1. នោះបាឡាមទូលទៅបាឡាកថា សូមទ្រង់ធ្វើអាសនា៧នៅទីនេះឲ្យទូលបង្គំ ហើយរៀបគោឈ្មោល៧ និងចៀមឈ្មោល៧ផង
2. បាឡាកទ្រង់ក៏ធ្វើដូចជាបាឡាមបានថា នោះបាឡាកហើយនឹងបាឡាមក៏ថ្វាយគោ និងចៀមមួយៗនៅលើអាសនាទាំងនោះ
3. រួចបាឡាមគាត់ទូលទៅបាឡាកថា សូមទ្រង់ឈរនៅជិតដង្វាយទ្រង់នេះចុះ ទូលបង្គំនឹងទៅ ប្រហែលជាព្រះយេហូវ៉ានឹងយាងមកជួបនឹងទូលបង្គំ បើសេចក្ដីណាដែលទ្រង់បង្ហាញមកទូលបង្គំ នោះទូលបង្គំនឹងនាំមកទូលដល់ទ្រង់ រួចគាត់ក៏ឡើងទៅឯទីខ្ពស់
4. ឯព្រះទ្រង់ក៏មកជួបនឹងបាឡាម រួចគាត់ទូលទ្រង់ថា ទូលបង្គំបានរៀបចំអាសនាទាំង៧ ហើយបានថ្វាយគោ និងចៀមមួយៗ នៅលើអាសនាទាំងនោះ
5. នោះព្រះយេហូវ៉ា ទ្រង់ដាក់ព្រះបន្ទូលនៅក្នុងមាត់បាឡាម ហើយប្រាប់ថា ចូរត្រឡប់ទៅឯបាឡាកវិញទៅ ហើយត្រូវនិយាយដូច្នេះ
6. គាត់ក៏ត្រឡប់ទៅឯបាឡាក ឃើញទ្រង់កំពុងតែឈរនៅជិតដង្វាយរបស់ទ្រង់នៅឡើយ មានអស់ទាំងមេរបស់សាសន៍ម៉ូអាប់នៅជាមួយ