ជនគណនា 20:1-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រីឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គឺ​ជា​ពួក​ជំនុំ​ទាំង​អស់​គ្នា ក៏​មក​ដល់​ទី​រហោ‌ស្ថាន​ស៊ីន នៅ​ខែ​ចេត្រ ហើយ​អាស្រ័យ​នៅ​ត្រង់​កាដេស ឯ​ម៉ារាម​នាង​ក៏​ស្លាប់ ហើយ​គេ​បញ្ចុះ​សព​នាង​នៅ​ទី​នោះ​ទៅ។

2. កន្លែង​នោះ​គ្មាន​ទឹក​ឲ្យ​ពួក​ជំនុំ​ផឹក​សោះ ដូច្នេះ​គេ​ក៏​មូល​គ្នា​មក​ទាស់​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន

3. គេ​រក​រឿង​ឈ្លោះ​នឹង​ម៉ូសេ​ថា ស៊ូ​ឲ្យ​យើង​រាល់​គ្នា​បាន​ស្លាប់ ក្នុង​កាល​ដែល​បង​ប្អូន​យើង​ស្លាប់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​នោះ​ចុះ

4. ហេតុ​អ្វី​បាន​ជា​លោក​នាំ​ពួក​ជំនុំ​ផង​ព្រះ‌យេហូវ៉ា​មក​ក្នុង​ទី​រហោ‌ស្ថាន ឲ្យ​យើង​ត្រូវ​ស្លាប់​នៅ​ទី​នេះ ព្រម​ទាំង​ហ្វូង​សត្វ​របស់​យើង​ផង​ដូច្នេះ

5. ម្តេច​ក៏​លោក​បាន​នាំ​យើង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ក្នុង​ទី​ហិន‌ហោច​នេះ​ធ្វើ​អី ទី​នេះ​មិន​មែន​ជា​កន្លែង ដែល​នឹង​សាប‌ព្រោះ​ទៅ​បាន ឬ​ដែល​មាន​ល្វា មាន​ទំពាំង‌បាយ‌ជូរ ឬ​ទទឹម​ទេ សូម្បី​តែ​ទឹក​ផឹក​ក៏​គ្មាន​ផង

6. ឯ​ម៉ូសេ និង​អើរ៉ុន ក៏​ចេញ​ពី​ពួក​ជំនុំ​ទៅ​ឯ​មាត់​ទ្វារ​ត្រសាល​ជំនុំ ទំលាក់​ខ្លួន​ក្រាប​ផ្កាប់​មុខ​ចុះ នោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​លេច​មក​ឲ្យ​ឃើញ

7. ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

8. ចូរ​យក​ដំបង​របស់​ឯង ហើយ​ប្រជុំ​ពួក​ជំនុំ​ទៅ គឺ​ឯង និង​អើរ៉ុន​ជា​បង​ឯង​ផង រួច​បង្គាប់​ដល់​ថ្មដា​នៅ​មុខ​គេ ឲ្យ​មាន​ទឹក​ចេញ​មក​ចុះ នោះ​ឯង​នឹង​បាន​នាំ​ទឹក ឲ្យ​ចេញ​ពី​ថ្ម​មក​ឲ្យ​គេ​ហើយ ដូច្នេះ ឯង​នឹង​ឲ្យ​ពួក​ជំនុំ ព្រម​ទាំង​ហ្វូង​សត្វ​គេ​ផឹក​បាន

9. ម៉ូសេ​ក៏​យក​ដំបង​ពី​ចំពោះ​ព្រះ‌យេហូវ៉ា ដូច​ជា​ទ្រង់​បាន​បង្គាប់​មក

10. រួច​លោក និង​អើរ៉ុន ក៏​ប្រមូល​ពួក​ជំនុំ​មក​នៅ​មុខ​ថ្មដា ដោយ​ពាក្យ​ថា ចូរ​ស្តាប់​ចុះ ពួក​បះ‌បោរ​អើយ តើ​ត្រូវ​ឲ្យ​យើង​ធ្វើ​ឲ្យ​ទឹក​ចេញ​ពី​ថ្មដា​នេះ សំរាប់​អ្នក​រាល់​គ្នា​ឬ​អី

