ជនគណនា 23:17-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. គាត់​ក៏​មក​ឯ​បាឡាក ឃើញ​ទ្រង់​កំពុង​តែ​ឈរ​នៅ​ជិត​ដង្វាយ​របស់​ទ្រង់​នៅ​ឡើយ មាន​ទាំង​ពួក​មេ​នៃ​សាសន៍​ម៉ូអាប់​នៅ​ជា​មួយ រួច​បាឡាក​សួរ​ថា តើ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា​ដូច​ម្តេច

18. នោះ​គាត់​ចាប់​តាំង​បញ្ចេញ​ព្រះ‌បន្ទូល​ដោយ​ពាក្យ​ថា សូម​ឈរ​ឡើង ព្រះ‌រាជា​អើយ សូម​ទ្រង់​ស្តាប់​សិន ឱ​បុត្រ​ស៊ីបព័រ​អើយ សូម​ផ្ទៀង​ព្រះ‌ស្រោត​ស្តាប់​ទូល‌បង្គំ​ចុះ

19. ព្រះ​ទ្រង់​មិន​មែន​ជា​មនុស្ស ទ្រង់​មិន​ចេះ​កុហក​ឡើយ ក៏​មិន​មែន​ជា​កូន​មនុស្ស​ដែរ ទ្រង់​មិន​ត្រូវ​ការ​នឹង​ប្រែ​គំនិត​ទេ សេចក្ដី​ដែល​ទ្រង់​មាន​វាចា​ហើយ តើ​ទ្រង់​មិន​ធ្វើ​តាម​ឬ​អី ឬ​សេចក្ដី​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល តើ​មិន​សំរេច​តាម​ទេ​ឬ​អី

20. មើល ទូល‌បង្គំ​បាន​ទទួល​បង្គាប់​មក​ថា ត្រូវ​ឲ្យ​ពរ ព្រះ​ទ្រង់​ក៏​បាន​ឲ្យ​ពរ​ហើយ ដូច្នេះ​ទូល‌បង្គំ​ពុំ​អាច​នឹង​បំផ្លាស់​ទៅ​បាន​ទេ

21. ទ្រង់​មិន​បាន​ឃើញ​ជា​ពួក​យ៉ាកុប​មាន​សេចក្ដី​ទុច្ចរិត​អ្វី​ទេ ក៏​មិន​ឃើញ​ជា​មាន​សេចក្ដី​អាក្រក់​ណា​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល​ដែរ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ ទ្រង់​គង់​នៅ​ជា​មួយ​នឹង​គេ ក៏​មាន​ឮ​សំរែក​នៃ​ស្តេច​នៅ​កណ្តាល​ពួក​គេ

22. ព្រះ​ទ្រង់​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​មាន​កំឡាំង​បែប​ដូច​ជា​កំឡាំង​នៃ​សត្វ​រមាស

23. គ្មាន​មន្ត​វិជ្ជា​ការ​ណា​នឹង​ដាក់​ពួក​យ៉ាកុប ឬ​អំពើ​អំពាន់​ណា​ដាក់​សាសន៍​អ៊ីស្រា‌អែល​ត្រូវ​ទេ លុះ​ដល់​កំណត់ នោះ​នឹង​មាន​ពាក្យ​ដំណាល​ពី​យ៉ាកុប ហើយ​ពី​អ៊ីស្រា‌អែល​ថា យី​អើ​ទ្រង់​បាន​ធ្វើ​អ្វី​នេះ​ហ្ន៎

24. មើល បណ្តា‌ជន​នេះ​គេ​ក្រោក​ឡើង​ដូច​ជា​សិង្ហ​ញី ក៏​ឈរ​ឡើង​ដូច​ជា​សិង្ហ​ឈ្មោល គេ​មិន​ដេក​វិញ​ទាល់​តែ​បាន​ស៊ី​រំពា​ហើយ ព្រម​ទាំង​ផឹក​ឈាម​នៃ​ពួក​ដែល​បាន​សំឡាប់​ផង។

25. នោះ​បាឡាក​មាន​ព្រះ‌បន្ទូល​ទៅ​បាឡាម​ថា បើ​មិន​ប្រទេច​ផ្តាសា​គេ​ទេ នោះ​ក៏​មិន​ត្រូវ​ឲ្យ​ពរ​គេ​ដែរ

26. តែ​បាឡាម​ទូល​ឆ្លើយ​ថា តើ​ទូល‌បង្គំ​មិន​បាន​ទូល​ទ្រង់​ទេ​ឬ​អី​ថា គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល នោះ​ទូល‌បង្គំ​ត្រូវ​តែ​ធ្វើ​តាម។

27. រួច​បាឡាក​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​បាឡាម​ថា ចូរ​មក អញ​នឹង​នាំ​ឯង​ទៅ​កន្លែង​១​ទៀត ប្រហែល​ជា​ព្រះ​នឹង​សព្វ​ព្រះ‌ហឫ‌ទ័យ ឲ្យ​ឯង​ដាក់​បណ្តាសា​ដល់​គេ​ពី​ទី​នោះ​ឲ្យ​អញ

28. បាឡាក​ក៏​នាំ​បាឡាម​ទៅ​លើ​កំពូល​ភ្នំ​ពេអរ ដែល​បែរ​ទៅ​ខាង​ឯ​ទី​រហោ‌ស្ថាន

29. នោះ​បាឡាម​ទូល​ទៅ​បាឡាក​ថា សូម​ទ្រង់​ធ្វើ​អាស‌នា​៧​នៅ​ទី​នេះ​ឲ្យ​ទូល‌បង្គំ ហើយ​សូម​រៀប​គោ​៧ និង​ចៀម​៧ ឲ្យ​ទូល‌បង្គំ​ទៀត

30. រួច​បាឡាក​ក៏​ធ្វើ​ដូច​ជា​បាឡាម​បាន​មាន​វាចា គឺ​បាន​ថ្វាយ​គោ និង​ចៀម​មួយៗ​នៅ​លើ​អាស‌នា​ទាំង​នោះ។

ជនគណនា 23