8. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងអើរ៉ុនថា ឯអញ មើល អញបានប្រគល់អស់ទាំងដង្វាយ ដែលថ្វាយដោយលើកចុះឡើង ក្នុងដង្វាយទាំងប៉ុន្មានរបស់ពួកកូនចៅអ៊ីស្រាអែលទុកនឹងឯង អញបានឲ្យដង្វាយទាំងនោះចំពោះឯង និងពួកកូនចៅឯង ទុកជាកំរៃនៅអស់កល្បជានិច្ច ដោយព្រោះការចាក់ប្រេងតាំងជាសង្ឃ
9. ក្នុងដង្វាយបរិសុទ្ធបំផុតទាំងប៉ុន្មាន ដែលមិនត្រូវដុត នោះរបស់ទាំងនេះត្រូវបានជារបស់ផងឯង គឺគ្រប់ទាំងដង្វាយរបស់គេ ទោះបើជាដង្វាយម្សៅ ឬដង្វាយលោះបាប ឬដង្វាយថ្វាយដោយព្រោះការរំលងក្តី ដែលគេនឹងថ្វាយដល់អញ នោះជាបរិសុទ្ធបំផុតសំរាប់ឯង ហើយនឹងកូនចៅឯង
10. ត្រូវឲ្យឯងបរិភោគរបស់ទាំងនោះ នៅកន្លែងបរិសុទ្ធបំផុត គ្រប់ទាំងប្រុសៗ ត្រូវបរិភោគចុះ គឺជារបស់បរិសុទ្ធដល់ឯង
11. ហើយនេះជារបស់ផងឯងដែរ គឺអស់ទាំងដង្វាយលើកចុះឡើង និងដង្វាយគ្រវីរបស់ផងពួកកូនចៅអ៊ីស្រាអែល អញឲ្យរបស់ទាំងនោះដល់ឯង និងកូនប្រុសកូនស្រីឯងផង ទុកជាកំរៃនៅអស់កល្បជានិច្ច អស់អ្នកណាដែលស្អាតនៅក្នុងផ្ទះឯង នោះនឹងបរិភោគរបស់ទាំងនោះបាន
12. ហើយប្រេងល្អបំផុតទាំងអស់ និងស្រាទំពាំងបាយជូរល្អបំផុតទាំងអស់ ព្រមទាំងស្រូវផង គឺជាផលដំបូង ដែលគេថ្វាយដល់ព្រះយេហូវ៉ា នោះអញឲ្យមកឯងទាំងអស់ហើយ
13. ឯផលដំបូងពីរបស់ទាំងអស់ នៅក្នុងស្រុកគេ ដែលយកមកថ្វាយដល់ព្រះយេហូវ៉ា នោះត្រូវបានជារបស់ផងឯងដែរ អស់អ្នកណានៅក្នុងគ្រួសារឯង ដែលស្អាត នឹងបរិភោគរបស់ទាំងនោះបាន
14. គ្រប់របស់អ្វីដែលថ្វាយដាច់ នៅក្នុងពួកអ៊ីស្រាអែល នោះក៏ជារបស់ផងឯង
15. គ្រប់ទាំងអស់ដែលកើតពីពោះម្តាយមកមុនគេ ក្នុងគ្រប់ទាំងដង្វាយដែលត្រូវថ្វាយដល់ព្រះយេហូវ៉ា ទោះមនុស្ស ឬសត្វក្តី នោះត្រូវបានជារបស់ផងឯង ឯកូនច្បងរបស់មនុស្ស នោះត្រូវឲ្យឯងលោះចេញវិញមិនខាន ព្រមទាំងសត្វមិនស្អាតដែលកើតមកមុនបង្អស់ផង
16. ហើយរូបណាមួយដែលត្រូវលោះចេញ នោះត្រូវឲ្យលោះចាប់តាំងពីអាយុ១ខែ តាមដំឡៃដែលឯងសំរេចឲ្យ គឺជាប្រាក់៥រៀល តាមប្រាក់រៀលដែលគេប្រើក្នុងទីបរិសុទ្ធ (គឺ១រៀលត្រូវជា១០កាក់)
17. ប៉ុន្តែមិនត្រូវឲ្យឯងលោះកូនគោ ឬកូនចៀម ឬកូនពពែ ដែលកើតមកមុនបង្អស់នោះទេ ដ្បិតជាសត្វបរិសុទ្ធ ត្រូវឲ្យឯងប្រោះឈាមសត្វនោះ នៅលើអាសនាវិញ ហើយដុតខ្លាញ់ជាដង្វាយដុត សំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
18. ឯសាច់របស់សត្វទាំងនោះ ត្រូវបានជារបស់ផងឯង ដូចជាទ្រូងដែលគ្រវី ហើយស្មាស្តាំក៏ជារបស់ផងឯងដែរ
19. គឺគ្រប់ទាំងដង្វាយលើកចុះឡើងពីដង្វាយបរិសុទ្ធទាំងប៉ុន្មាន ដែលពួកកូនចៅអ៊ីស្រាអែលនឹងថ្វាយដល់ព្រះយេហូវ៉ា នោះអញបានឲ្យដល់ឯង និងពួកកូនប្រុសកូនស្រីឯងហើយ ទុកជាកំរៃនៅអស់កល្បជានិច្ច គឺជាសេចក្ដីសញ្ញា ដែលតាំងឡើងដោយសារអំបិលដល់ឯង និងពូជឯង នៅចំពោះព្រះយេហូវ៉ានៅអស់កល្បជានិច្ច។
20. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងអើរ៉ុនថា មិនត្រូវឲ្យឯងមានកេរអាករ នៅក្នុងស្រុកគេឡើយ ក៏មិនត្រូវមានចំណែកអ្វីជាមួយនឹងគេដែរ គឺអញជាចំណែកដល់ឯង ហើយជាកេរអាកររបស់ឯង ក្នុងពួកកូនចៅអ៊ីស្រាអែលវិញ
21. ឯពួកកូនចៅលេវី នោះអញបានឲ្យអស់ទាំងដង្វាយ ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយ១ភាគក្នុង១០ ទុកជាមរដកដល់គេហើយ ដើម្បីឲ្យបានជាកំរៃនៃការងារដែលគេធ្វើ គឺជាក្រសួងការរបស់ត្រសាលជំនុំ
22. ដូច្នេះ អំពីនេះទៅមុខ មិនត្រូវឲ្យពួកកូនចៅអ៊ីស្រាអែលចូលមកជិតត្រសាលជំនុំទៀតឡើយ ក្រែងលោគេធ្វើបាបអ្វី ហើយត្រូវស្លាប់