11. រួច​ម៉ូសេ​លើក​ដៃ​ឡើង​វាយ​ថ្ម​នោះ ដោយ​ដំបង​អស់​២​ដង នោះ​ក៏​មាន​ទឹក​ហូរ​ចេញ​មក​ជា​បរិបូរ ឯ​ពួក​ជំនុំ និង​ហ្វូង​សត្វ​គេ ក៏​នាំ​គ្នា​ផឹក​ទៅ។

12. តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ថា ពី​ព្រោះ​ឯង​មិន​បាន​ជឿ​អញ ដើម្បី​នឹង​លើក​អញ​ជា​បរិសុទ្ធ ចំពោះ​ភ្នែក​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដូច្នេះ បាន​ជា​ឯង​នឹង​នាំ​ពួក​ជំនុំ​នេះ​ចូល​ទៅ​ក្នុង​ស្រុក ដែល​អញ​ឲ្យ​ដល់​គេ​ពុំ​បាន​ឡើយ

13. ទឹក​នោះ​ជា​ទឹក​មេរីបា ពី​ព្រោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​រក​រឿង​នឹង​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​បាន​សំដែង​សេចក្ដី​បរិសុទ្ធ​របស់​ទ្រង់ ដោយ‌សារ​ទឹក​នោះ​ឯង។

14. ម៉ូសេ​ក៏​ចាត់​សារ​ពី​កាដេស​ទៅ​ឯ​ស្តេច​ស្រុក​អេដំម​ទូល​ថា អ៊ីស្រា‌អែល​ជា​ប្អូន​ទ្រង់​មាន​វាចា​ដូច្នេះ​ថា ទ្រង់​ជ្រាប​ចំពោះ​ការ​នឿយ‌ហត់ ដែល​កើត​មក​ដល់​យើង​ខ្ញុំ​រាល់​គ្នា​ហើយ

15. គឺ​ដែល​ពួក​អយ្យកោ​យើង​ខ្ញុំ​បាន​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​យើង​ខ្ញុំ​ក៏​បាន​នៅ​ស្រុក​នោះ​ជា​យូរ​ឆ្នាំ​ដែរ ឯ​ពួក​សាសន៍​អេស៊ីព្ទ​គេ​បាន​ធ្វើ​បាប​ដល់​យើង​ខ្ញុំ និង​ពួក​អយ្យកោ​យើង​ខ្ញុំ​ផង

16. តែ​កាល​យើង​ខ្ញុំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​ក៏​ឮ​សំឡេង​យើង​ខ្ញុំ ហើយ​ទ្រង់​ចាត់​ទេវតា​១​មក នាំ​យើង​ខ្ញុំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ឥឡូវ​នេះ មើល យើង​ខ្ញុំ​នៅ​ត្រង់​កាដេស ជា​ទី​ក្រុង​នៅ​ចុង​ព្រំ​ស្រុក​របស់​ទ្រង់

17. ដូច្នេះ​សូម​អនុញ្ញាត ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​របស់​ទ្រង់​ផង យើង​ខ្ញុំ​នឹង​មិន​ដើរ​កាត់​ស្រែ ឬ​ចំការ​ទេ ក៏​មិន​ផឹក​ទឹក​អណ្តូង​ដែរ គឺ​យើង​ខ្ញុំ​នឹង​ដើរ​តាម​តែ​ផ្លូវ​ថ្នល់របស់​ស្តេច​វិញ ឥត​មាន​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ ទាល់​តែ​បាន​ឆ្លង​ហួស​ពី​ព្រំ‌ដែន​ទ្រង់​ទៅ

18. តែ​ស្តេច​ស្រុក​អេដំម​មាន​ព្រះ‌បន្ទូល​តប​ថា មិន​ត្រូវ​ឲ្យ​ឯង​ដើរ​កាត់​ស្រុក​របស់​យើង​ឡើយ បើ​ធ្វើ​ដូច្នោះ នោះ​យើង​នឹង​យក​ដាវ​ចេញ​មក​ច្បាំង​នឹង​ឯង​ហើយ

ជនគណនា 20