1. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុនថា
2. នេះជាបញ្ញត្តច្បាប់ដែលព្រះយេហូវ៉ាបានបង្គាប់មក គឺថា ចូរប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ឲ្យគេយកគោក្រមុំ១ សម្បុរទង់ដែង ឥតមានស្លាកស្នាម ឥតខ្ចោះ ដែលមិនទាន់ទឹមនៅឡើយ
3. នាំវាមកប្រគល់ឲ្យអេលាសារដ៏ជាសង្ឃ ត្រូវឲ្យលោកនាំយកទៅខាងក្រៅទីដំឡើងត្រសាល រួចត្រូវឲ្យគេសំឡាប់គោនោះ នៅមុខលោក
4. ហើយអេលាសារដ៏ជាសង្ឃ លោកត្រូវយកឈាមដោយម្រាមដៃ ទៅប្រោះ៧ដងនៅខាងមុខត្រសាលជំនុំ
5. រួចត្រូវឲ្យគេដុតគោនោះនៅមុខលោក ទាំងស្បែក ទាំងសាច់ ទាំងឈាម និងលាមកផង
6. ត្រូវឲ្យសង្ឃយកឈើតាត្រៅ មែកហ៊ីសុប និងសំពត់ពណ៌ក្រហម បោះទៅក្នុងភ្លើងដែលកំពុងបញ្ឆេះគោនោះ
7. រួចត្រូវឲ្យសង្ឃបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ ក្រោយមកទើបនឹងចូលទៅក្នុងទីដំឡើងត្រសាលវិញបាន តែនឹងនៅជាមិនស្អាតរហូតដល់ល្ងាច
8. ឯអ្នកដែលបានដុតគោនោះ ត្រូវបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាចដែរ
9. នោះត្រូវឲ្យម្នាក់ដែលស្អាត ចេញទៅកើបផេះគោនោះ យកទៅដាក់ទុកនៅកន្លែងស្អាត ខាងក្រៅទីដំឡើងត្រសាល ផេះនោះត្រូវទុកសំរាប់ពួកកូនចៅអ៊ីស្រាអែល ដើម្បីនឹងធ្វើជាទឹកញែកជាស្អាត នេះគឺជាដង្វាយលោះបាប
10. ឯអ្នកដែលបានកើបផេះគោនោះ ត្រូវឲ្យបោកសំលៀកបំពាក់ខ្លួន ហើយនៅជាមិនស្អាតរហូតដល់ល្ងាច នេះហើយជាច្បាប់នេះអស់កល្បជានិច្ច សំរាប់ពួកកូនចៅអ៊ីស្រាអែល និងពួកអ្នកប្រទេសក្រៅ ដែលនៅជាមួយនឹងគេដែរ។
11. បើអ្នកណាពាល់ខ្មោចរបស់មនុស្សណាដែលស្លាប់ នោះត្រូវរាប់ជាមិនស្អាតអស់៧ថ្ងៃ