ជនគណនា 20:14-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. ម៉ូសេ​ក៏​ចាត់​សារ​ពី​កាដេស​ទៅ​ឯ​ស្តេច​ស្រុក​អេដំម​ទូល​ថា អ៊ីស្រា‌អែល​ជា​ប្អូន​ទ្រង់​មាន​វាចា​ដូច្នេះ​ថា ទ្រង់​ជ្រាប​ចំពោះ​ការ​នឿយ‌ហត់ ដែល​កើត​មក​ដល់​យើង​ខ្ញុំ​រាល់​គ្នា​ហើយ

15. គឺ​ដែល​ពួក​អយ្យកោ​យើង​ខ្ញុំ​បាន​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​យើង​ខ្ញុំ​ក៏​បាន​នៅ​ស្រុក​នោះ​ជា​យូរ​ឆ្នាំ​ដែរ ឯ​ពួក​សាសន៍​អេស៊ីព្ទ​គេ​បាន​ធ្វើ​បាប​ដល់​យើង​ខ្ញុំ និង​ពួក​អយ្យកោ​យើង​ខ្ញុំ​ផង

16. តែ​កាល​យើង​ខ្ញុំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​ក៏​ឮ​សំឡេង​យើង​ខ្ញុំ ហើយ​ទ្រង់​ចាត់​ទេវតា​១​មក នាំ​យើង​ខ្ញុំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ឥឡូវ​នេះ មើល យើង​ខ្ញុំ​នៅ​ត្រង់​កាដេស ជា​ទី​ក្រុង​នៅ​ចុង​ព្រំ​ស្រុក​របស់​ទ្រង់

17. ដូច្នេះ​សូម​អនុញ្ញាត ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​របស់​ទ្រង់​ផង យើង​ខ្ញុំ​នឹង​មិន​ដើរ​កាត់​ស្រែ ឬ​ចំការ​ទេ ក៏​មិន​ផឹក​ទឹក​អណ្តូង​ដែរ គឺ​យើង​ខ្ញុំ​នឹង​ដើរ​តាម​តែ​ផ្លូវ​ថ្នល់របស់​ស្តេច​វិញ ឥត​មាន​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ ទាល់​តែ​បាន​ឆ្លង​ហួស​ពី​ព្រំ‌ដែន​ទ្រង់​ទៅ

18. តែ​ស្តេច​ស្រុក​អេដំម​មាន​ព្រះ‌បន្ទូល​តប​ថា មិន​ត្រូវ​ឲ្យ​ឯង​ដើរ​កាត់​ស្រុក​របស់​យើង​ឡើយ បើ​ធ្វើ​ដូច្នោះ នោះ​យើង​នឹង​យក​ដាវ​ចេញ​មក​ច្បាំង​នឹង​ឯង​ហើយ

19. ពួក​កូន​ចៅ​អ៊ីស្រា‌អែល​គេ​អង្វរ​ថា យើង​ខ្ញុំ​រាល់​គ្នា​នឹង​គ្រាន់​តែ​ដើរ​តាម​ថ្នល់​ធំ​ទេ បើ‌សិន​ជា​យើង​ខ្ញុំ ឬ​ហ្វូង​សត្វ​យើង​ខ្ញុំ​ផឹក​ទឹក​របស់​ទ្រង់ នោះ​យើង​ខ្ញុំ​នឹង​ចេញ​ថ្លៃ​សង​ថ្វាយ​ទ្រង់ សូម​តែ​ឲ្យ​យើង​ខ្ញុំ​បាន​ដើរ​កាត់​ស្រុក​ទ្រង់​ប៉ុណ្ណោះ​ចុះ

20. តែ​ស្តេច​នោះ​មាន​ព្រះ‌បន្ទូល​ថា មិន​ត្រូវ​ឲ្យ​ឯង​ទៅ​ទេ ហើយ​ស្តេច​អេដំម​ក៏​ចេញ​មក​ទាស់​នឹង​គេ ព្រម​ទាំង​នាំ​យក​មនុស្ស​ជា​ច្រើន​មក មាន​អំណាច​ជា​ខ្លាំង

21. ដូច្នេះ ស្តេច​អេដំម​មិន​ព្រម​បើក​ឲ្យ​ពួក​អ៊ីស្រា‌អែល​ដើរ​កាត់​ស្រុក​ទ្រង់​ទេ បាន​ជា​ពួក​អ៊ីស្រា‌អែល​គេ​បែរ​ចេញ​ពី​ទ្រង់​ទៅ។

22. ពួក​កូន​ចៅ​អ៊ីស្រា‌អែល គឺ​ពួក​ជំនុំ​ទាំង​មូល​ក៏​ធ្វើ​ដំណើរ​ចេញ​ពី​ស្រុក​កាដេស​មក​ដល់​ភ្នំ​ហោរ

23. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​នៅ​ភ្នំ​ហោរ​នោះ ត្រង់​ព្រំ‌ដែន​ស្រុក​អេដំម​ថា

24. អើរ៉ុន​នឹង​ត្រូវ​បាន​ប្រមូល​ទៅ​មូល​នឹង​ពួក​អយ្យកោ​ហើយ ដ្បិត​មិន​ត្រូវ​ចូល​ទៅ​ក្នុង​ស្រុក ដែល​អញ​បាន​ឲ្យ​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទេ ពី​ព្រោះ​ឯង​ទាំង​២​នាក់​បាន​ចចេស​នឹង​បង្គាប់​អញ នៅ​ត្រង់​ទឹក​មេរីបា

ជនគណនា 20