រះ ជាអ្នកដែលស្គាល់គំនិតនៃព្រះដ៏ខ្ពស់បំផុត ហើយជាអ្នកដែលបានឃើញព្រះដ៏មានគ្រប់ព្រះចេស្តាក្នុងការជាក់ស្តែង ព្រមទាំងក្រាបចុះដោយមានភ្នែកបើកឡើង