1. រីឯពួកកូនចៅអ៊ីស្រាអែល គឺជាពួកជំនុំទាំងអស់គ្នា ក៏មកដល់ទីរហោស្ថានស៊ីន នៅខែចេត្រ ហើយអាស្រ័យនៅត្រង់កាដេស ឯម៉ារាមនាងក៏ស្លាប់ ហើយគេបញ្ចុះសពនាងនៅទីនោះទៅ។
2. កន្លែងនោះគ្មានទឹកឲ្យពួកជំនុំផឹកសោះ ដូច្នេះគេក៏មូលគ្នាមកទាស់នឹងម៉ូសេ ហើយនឹងអើរ៉ុន
3. គេរករឿងឈ្លោះនឹងម៉ូសេថា ស៊ូឲ្យយើងរាល់គ្នាបានស្លាប់ ក្នុងកាលដែលបងប្អូនយើងស្លាប់ នៅចំពោះព្រះយេហូវ៉ានោះចុះ
4. ហេតុអ្វីបានជាលោកនាំពួកជំនុំផងព្រះយេហូវ៉ាមកក្នុងទីរហោស្ថាន ឲ្យយើងត្រូវស្លាប់នៅទីនេះ ព្រមទាំងហ្វូងសត្វរបស់យើងផងដូច្នេះ
5. ម្តេចក៏លោកបាននាំយើងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ក្នុងទីហិនហោចនេះធ្វើអី ទីនេះមិនមែនជាកន្លែង ដែលនឹងសាបព្រោះទៅបាន ឬដែលមានល្វា មានទំពាំងបាយជូរ ឬទទឹមទេ សូម្បីតែទឹកផឹកក៏គ្មានផង
6. ឯម៉ូសេ និងអើរ៉ុន ក៏ចេញពីពួកជំនុំទៅឯមាត់ទ្វារត្រសាលជំនុំ ទំលាក់ខ្លួនក្រាបផ្កាប់មុខចុះ នោះសិរីល្អនៃព្រះយេហូវ៉ាលេចមកឲ្យឃើញ
7. ហើយទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
8. ចូរយកដំបងរបស់ឯង ហើយប្រជុំពួកជំនុំទៅ គឺឯង និងអើរ៉ុនជាបងឯងផង រួចបង្គាប់ដល់ថ្មដានៅមុខគេ ឲ្យមានទឹកចេញមកចុះ នោះឯងនឹងបាននាំទឹក ឲ្យចេញពីថ្មមកឲ្យគេហើយ ដូច្នេះ ឯងនឹងឲ្យពួកជំនុំ ព្រមទាំងហ្វូងសត្វគេផឹកបាន
9. ម៉ូសេក៏យកដំបងពីចំពោះព្រះយេហូវ៉ា ដូចជាទ្រង់បានបង្គាប់មក
10. រួចលោក និងអើរ៉ុន ក៏ប្រមូលពួកជំនុំមកនៅមុខថ្មដា ដោយពាក្យថា ចូរស្តាប់ចុះ ពួកបះបោរអើយ តើត្រូវឲ្យយើងធ្វើឲ្យទឹកចេញពីថ្មដានេះ សំរាប់អ្នករាល់គ្នាឬអី