31. នោះព្រះយេហូវ៉ាទ្រង់បើកបំភ្លឺភ្នែកបាឡាម ឲ្យឃើញទេវតានៃទ្រង់ ដែលឈរនៅត្រង់ផ្លូវ ទាំងកាន់ដាវហូតជាស្រេចនៅព្រះហស្ត រួចគាត់ឱនក្បាលទំលាក់ខ្លួនក្រាបចុះផ្កាប់មុខ
32. ទេវតានៃព្រះយេហូវ៉ាក៏សួរគាត់ថា ហេតុអ្វីបានជាឯងវាយលាដល់ទៅ៣ដងដូច្នេះ មើលអញបានចេញមកទាស់នឹងឯង ពីព្រោះឯងមានចិត្តវៀចនៅមុខអញ
33. លារបស់ឯងបានឃើញអញ ហើយបានងាកបែរចេញពីអញ៣ដងនេះហើយ បើវាមិនបានបែរចេញពីអញទេ នោះប្រាកដជាអញបានសំឡាប់ឯងហើយ តែទុកឲ្យវានៅរស់វិញ
34. នោះបាឡាមក៏ទូលទៅទេវតានៃព្រះយេហូវ៉ាថា ទូលបង្គំបានធ្វើបាបហើយ ពីព្រោះទូលបង្គំមិនបានដឹងជាទ្រង់ឈរនៅត្រង់ផ្លូវ ទាស់នឹងទូលបង្គំទេ ដូច្នេះបើដំណើរនេះមិនសព្វព្រះហឫទ័យដល់ទ្រង់ នោះទូលបង្គំនឹងត្រឡប់ទៅវិញឥឡូវ
35. តែទេវតានៃព្រះយេហូវ៉ាមានព្រះបន្ទូលតបថា ចូរទៅជាមួយនឹងគេចុះ ប៉ុន្តែត្រូវឲ្យឯងនិយាយតែពាក្យដែលអញប្រាប់ដល់ឯងប៉ុណ្ណោះ ដូច្នេះ បាឡាមក៏ទៅជាមួយនឹងពួកមេរបស់បាឡាកទៅ។
36. កាលបាឡាកឮថា បាឡាមមកដល់ហើយ នោះទ្រង់ក៏ចេញទៅទទួលដល់ទីក្រុង១នៃស្រុកម៉ូអាប់ ដែលនៅមាត់ស្ទឹងអើណូន ជាព្រំដែនឆ្ងាយបំផុត
37. បាឡាកមានព្រះបន្ទូលទៅបាឡាមថា តើអញមិនបានចាត់គេ ឲ្យទៅហៅឯងមកទេឬអី ហេតុអ្វីបានជាឯងមិនបានមកឯអញ តើអញមិនអាចនឹងលើកឯងឲ្យបានជាធំទេឬអី
38. បាឡាមក៏ទូលតបថា មើល ទូលបង្គំបានមកដល់ទ្រង់ហើយ តែឥឡូវនេះ តើទូលបង្គំមានអំណាចនឹងនិយាយអ្វីបាន ឯពាក្យណាដែលព្រះទ្រង់សំរេចនៅមាត់ទូលបង្គំ គឺពាក្យនោះដែលទូលបង្គំនឹងនិយាយវិញ
39. រួចបាឡាមក៏ទៅជាមួយនឹងបាឡាក ដល់ទៅគារយ៉ាត់-ហាសូត
40. នោះបាឡាកទ្រង់ថ្វាយគោ និងចៀមជាយញ្ញបូជា រួចផ្ញើទៅឲ្យបាឡាម និងពួកមេដែលនៅជាមួយនឹងគាត់។
41. ដល់ថ្ងៃស្អែក បាឡាកទ្រង់នាំយកបាឡាមឡើងទៅលើអស់ទាំងទីខ្ពស់របស់ផងព្រះបាល ហើយពីទីនោះគាត់ក៏ឃើញចុងបំផុតនៃពួកសាសន៍អ៊ីស្រាអែល។