15. នោះបាឡាកក៏ចាត់ពួកមេជាច្រើនជាង ជាអ្នកមានសក្តិយសខ្ពស់ជាងអ្នកទាំងនោះ ឲ្យទៅទៀត
16. គេក៏មកដល់បាឡាមប្រាប់ថា បាឡាកជាបុត្រាស៊ីបព័រ ទ្រង់មានព្រះបន្ទូលដូច្នេះថា កុំឲ្យមានអ្វីឃាត់ឃាំងឯងមិនឲ្យទៅឯអញនោះឡើយ
17. ដ្បិតអញនឹងលើកឯងជាធំ ហើយការអ្វីៗដែលឯងប្រាប់ដល់អញ នោះអញនឹងធ្វើសំរេចតាម ដូច្នេះ ចូរទៅដាក់បណ្តាសាដល់សាសន៍នេះឲ្យអញ
18. តែបាឡាមប្រកែកទៅពួកមហាតលិករបស់បាឡាកថា បើសិនជាព្រះរាជានឹងប្រទានមាស ហើយនឹងប្រាក់ពេញដំណាក់ទ្រង់មកខ្ញុំ នោះគង់តែខ្ញុំពុំអាចនឹងរំលងបញ្ញត្តរបស់ព្រះយេហូវ៉ាជាព្រះនៃខ្ញុំ និងធ្វើការតិច ឬច្រើនទៅបានឡើយ
19. ដូច្នេះសូមឲ្យអ្នករាល់គ្នាដេកនៅទីនេះ១យប់សិនចុះ ដើម្បីឲ្យខ្ញុំបានដឹងថាព្រះយេហូវ៉ានឹងមានព្រះបន្ទូលមកខ្ញុំដូចម្តេចទៀត
20. នៅវេលាយប់នោះ ព្រះទ្រង់ក៏មកឯបាឡាមមានព្រះបន្ទូលថា បើគេបានមកហៅឯង នោះឲ្យឯងក្រោកឡើង ទៅជាមួយនឹងគេចុះ ប៉ុន្តែត្រូវឲ្យឯងធ្វើសំរេចតាមបង្គាប់អញតែប៉ុណ្ណោះ។
21. បាឡាមក៏ក្រោកឡើងពីព្រលឹម បំពាក់កែបលើលារបស់ខ្លួន ចេញទៅជាមួយនឹងពួកមេនៃសាសន៍ម៉ូអាប់
22. នោះសេចក្ដីខ្ញាល់របស់ព្រះក៏កាត់ឡើង ដោយព្រោះគាត់ចេញទៅដូច្នោះ ហើយទេវតានៃព្រះយេហូវ៉ាក៏មកឈរក្នុងផ្លូវ ដើម្បីទាស់ទទឹងនឹងគាត់ ឯងគាត់ៗជិះនៅលើលា មានទាំងអ្នកបំរើ២នាក់ទៅជាមួយផង
23. លាក៏ឃើញទេវតានៃព្រះយេហូវ៉ាឈរនៅត្រង់ផ្លូវ ទាំងកាន់ដាវហូតជាស្រេចនៅព្រះហស្ត នោះលាក៏បែរចេញពីផ្លូវទៅតាមវាលទៅ ឯបាឡាមគាត់វាយលា ដើម្បីនឹងទាញញាក់មកក្នុងផ្លូវវិញ
24. នោះទេវតានៃព្រះយេហូវ៉ាក៏ឈរនៅត្រង់ផ្លូវច្រក នាកណ្តាលចំការទំពាំងបាយជូរ មានកំផែងថ្មនៅជាសងខាង
25. លាក៏ឃើញទេវតានៃព្រះយេហូវ៉ាទៀត រួចវាចូលទៅអែបត្បៀតខ្លួននឹងកំផែង គាបជើងបាឡាមនឹងថ្ម នោះគាត់វាយវាម្តងទៀត