6. នោះព្រះយេហូវ៉ាទ្រង់ចាត់ពស់ភ្លើងមកកណ្តាលពួកជន ពស់ទាំងនោះក៏ចឹកគេ ហើយមានមនុស្សស្លាប់ជាច្រើន
7. បណ្តាជនទាំងឡាយក៏មកឯម៉ូសេ ជំរាបថា យើងរាល់គ្នាបានធ្វើបាបហើយ ដ្បិតបាននិយាយទាស់នឹងព្រះយេហូវ៉ា ហើយទាស់នឹងលោកដែរ ដូច្នេះ សូមលោកអធិស្ឋានដល់ព្រះយេហូវ៉ាផង សូមទ្រង់បន្ថយពស់ទាំងនេះចេញពីយើងរាល់គ្នាទៅ នោះម៉ូសេក៏អធិស្ឋានឲ្យគេ
8. ហើយព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកម៉ូសេថា ចូរធ្វើពស់ភ្លើង១ ភ្ជាប់នៅលើបង្គោលទៅ ដើម្បីកាលណាអស់អ្នកដែលត្រូវពស់ចឹក គេក្រឡេកមើលទៅឃើញ នោះនឹងបានរស់នៅ
9. ម៉ូសេក៏ធ្វើរូបពស់១ពីលង្ហិន ដាក់ភ្ជាប់នៅលើបង្គោលនោះ ដូច្នេះ កាលណាមានពស់ចឹកមនុស្សណា បើអ្នកនោះគ្រាន់តែក្រឡេកមើលទៅរូបពស់លង្ហិននោះ ក៏បានរស់វិញ។
10. ពួកកូនចៅអ៊ីស្រាអែលក៏ធ្វើដំណើរទៅ ដំឡើងត្រសាលនៅត្រង់អូបូត
11. រួចគេចេញពីអូបូត ទៅដំឡើងត្រសាលនៅត្រង់អ៊ីយេ-អាបារីម ក្នុងទីរហោស្ថាន ដែលជាប់ព្រំដែនខាងកើតនៃស្រុកម៉ូអាប់
12. ពីទីនោះ គេក៏ធ្វើដំណើរដើរទៅដំឡើងត្រសាល នៅត្រង់ច្រកភ្នំសេរេត
13. ហើយចេញពីទីនោះ ដើរទៅដំឡើងត្រសាលឯត្រើយស្ទឹងអើណូនម្ខាង ជាស្ទឹងដែលហូរពីព្រំស្រុកអាម៉ូរីមកតាមទីរហោស្ថាន ដ្បិតស្ទឹងអើណូនជាព្រំដែននៃស្រុកម៉ូអាប់នៅជាកណ្តាលស្រុកម៉ូអាប់ និងស្រុកអាម៉ូរី
14. ហេតុនោះបានជាមានពាក្យដំណាលក្នុងសៀវភៅ ដែលនិទានពីចំបាំងផងព្រះយេហូវ៉ាថា «ការដែលទ្រង់ធ្វើនៅក្នុងស៊ូផា ហើយនៅច្រកភ្នំអើណូន
15. គឺនៅជំរាលភ្នំដែលជ្រាលទៅខាងទីលំនៅអើរ ហើយក៏ជាប់នឹងព្រំស្រុកម៉ូអាប់»
16. ពីទីនោះ គេមកដល់ប្អៀរ គឺជាអណ្តូង ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលនឹងម៉ូសេថា ចូរប្រមូលពួកបណ្តាជនឲ្យជុំគ្នា នោះអញនឹងឲ្យទឹកគេផឹក
17. រួចពួកអ៊ីស្រាអែលគេក៏ច្រៀងទំនុកនេះថា «ឲ្យផុសឡើង អណ្តូងអើយ ចូរច្រៀងសរសើរអណ្តូងនេះចុះ
18. ជាអណ្តូងដែលពួកចៅហ្វាយបានជីក ហើយពួកអ្នកមានត្រកូលខ្ពស់បានជីកនឹងជ្រនីកគេ តាមច្បាប់បញ្ញត្ត» រួចពីទីរហោស្ថាននោះ គេក៏មកដល់ម៉ាថាណា
19. ពីម៉ាថាណាទៅដល់ណាហាលាល ពីណាហាលាលទៅដល់បាម៉ូត
20. ហើយពីបាម៉ូត ដែលនៅក្នុងច្រកភ្នំនៅស្រុកម៉ូអាប់ ក៏ទៅដល់កំពូលភ្នំពីសកា ដែលបែរទៅខាងទីរហោស្ថាន។
21. នោះសាសន៍អ៊ីស្រាអែលគេចាត់សារទៅឯស៊ីហុនជាស្តេចសាសន៍អាម៉ូរីថា
22. សូមឲ្យយើងខ្ញុំដើរកាត់ស្រុកទ្រង់ផង យើងខ្ញុំនឹងមិនងាកបែរទៅក្នុងស្រែ ឬចំការទេ ក៏មិនផឹកទឹកអណ្តូងដែរ យើងខ្ញុំនឹងដើរតាមតែថ្នល់ធំរបស់ស្តេចប៉ុណ្ណោះ រហូតដល់បានហួសផុតពីដែនស្រុកទ្រង់ទៅ
23. តែស៊ីហុនមិនព្រមឲ្យសាសន៍អ៊ីស្រាអែលដើរកាត់ព្រំស្រុកទ្រង់ទេ គឺទ្រង់បានប្រមូលពួកជនទាំងអស់ ចេញទៅឯទីរហោស្ថានទាស់នឹងពួកអ៊ីស្រាអែលវិញ ក៏ច្បាំងវាយពួកអ៊ីស្រាអែលនៅត្រង់យ៉ាហាស់