13. រួចបាឡាកមានព្រះបន្ទូលនឹងគាត់ថា ចូរមកជាមួយនឹងអញ ទៅឯកន្លែង១ទៀត ជាកន្លែងដែលល្មមឲ្យឯងមើលគេឃើញ ឯងនឹងឃើញតែពួកគេខាងចុងបង្អស់ ឥតឃើញទាំងអស់ទេ រួចចូរឯងដាក់បណ្តាសាគេពីទីនោះឲ្យអញ។
14. នោះទ្រង់នាំគាត់ទៅឯវាលសូភិម នៅលើភ្នំពីសកា ក៏ធ្វើអាសនា៧ ហើយថ្វាយគោ និងចៀមមួយៗនៅលើអាសនាទាំងនោះ
15. បាឡាមទូលទៅបាឡាកថា សូមទ្រង់ឈរនៅជិតដង្វាយទ្រង់នេះចុះ ចាំទូលបង្គំទៅជួបនឹងព្រះសិន
16. ព្រះយេហូវ៉ាទ្រង់ក៏យាងមកជួបនឹងបាឡាម ហើយដាក់ព្រះបន្ទូលទៅក្នុងមាត់គាត់ រួចប្រាប់ថា ចូរវិលត្រឡប់ទៅឯបាឡាកវិញចុះ ហើយត្រូវនិយាយដូច្នេះ
17. គាត់ក៏មកឯបាឡាក ឃើញទ្រង់កំពុងតែឈរនៅជិតដង្វាយរបស់ទ្រង់នៅឡើយ មានទាំងពួកមេនៃសាសន៍ម៉ូអាប់នៅជាមួយ រួចបាឡាកសួរថា តើព្រះយេហូវ៉ាមានព្រះបន្ទូលថាដូចម្តេច
18. នោះគាត់ចាប់តាំងបញ្ចេញព្រះបន្ទូលដោយពាក្យថា សូមឈរឡើង ព្រះរាជាអើយ សូមទ្រង់ស្តាប់សិន ឱបុត្រស៊ីបព័រអើយ សូមផ្ទៀងព្រះស្រោតស្តាប់ទូលបង្គំចុះ
19. ព្រះទ្រង់មិនមែនជាមនុស្ស ទ្រង់មិនចេះកុហកឡើយ ក៏មិនមែនជាកូនមនុស្សដែរ ទ្រង់មិនត្រូវការនឹងប្រែគំនិតទេ សេចក្ដីដែលទ្រង់មានវាចាហើយ តើទ្រង់មិនធ្វើតាមឬអី ឬសេចក្ដីដែលទ្រង់មានព្រះបន្ទូល តើមិនសំរេចតាមទេឬអី