15. គ្រប់ទាំងអស់ដែលកើតពីពោះម្តាយមកមុនគេ ក្នុងគ្រប់ទាំងដង្វាយដែលត្រូវថ្វាយដល់ព្រះយេហូវ៉ា ទោះមនុស្ស ឬសត្វក្តី នោះត្រូវបានជារបស់ផងឯង ឯកូនច្បងរបស់មនុស្ស នោះត្រូវឲ្យឯងលោះចេញវិញមិនខាន ព្រមទាំងសត្វមិនស្អាតដែលកើតមកមុនបង្អស់ផង
16. ហើយរូបណាមួយដែលត្រូវលោះចេញ នោះត្រូវឲ្យលោះចាប់តាំងពីអាយុ១ខែ តាមដំឡៃដែលឯងសំរេចឲ្យ គឺជាប្រាក់៥រៀល តាមប្រាក់រៀលដែលគេប្រើក្នុងទីបរិសុទ្ធ (គឺ១រៀលត្រូវជា១០កាក់)
17. ប៉ុន្តែមិនត្រូវឲ្យឯងលោះកូនគោ ឬកូនចៀម ឬកូនពពែ ដែលកើតមកមុនបង្អស់នោះទេ ដ្បិតជាសត្វបរិសុទ្ធ ត្រូវឲ្យឯងប្រោះឈាមសត្វនោះ នៅលើអាសនាវិញ ហើយដុតខ្លាញ់ជាដង្វាយដុត សំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
18. ឯសាច់របស់សត្វទាំងនោះ ត្រូវបានជារបស់ផងឯង ដូចជាទ្រូងដែលគ្រវី ហើយស្មាស្តាំក៏ជារបស់ផងឯងដែរ
19. គឺគ្រប់ទាំងដង្វាយលើកចុះឡើងពីដង្វាយបរិសុទ្ធទាំងប៉ុន្មាន ដែលពួកកូនចៅអ៊ីស្រាអែលនឹងថ្វាយដល់ព្រះយេហូវ៉ា នោះអញបានឲ្យដល់ឯង និងពួកកូនប្រុសកូនស្រីឯងហើយ ទុកជាកំរៃនៅអស់កល្បជានិច្ច គឺជាសេចក្ដីសញ្ញា ដែលតាំងឡើងដោយសារអំបិលដល់ឯង និងពូជឯង នៅចំពោះព្រះយេហូវ៉ានៅអស់កល្បជានិច្ច។
20. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងអើរ៉ុនថា មិនត្រូវឲ្យឯងមានកេរអាករ នៅក្នុងស្រុកគេឡើយ ក៏មិនត្រូវមានចំណែកអ្វីជាមួយនឹងគេដែរ គឺអញជាចំណែកដល់ឯង ហើយជាកេរអាកររបស់ឯង ក្នុងពួកកូនចៅអ៊ីស្រាអែលវិញ
21. ឯពួកកូនចៅលេវី នោះអញបានឲ្យអស់ទាំងដង្វាយ ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយ១ភាគក្នុង១០ ទុកជាមរដកដល់គេហើយ ដើម្បីឲ្យបានជាកំរៃនៃការងារដែលគេធ្វើ គឺជាក្រសួងការរបស់ត្រសាលជំនុំ
22. ដូច្នេះ អំពីនេះទៅមុខ មិនត្រូវឲ្យពួកកូនចៅអ៊ីស្រាអែលចូលមកជិតត្រសាលជំនុំទៀតឡើយ ក្រែងលោគេធ្វើបាបអ្វី ហើយត្រូវស្លាប់
23. គឺពួកលេវីវិញ ដែលធ្វើការងារក្នុងត្រសាលជំនុំ ហើយគេត្រូវតែរ៉ាប់រងសេចក្ដីកំហុសរបស់គេ នេះជាបញ្ញត្តច្បាប់ដ៏នៅអស់កល្បជានិច្ច ដល់អស់ទាំងដំណឯងរាល់គ្នាតរៀងទៅ តែគេគ្មានកេរអាករអ្វីនៅក្នុងពួកកូនចៅអ៊ីស្រាអែលទេ
24. ដ្បិតអស់ទាំងដង្វាយ ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយ១ភាគក្នុង១០ដល់ព្រះយេហូវ៉ា ទុកជាដង្វាយលើកចុះឡើង នោះអញបានឲ្យដល់ពួកលេវីទុកជាមរដកហើយ ហេតុនោះបានជាអញបានប្រាប់គេថា គេគ្មានកេរអាករនៅក្នុងពួកអ៊ីស្រាអែលទេ។
25. ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
26. ឲ្យប្រាប់សេចក្ដី១ទៀតដល់ពួកលេវីថា កាលណាឯងរាល់គ្នាទទួលយកដង្វាយ១ភាគក្នុង១០ ពីពួកកូនចៅអ៊ីស្រាអែល ដែលអញយកពីគេ ឲ្យដល់ឯងរាល់គ្នា ទុកជាមរដក នោះឯងរាល់គ្នាត្រូវហូត១ភាគក្នុង១០ ពីដង្វាយ១ភាគក្នុង១០របស់គេ ទុកជាដង្វាយលើកចុះឡើងថ្វាយព្រះយេហូវ៉ា