19. ដូច្នេះសូមឲ្យអ្នករាល់គ្នាដេកនៅទីនេះ១យប់សិនចុះ ដើម្បីឲ្យខ្ញុំបានដឹងថាព្រះយេហូវ៉ានឹងមានព្រះបន្ទូលមកខ្ញុំដូចម្តេចទៀត
20. នៅវេលាយប់នោះ ព្រះទ្រង់ក៏មកឯបាឡាមមានព្រះបន្ទូលថា បើគេបានមកហៅឯង នោះឲ្យឯងក្រោកឡើង ទៅជាមួយនឹងគេចុះ ប៉ុន្តែត្រូវឲ្យឯងធ្វើសំរេចតាមបង្គាប់អញតែប៉ុណ្ណោះ។
21. បាឡាមក៏ក្រោកឡើងពីព្រលឹម បំពាក់កែបលើលារបស់ខ្លួន ចេញទៅជាមួយនឹងពួកមេនៃសាសន៍ម៉ូអាប់
22. នោះសេចក្ដីខ្ញាល់របស់ព្រះក៏កាត់ឡើង ដោយព្រោះគាត់ចេញទៅដូច្នោះ ហើយទេវតានៃព្រះយេហូវ៉ាក៏មកឈរក្នុងផ្លូវ ដើម្បីទាស់ទទឹងនឹងគាត់ ឯងគាត់ៗជិះនៅលើលា មានទាំងអ្នកបំរើ២នាក់ទៅជាមួយផង
23. លាក៏ឃើញទេវតានៃព្រះយេហូវ៉ាឈរនៅត្រង់ផ្លូវ ទាំងកាន់ដាវហូតជាស្រេចនៅព្រះហស្ត នោះលាក៏បែរចេញពីផ្លូវទៅតាមវាលទៅ ឯបាឡាមគាត់វាយលា ដើម្បីនឹងទាញញាក់មកក្នុងផ្លូវវិញ
24. នោះទេវតានៃព្រះយេហូវ៉ាក៏ឈរនៅត្រង់ផ្លូវច្រក នាកណ្តាលចំការទំពាំងបាយជូរ មានកំផែងថ្មនៅជាសងខាង
25. លាក៏ឃើញទេវតានៃព្រះយេហូវ៉ាទៀត រួចវាចូលទៅអែបត្បៀតខ្លួននឹងកំផែង គាបជើងបាឡាមនឹងថ្ម នោះគាត់វាយវាម្តងទៀត
26. រួចទេវតានៃព្រះយេហូវ៉ាក៏ទៅឈរ នៅត្រង់កន្លែងចង្អៀត១ទៀត ដែលឥតមានផ្លូវណា នឹងងាកបែរទៅ ខាងឆ្វេង ឬខាងស្តាំបានឡើយ
27. លាក៏ឃើញទេវតានៃព្រះយេហូវ៉ា រួចវាលុតជង្គង់ក្រាបចុះទាំងបាឡាមនៅលើខ្នង នោះបាឡាមក៏ខឹងក្តៅឡើង ហើយវាយវានឹងឈើច្រត់
28. រួចព្រះយេហូវ៉ាទ្រង់បើកមាត់លា វាក៏និយាយទៅបាឡាមថា តើខ្ញុំបានធ្វើអ្វីដល់លោក បានជាលោកវាយខ្ញុំ៣ដងហើយនេះ
29. បាឡាមឆ្លើយទៅលាថា គឺពីព្រោះឯងកៀចនឹងអញណាស់ បើសិនជាអញមានដាវនៅដៃឥឡូវ នោះអញនឹងសំឡាប់ឯងចោលហើយ
30. សត្វលាតបថា តើខ្ញុំមិនមែនជាលារបស់លោក ដែលលោកបានជិះមកតាំងពីខ្ញុំជារបស់ផងលោក ដរាបដល់សព្វថ្ងៃនេះទេឬអី តើខ្ញុំដែលធ្លាប់ធ្វើយ៉ាងដូច្នេះ ចំពោះលោកដែរឬ នោះគាត់ឆ្លើយថា ទេ។