ជនគណនា 22:20-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. នៅ​វេលា​យប់​នោះ ព្រះ​ទ្រង់​ក៏​មក​ឯ​បាឡាម​មាន​ព្រះ‌បន្ទូល​ថា បើ​គេ​បាន​មក​ហៅ​ឯង នោះ​ឲ្យ​ឯង​ក្រោក​ឡើង ទៅ​ជា​មួយ​នឹង​គេ​ចុះ ប៉ុន្តែ​ត្រូវ​ឲ្យ​ឯង​ធ្វើ​សំរេច​តាម​បង្គាប់​អញ​តែ​ប៉ុណ្ណោះ។

21. បាឡាម​ក៏​ក្រោក​ឡើង​ពី​ព្រលឹម បំពាក់​កែប​លើ​លា​របស់​ខ្លួន ចេញ​ទៅ​ជា​មួយ​នឹង​ពួក​មេ​នៃ​សាសន៍​ម៉ូអាប់

22. នោះ​សេចក្ដី​ខ្ញាល់​របស់​ព្រះ​ក៏​កាត់​ឡើង ដោយ​ព្រោះ​គាត់​ចេញ​ទៅ​ដូច្នោះ ហើយ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ឈរ​ក្នុង​ផ្លូវ ដើម្បី​ទាស់​ទទឹង​នឹង​គាត់ ឯង​គាត់ៗ​ជិះ​នៅ​លើ​លា មាន​ទាំង​អ្នក​បំរើ​២​នាក់​ទៅ​ជា​មួយ​ផង

23. លា​ក៏​ឃើញ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ឈរ​នៅ​ត្រង់​ផ្លូវ ទាំង​កាន់​ដាវ​ហូត​ជា​ស្រេច​នៅ​ព្រះ‌ហស្ត នោះ​លា​ក៏​បែរ​ចេញ​ពី​ផ្លូវ​ទៅ​តាម​វាល​ទៅ ឯ​បាឡាម​គាត់​វាយ​លា ដើម្បី​នឹង​ទាញ​ញាក់​មក​ក្នុង​ផ្លូវ​វិញ

24. នោះ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​ឈរ​នៅ​ត្រង់​ផ្លូវ​ច្រក នា​កណ្តាល​ចំការ​ទំពាំង‌បាយ‌ជូរ មាន​កំផែង​ថ្ម​នៅ​ជា​សង​ខាង

25. លា​ក៏​ឃើញ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ទៀត រួច​វា​ចូល​ទៅ​អែប​ត្បៀត​ខ្លួន​នឹង​កំផែង គាប​ជើង​បាឡាម​នឹង​ថ្ម នោះ​គាត់​វាយ​វា​ម្តង​ទៀត

26. រួច​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​ទៅ​ឈរ នៅ​ត្រង់​កន្លែង​ចង្អៀត​១​ទៀត ដែល​ឥត​មាន​ផ្លូវ​ណា នឹង​ងាក​បែរ​ទៅ ខាង​ឆ្វេង ឬ​ខាង​ស្តាំ​បាន​ឡើយ

27. លា​ក៏​ឃើញ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា រួច​វា​លុត​ជង្គង់​ក្រាប​ចុះ​ទាំង​បាឡាម​នៅ​លើ​ខ្នង នោះ​បាឡាម​ក៏​ខឹង​ក្តៅ​ឡើង ហើយ​វាយ​វា​នឹង​ឈើ​ច្រត់

28. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​បើក​មាត់​លា វា​ក៏​និយាយ​ទៅ​បាឡាម​ថា តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ដល់​លោក បាន​ជា​លោក​វាយ​ខ្ញុំ​៣​ដង​ហើយ​នេះ

29. បាឡាម​ឆ្លើយ​ទៅ​លា​ថា គឺ​ពី​ព្រោះ​ឯង​កៀច​នឹង​អញ​ណាស់ បើ‌សិន​ជា​អញ​មាន​ដាវ​នៅ​ដៃ​ឥឡូវ នោះ​អញ​នឹង​សំឡាប់​ឯង​ចោល​ហើយ

ជនគណនា 22