13. ហើយចេញពីទីនោះ ដើរទៅដំឡើងត្រសាលឯត្រើយស្ទឹងអើណូនម្ខាង ជាស្ទឹងដែលហូរពីព្រំស្រុកអាម៉ូរីមកតាមទីរហោស្ថាន ដ្បិតស្ទឹងអើណូនជាព្រំដែននៃស្រុកម៉ូអាប់នៅជាកណ្តាលស្រុកម៉ូអាប់ និងស្រុកអាម៉ូរី
14. ហេតុនោះបានជាមានពាក្យដំណាលក្នុងសៀវភៅ ដែលនិទានពីចំបាំងផងព្រះយេហូវ៉ាថា «ការដែលទ្រង់ធ្វើនៅក្នុងស៊ូផា ហើយនៅច្រកភ្នំអើណូន
15. គឺនៅជំរាលភ្នំដែលជ្រាលទៅខាងទីលំនៅអើរ ហើយក៏ជាប់នឹងព្រំស្រុកម៉ូអាប់»
16. ពីទីនោះ គេមកដល់ប្អៀរ គឺជាអណ្តូង ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលនឹងម៉ូសេថា ចូរប្រមូលពួកបណ្តាជនឲ្យជុំគ្នា នោះអញនឹងឲ្យទឹកគេផឹក
17. រួចពួកអ៊ីស្រាអែលគេក៏ច្រៀងទំនុកនេះថា «ឲ្យផុសឡើង អណ្តូងអើយ ចូរច្រៀងសរសើរអណ្តូងនេះចុះ
18. ជាអណ្តូងដែលពួកចៅហ្វាយបានជីក ហើយពួកអ្នកមានត្រកូលខ្ពស់បានជីកនឹងជ្រនីកគេ តាមច្បាប់បញ្ញត្ត» រួចពីទីរហោស្ថាននោះ គេក៏មកដល់ម៉ាថាណា
19. ពីម៉ាថាណាទៅដល់ណាហាលាល ពីណាហាលាលទៅដល់បាម៉ូត
20. ហើយពីបាម៉ូត ដែលនៅក្នុងច្រកភ្នំនៅស្រុកម៉ូអាប់ ក៏ទៅដល់កំពូលភ្នំពីសកា ដែលបែរទៅខាងទីរហោស្ថាន។
21. នោះសាសន៍អ៊ីស្រាអែលគេចាត់សារទៅឯស៊ីហុនជាស្តេចសាសន៍អាម៉ូរីថា
22. សូមឲ្យយើងខ្ញុំដើរកាត់ស្រុកទ្រង់ផង យើងខ្ញុំនឹងមិនងាកបែរទៅក្នុងស្រែ ឬចំការទេ ក៏មិនផឹកទឹកអណ្តូងដែរ យើងខ្ញុំនឹងដើរតាមតែថ្នល់ធំរបស់ស្តេចប៉ុណ្ណោះ រហូតដល់បានហួសផុតពីដែនស្រុកទ្រង់ទៅ
23. តែស៊ីហុនមិនព្រមឲ្យសាសន៍អ៊ីស្រាអែលដើរកាត់ព្រំស្រុកទ្រង់ទេ គឺទ្រង់បានប្រមូលពួកជនទាំងអស់ ចេញទៅឯទីរហោស្ថានទាស់នឹងពួកអ៊ីស្រាអែលវិញ ក៏ច្បាំងវាយពួកអ៊ីស្រាអែលនៅត្រង់យ៉ាហាស់