18. ឯសាច់របស់សត្វទាំងនោះ ត្រូវបានជារបស់ផងឯង ដូចជាទ្រូងដែលគ្រវី ហើយស្មាស្តាំក៏ជារបស់ផងឯងដែរ
19. គឺគ្រប់ទាំងដង្វាយលើកចុះឡើងពីដង្វាយបរិសុទ្ធទាំងប៉ុន្មាន ដែលពួកកូនចៅអ៊ីស្រាអែលនឹងថ្វាយដល់ព្រះយេហូវ៉ា នោះអញបានឲ្យដល់ឯង និងពួកកូនប្រុសកូនស្រីឯងហើយ ទុកជាកំរៃនៅអស់កល្បជានិច្ច គឺជាសេចក្ដីសញ្ញា ដែលតាំងឡើងដោយសារអំបិលដល់ឯង និងពូជឯង នៅចំពោះព្រះយេហូវ៉ានៅអស់កល្បជានិច្ច។
20. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងអើរ៉ុនថា មិនត្រូវឲ្យឯងមានកេរអាករ នៅក្នុងស្រុកគេឡើយ ក៏មិនត្រូវមានចំណែកអ្វីជាមួយនឹងគេដែរ គឺអញជាចំណែកដល់ឯង ហើយជាកេរអាកររបស់ឯង ក្នុងពួកកូនចៅអ៊ីស្រាអែលវិញ
21. ឯពួកកូនចៅលេវី នោះអញបានឲ្យអស់ទាំងដង្វាយ ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយ១ភាគក្នុង១០ ទុកជាមរដកដល់គេហើយ ដើម្បីឲ្យបានជាកំរៃនៃការងារដែលគេធ្វើ គឺជាក្រសួងការរបស់ត្រសាលជំនុំ
22. ដូច្នេះ អំពីនេះទៅមុខ មិនត្រូវឲ្យពួកកូនចៅអ៊ីស្រាអែលចូលមកជិតត្រសាលជំនុំទៀតឡើយ ក្រែងលោគេធ្វើបាបអ្វី ហើយត្រូវស្លាប់
23. គឺពួកលេវីវិញ ដែលធ្វើការងារក្នុងត្រសាលជំនុំ ហើយគេត្រូវតែរ៉ាប់រងសេចក្ដីកំហុសរបស់គេ នេះជាបញ្ញត្តច្បាប់ដ៏នៅអស់កល្បជានិច្ច ដល់អស់ទាំងដំណឯងរាល់គ្នាតរៀងទៅ តែគេគ្មានកេរអាករអ្វីនៅក្នុងពួកកូនចៅអ៊ីស្រាអែលទេ
24. ដ្បិតអស់ទាំងដង្វាយ ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយ១ភាគក្នុង១០ដល់ព្រះយេហូវ៉ា ទុកជាដង្វាយលើកចុះឡើង នោះអញបានឲ្យដល់ពួកលេវីទុកជាមរដកហើយ ហេតុនោះបានជាអញបានប្រាប់គេថា គេគ្មានកេរអាករនៅក្នុងពួកអ៊ីស្រាអែលទេ។
25. ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
26. ឲ្យប្រាប់សេចក្ដី១ទៀតដល់ពួកលេវីថា កាលណាឯងរាល់គ្នាទទួលយកដង្វាយ១ភាគក្នុង១០ ពីពួកកូនចៅអ៊ីស្រាអែល ដែលអញយកពីគេ ឲ្យដល់ឯងរាល់គ្នា ទុកជាមរដក នោះឯងរាល់គ្នាត្រូវហូត១ភាគក្នុង១០ ពីដង្វាយ១ភាគក្នុង១០របស់គេ ទុកជាដង្វាយលើកចុះឡើងថ្វាយព្រះយេហូវ៉ា
27. ដូច្នេះ ដង្វាយដែលឯងថ្វាយដោយលើកចុះឡើងនោះ នឹងបានរាប់ទុកដូចជាស្រូវ ដែលទើបនឹងបញ្ជាន់នៅទីលាន ហើយដូចជាទឹកទំពាំងបាយជូរ ដែលទើបនឹងគាបដែរ
28. យ៉ាងនោះឯងរាល់គ្នាក៏នឹងបានថ្វាយដង្វាយលើកចុះឡើងដល់ព្រះយេហូវ៉ា ពីដង្វាយ១ភាគក្នុង១០ ដែលឯងទទួលពីពួកកូនចៅអ៊ីស្រាអែលដែរ ត្រូវឲ្យប្រគល់ដង្វាយលើកចុះឡើងផងព្រះយេហូវ៉ានោះ ដល់អើរ៉ុនដ៏ជាសង្ឃ
29. ឯអស់ទាំងដង្វាយដែលឯងរាល់គ្នាទទួលនោះ ត្រូវឲ្យរើសយកចំណែកល្អបំផុត សំរាប់នឹងថ្វាយជាដង្វាយទាំងប៉ុន្មានរបស់ផងព្រះយេហូវ៉ា គឺជាចំណែកដែលបរិសុទ្ធក្នុងដង្វាយទាំងនោះ
30. ដូច្នេះ ត្រូវឲ្យឯងប្រាប់គេថា បើកាលណាឯងរាល់គ្នារើសយកចំណែកល្អបំផុត ពីដង្វាយទាំងនោះ ទៅថ្វាយជាដង្វាយលើកចុះឡើង នោះនឹងបានរាប់ទុកដូចជាផលចំរើន ដែលបញ្ជាន់នៅទីលាន ហើយដូចជាផលចំរើន ដែលគាបក្នុងឃ្នាបដល់ពួកលេវី