25. ពួកអ៊ីស្រាអែលក៏វាយយកអស់ទាំងទីក្រុងរបស់ពួកសាសន៍អាម៉ូរី ហើយអាស្រ័យនៅក្នុងទីក្រុងទាំងនោះ គឺក្នុងក្រុងហែសបូន និងតំបន់ទាំងប៉ុន្មាននៅជុំវិញទីក្រុងនោះ
26. ឯហែសបូននេះ ជាទីក្រុងនៃស៊ីហុនជាស្តេចសាសន៍អាម៉ូរី ដែលបានច្បាំងនឹងស្តេចសាសន៍ម៉ូអាប់ ជាស្តេចពីមុន ហើយចាប់យកអស់ទាំងស្រុកពីកណ្តាប់ដៃនៃស្តេចនោះ រហូតដល់ស្ទឹងអើណូន
27. ហេតុនោះបានជាគេតែងនិយាយ ដោយពាក្យសុភាសិតថា «ចូរមកក្នុងហែសបូន ឲ្យទីក្រុងរបស់ស៊ីហុនបានសង់ឡើង ហើយរៀបជាស្រេចផង
28. ដ្បិតមានភ្លើងចេញពីហែសបូនមក គឺជាអណ្តាតភ្លើងពីទីក្រុងរបស់ស៊ីហុន ភ្លើងនោះបានឆេះក្រុងអើរ របស់ស្រុកម៉ូអាប់ ព្រមទាំងពួកម្ចាស់ទីខ្ពស់របស់ស្ទឹងអើណូន
29. វេទនាដល់ឯង ម៉ូអាប់អើយ ឱពួកព្រះកេម៉ូសអើយ ឯងរាល់គ្នាត្រូវវិនាសហើយ ដ្បិតព្រះនៃឯងបានបញ្ជូនពួកកូនប្រុសរបស់ខ្លួន ឲ្យត្រូវរត់ និងពួកកូនស្រីឲ្យទៅជាឈ្លើយ ដល់ស៊ីហុនជាស្តេចសាសន៍អាម៉ូរី
30. យើងបានបាញ់តាមគេ ហែសបូនត្រូវវិនាសទៅ រហូតដល់ឌីបូន យើងក៏បានរំលាងស្រុករហូតដល់ណូផា គឺទៅដល់មេឌីបាផង»
31. ដូច្នេះពួកអ៊ីស្រាអែលបាននៅក្នុងស្រុករបស់សាសន៍អាម៉ូរីនោះ
32. រួចម៉ូសេចាត់គេទៅសង្កេតមើលឯក្រុងយ៉ាស៊ើ គេក៏ចាប់យកអស់ទាំងតំបន់នៅជុំវិញ ព្រមទាំងបណ្តេញសាសន៍អាម៉ូរី ដែលនៅស្រុកនោះ ឲ្យចេញទៅផង។
33. រួចគេបែរឡើងទៅតាមផ្លូវស្រុកបាសានវិញ នោះអុកជាស្តេចស្រុកបាសាន ព្រមទាំងពួកជនរបស់ទ្រង់ក៏លើកគ្នាចេញមកទាស់នឹងគេ ហើយច្បាំងគ្នានៅត្រង់អេទ្រី
34. នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា កុំឲ្យខ្លាចគេឡើយ ដ្បិតអញបានប្រគល់ស្តេចនេះមកក្នុងកណ្តាប់ដៃឯងហើយ ព្រមទាំងរាស្ត្រ និងស្រុករបស់ទ្រង់ផង ត្រូវឲ្យឯងធ្វើដល់គេ ដូចជាឯងបានធ្វើដល់ស៊ីហុន ជាស្តេចសាសន៍អាម៉ូរី ដែលនៅហែសបូននោះដែរ
35. ដូច្នេះ គេក៏វាយស្តេចនោះ ព្រមទាំងកូនចៅ និងសាស្ត្រទ្រង់ផង ទាល់តែគ្មានសល់១ឡើយ ហើយគេចាប់យកស្រុករបស់ទ្រង់ដែរ។