11. មើល សាសន៍នេះដែលចេញពីស្រុកអេស៊ីព្ទមក គេនៅដេរដាសពេញលើផែនដី ឥឡូវចូរឲ្យឯងមកដាក់បណ្តាសាគេឲ្យអញ ប្រហែលជាអញនឹងអាចច្បាំងជាមួយនឹងគេ ហើយបណ្តេញគេចេញទៅបាន
12. តែព្រះទ្រង់តបទៅបាឡាមវិញថា មិនត្រូវឲ្យឯងទៅមួយនឹងគេឡើយ ក៏មិនត្រូវដាក់បណ្តាសាដល់សាសន៍នេះផង ដ្បិតគេជាអ្នកមានពរហើយ
13. បាឡាមក៏ក្រោកឡើងពីព្រលឹម ប្រាប់ដល់ពួកមេ ដែលមកពីបាឡាកថា ចូរអ្នករាល់គ្នាត្រឡប់ទៅស្រុកវិញចុះ ដ្បិតព្រះយេហូវ៉ាទ្រង់មិនព្រមបើកឲ្យខ្ញុំទៅជាមួយទេ
14. ពួកមេសាសន៍ម៉ូអាប់ក៏ក្រោកវិលត្រឡប់ទៅឯបាឡាកវិញ ទូលថា បាឡាមមិនព្រមមកជាមួយនឹងយើងខ្ញុំទេ។
15. នោះបាឡាកក៏ចាត់ពួកមេជាច្រើនជាង ជាអ្នកមានសក្តិយសខ្ពស់ជាងអ្នកទាំងនោះ ឲ្យទៅទៀត
16. គេក៏មកដល់បាឡាមប្រាប់ថា បាឡាកជាបុត្រាស៊ីបព័រ ទ្រង់មានព្រះបន្ទូលដូច្នេះថា កុំឲ្យមានអ្វីឃាត់ឃាំងឯងមិនឲ្យទៅឯអញនោះឡើយ
17. ដ្បិតអញនឹងលើកឯងជាធំ ហើយការអ្វីៗដែលឯងប្រាប់ដល់អញ នោះអញនឹងធ្វើសំរេចតាម ដូច្នេះ ចូរទៅដាក់បណ្តាសាដល់សាសន៍នេះឲ្យអញ
18. តែបាឡាមប្រកែកទៅពួកមហាតលិករបស់បាឡាកថា បើសិនជាព្រះរាជានឹងប្រទានមាស ហើយនឹងប្រាក់ពេញដំណាក់ទ្រង់មកខ្ញុំ នោះគង់តែខ្ញុំពុំអាចនឹងរំលងបញ្ញត្តរបស់ព្រះយេហូវ៉ាជាព្រះនៃខ្ញុំ និងធ្វើការតិច ឬច្រើនទៅបានឡើយ
19. ដូច្នេះសូមឲ្យអ្នករាល់គ្នាដេកនៅទីនេះ១យប់សិនចុះ ដើម្បីឲ្យខ្ញុំបានដឹងថាព្រះយេហូវ៉ានឹងមានព្រះបន្ទូលមកខ្ញុំដូចម្តេចទៀត
20. នៅវេលាយប់នោះ ព្រះទ្រង់ក៏មកឯបាឡាមមានព្រះបន្ទូលថា បើគេបានមកហៅឯង នោះឲ្យឯងក្រោកឡើង ទៅជាមួយនឹងគេចុះ ប៉ុន្តែត្រូវឲ្យឯងធ្វើសំរេចតាមបង្គាប់អញតែប៉ុណ្ណោះ។