1. ពួកកូនចៅអ៊ីស្រាអែលក៏ធ្វើដំណើរទៅទៀត រួចដំឡើងត្រសាលនៅត្រង់វាលនៃស្រុកម៉ូអាប់ នៅត្រើយទន្លេយ័រដាន់ខាងនេះ ទល់មុខ និងយេរីខូរ។
2. រីឯបាឡាកជាបុត្រាស៊ីបព័រ ទ្រង់ក៏ឃើញអស់ទាំងការ ដែលពួកអ៊ីស្រាអែលបានធ្វើ ដល់សាសន៍អាម៉ូរី
3. ដូច្នេះ សាសន៍ម៉ូអាប់ក៏ភ័យខ្លាចជាខ្លាំង ហើយមានចិត្តស្រយុតរន្ធត់ នៅមុខពួកកូនចៅអ៊ីស្រាអែល ដោយព្រោះគេមានគ្នាច្រើន
4. នោះពួកម៉ូអាប់ក៏និយាយទៅពួកចាស់ទុំនៃសាសន៍ម៉ាឌានថា ឥឡូវពួកនេះនឹងស៊ីរំលីងរបស់ទាំងអស់នៅជុំវិញយើងរាល់គ្នាហើយ ដូចជាគោស៊ីរំលីងស្មៅខ្ចីនៅវាលដែរ រីឯគ្រានោះ បាឡាកជាបុត្រាស៊ីបព័រ ទ្រង់ធ្វើជាស្តេចលើសាសន៍ម៉ូអាប់
5. ទ្រង់ក៏ចាត់សារទៅឯបាឡាមជាកូនបេអ៊រ នៅក្រុងពេថោរ ដែលនៅមាត់ទន្លេ ដើម្បីនឹងហៅមកដោយពាក្យថា មើល មានសាសន៍១ចេញពីស្រុកអេស៊ីព្ទមក គេនៅដេរដាសពេញលើផែនដី ត្រង់ទល់មុខនឹងអញ
6. ដូច្នេះ ចូរឯងមកឥឡូវ ដើម្បីនឹងដាក់បណ្តាសាដល់សាសន៍នេះឲ្យអញ ដ្បិតគេខ្លាំងពូកែជាងអញណាស់ ប្រហែលជាអញនឹងឈ្នះគេបាន ហើយនឹងវាយបណ្តេញគេចេញពីស្រុកទៅ ដ្បិតអញដឹងថា អ្នកណាដែលឯងឲ្យពរ នោះបានពរមែន ហើយអ្នកណាដែលឯងដាក់បណ្តាសា នោះក៏ត្រូវបណ្តាសាពិត។
7. លំដាប់នោះ ពួកចាស់ទុំនៃសាសន៍ម៉ូអាប់ និងពួកចាស់ទុំនៃសាសន៍ម៉ាឌាន គេនាំយករង្វាន់ នៃការទំនាយចេញទៅ ក៏មកដល់បាឡាម ហើយរ៉ាយរ៉ាប់ប្រាប់តាមពាក្យរបស់បាឡាក
8. រួចគាត់ឆ្លើយថា សូមដេកនៅទីនេះ១យប់សិន នោះខ្ញុំនឹងឆ្លើយប្រាប់ដល់អ្នករាល់គ្នា តាមដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំ ដូច្នេះពួកមេនៃសាសន៍ម៉ូអាប់ ក៏ស្នាក់នៅជាមួយនឹងបាឡាម
9. នោះព្រះទ្រង់យាងមកឯបាឡាមសួរថា តើមនុស្សណានេះ ដែលនៅជាមួយនឹងឯង
10. បាឡាមទូលឆ្លើយថា បាឡាកជាបុត្រាស៊ីបព័រ ដែលជាស្តេចសាសន៍ម៉ូអាប់ បានចាត់គេមកហៅទូលបង្គំថា
11. មើល សាសន៍នេះដែលចេញពីស្រុកអេស៊ីព្ទមក គេនៅដេរដាសពេញលើផែនដី ឥឡូវចូរឲ្យឯងមកដាក់បណ្តាសាគេឲ្យអញ ប្រហែលជាអញនឹងអាចច្បាំងជាមួយនឹងគេ ហើយបណ្តេញគេចេញទៅបាន
12. តែព្រះទ្រង់តបទៅបាឡាមវិញថា មិនត្រូវឲ្យឯងទៅមួយនឹងគេឡើយ ក៏មិនត្រូវដាក់បណ្តាសាដល់សាសន៍នេះផង ដ្បិតគេជាអ្នកមានពរហើយ
13. បាឡាមក៏ក្រោកឡើងពីព្រលឹម ប្រាប់ដល់ពួកមេ ដែលមកពីបាឡាកថា ចូរអ្នករាល់គ្នាត្រឡប់ទៅស្រុកវិញចុះ ដ្បិតព្រះយេហូវ៉ាទ្រង់មិនព្រមបើកឲ្យខ្ញុំទៅជាមួយទេ
14. ពួកមេសាសន៍ម៉ូអាប់ក៏ក្រោកវិលត្រឡប់ទៅឯបាឡាកវិញ ទូលថា បាឡាមមិនព្រមមកជាមួយនឹងយើងខ្ញុំទេ។
15. នោះបាឡាកក៏ចាត់ពួកមេជាច្រើនជាង ជាអ្នកមានសក្តិយសខ្ពស់ជាងអ្នកទាំងនោះ ឲ្យទៅទៀត
16. គេក៏មកដល់បាឡាមប្រាប់ថា បាឡាកជាបុត្រាស៊ីបព័រ ទ្រង់មានព្រះបន្ទូលដូច្នេះថា កុំឲ្យមានអ្វីឃាត់ឃាំងឯងមិនឲ្យទៅឯអញនោះឡើយ
17. ដ្បិតអញនឹងលើកឯងជាធំ ហើយការអ្វីៗដែលឯងប្រាប់ដល់អញ នោះអញនឹងធ្វើសំរេចតាម ដូច្នេះ ចូរទៅដាក់បណ្តាសាដល់សាសន៍នេះឲ្យអញ
18. តែបាឡាមប្រកែកទៅពួកមហាតលិករបស់បាឡាកថា បើសិនជាព្រះរាជានឹងប្រទានមាស ហើយនឹងប្រាក់ពេញដំណាក់ទ្រង់មកខ្ញុំ នោះគង់តែខ្ញុំពុំអាចនឹងរំលងបញ្ញត្តរបស់ព្រះយេហូវ៉ាជាព្រះនៃខ្ញុំ និងធ្វើការតិច ឬច្រើនទៅបានឡើយ