8. តែធ្វើដូចម្តេចឲ្យខ្ញុំដាក់បណ្តាសាដល់អ្នកណា ដែលព្រះទ្រង់មិនបានដាក់បណ្តាសាទៅកើត ហើយធ្វើដូចម្តេចឲ្យខ្ញុំប្រកួតនឹងអ្នកណា ដែលព្រះយេហូវ៉ាមិនបានប្រកួតចំពោះគេបាន
9. ដ្បិតខ្ញុំបានឃើញគេពីលើកំពូលថ្មដា ខ្ញុំបានរំពឹងមើលគេពីលើភ្នំទាំងប៉ុន្មាន មើលសាសន៍នេះគេនៅតែដោយពួកគេទេ គេមិនបានរាប់បញ្ចូល ក្នុងនគរទាំងប៉ុន្មានឡើយ
10. តើអ្នកណានឹងរាប់ធូលីរបស់យ៉ាកុបបាន ឬរាប់ចំនួននៃសាសន៍អ៊ីស្រាអែល១ភាគក្នុង៤បាន សូមតែឲ្យខ្ញុំបានស្លាប់ដូចជាពួកសុចរិតនោះចុះ ហើយសូមឲ្យទីបំផុតនៃជីវិតរបស់ខ្ញុំបានដូចជាគេដែរ។
11. នោះបាឡាកទ្រង់មានព្រះបន្ទូលទៅបាឡាមថា តើឯងបានធ្វើយ៉ាងដូចម្តេចនឹងអញ គឺអញបាននាំឯងមកឲ្យដាក់បណ្តាសាដល់ពួកខ្មាំងសត្រូវរបស់អញ តែមើល ឯងបានឲ្យពរដល់គេវិញ
12. គាត់ទូលឆ្លើយថា តើមិនត្រូវឲ្យទូលបង្គំប្រយ័ត្ន នឹងនិយាយតែសេចក្ដី ដែលព្រះយេហូវ៉ាទ្រង់សំរេចនៅក្នុងមាត់ទូលបង្គំទេឬអី។
13. រួចបាឡាកមានព្រះបន្ទូលនឹងគាត់ថា ចូរមកជាមួយនឹងអញ ទៅឯកន្លែង១ទៀត ជាកន្លែងដែលល្មមឲ្យឯងមើលគេឃើញ ឯងនឹងឃើញតែពួកគេខាងចុងបង្អស់ ឥតឃើញទាំងអស់ទេ រួចចូរឯងដាក់បណ្តាសាគេពីទីនោះឲ្យអញ។
14. នោះទ្រង់នាំគាត់ទៅឯវាលសូភិម នៅលើភ្នំពីសកា ក៏ធ្វើអាសនា៧ ហើយថ្វាយគោ និងចៀមមួយៗនៅលើអាសនាទាំងនោះ
15. បាឡាមទូលទៅបាឡាកថា សូមទ្រង់ឈរនៅជិតដង្វាយទ្រង់នេះចុះ ចាំទូលបង្គំទៅជួបនឹងព្រះសិន
16. ព្រះយេហូវ៉ាទ្រង់ក៏យាងមកជួបនឹងបាឡាម ហើយដាក់ព្រះបន្ទូលទៅក្នុងមាត់គាត់ រួចប្រាប់ថា ចូរវិលត្រឡប់ទៅឯបាឡាកវិញចុះ ហើយត្រូវនិយាយដូច្នេះ
17. គាត់ក៏មកឯបាឡាក ឃើញទ្រង់កំពុងតែឈរនៅជិតដង្វាយរបស់ទ្រង់នៅឡើយ មានទាំងពួកមេនៃសាសន៍ម៉ូអាប់នៅជាមួយ រួចបាឡាកសួរថា តើព្រះយេហូវ៉ាមានព្រះបន្ទូលថាដូចម្តេច
18. នោះគាត់ចាប់តាំងបញ្ចេញព្រះបន្ទូលដោយពាក្យថា សូមឈរឡើង ព្រះរាជាអើយ សូមទ្រង់ស្តាប់សិន ឱបុត្រស៊ីបព័រអើយ សូមផ្ទៀងព្រះស្រោតស្តាប់ទូលបង្គំចុះ
19. ព្រះទ្រង់មិនមែនជាមនុស្ស ទ្រង់មិនចេះកុហកឡើយ ក៏មិនមែនជាកូនមនុស្សដែរ ទ្រង់មិនត្រូវការនឹងប្រែគំនិតទេ សេចក្ដីដែលទ្រង់មានវាចាហើយ តើទ្រង់មិនធ្វើតាមឬអី ឬសេចក្ដីដែលទ្រង់មានព្រះបន្ទូល តើមិនសំរេចតាមទេឬអី
20. មើល ទូលបង្គំបានទទួលបង្គាប់មកថា ត្រូវឲ្យពរ ព្រះទ្រង់ក៏បានឲ្យពរហើយ ដូច្នេះទូលបង្គំពុំអាចនឹងបំផ្លាស់ទៅបានទេ
21. ទ្រង់មិនបានឃើញជាពួកយ៉ាកុបមានសេចក្ដីទុច្ចរិតអ្វីទេ ក៏មិនឃើញជាមានសេចក្ដីអាក្រក់ណានៅក្នុងពួកអ៊ីស្រាអែលដែរ ព្រះយេហូវ៉ា ជាព្រះនៃគេ ទ្រង់គង់នៅជាមួយនឹងគេ ក៏មានឮសំរែកនៃស្តេចនៅកណ្តាលពួកគេ
22. ព្រះទ្រង់បាននាំគេចេញពីស្រុកអេស៊ីព្ទមក គេមានកំឡាំងបែបដូចជាកំឡាំងនៃសត្វរមាស
23. គ្មានមន្តវិជ្ជាការណានឹងដាក់ពួកយ៉ាកុប ឬអំពើអំពាន់ណាដាក់សាសន៍អ៊ីស្រាអែលត្រូវទេ លុះដល់កំណត់ នោះនឹងមានពាក្យដំណាលពីយ៉ាកុប ហើយពីអ៊ីស្រាអែលថា យីអើទ្រង់បានធ្វើអ្វីនេះហ្ន៎
24. មើល បណ្តាជននេះគេក្រោកឡើងដូចជាសិង្ហញី ក៏ឈរឡើងដូចជាសិង្ហឈ្មោល គេមិនដេកវិញទាល់តែបានស៊ីរំពាហើយ ព្រមទាំងផឹកឈាមនៃពួកដែលបានសំឡាប់ផង។
25. នោះបាឡាកមានព្រះបន្ទូលទៅបាឡាមថា បើមិនប្រទេចផ្តាសាគេទេ នោះក៏មិនត្រូវឲ្យពរគេដែរ