1. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងអើរ៉ុនថា ត្រូវឲ្យខ្លួនឯង និងកូនចៅឯង ព្រមទាំងពួកឪពុកឯងទាំងអស់គ្នា រ៉ាប់រងសេចក្ដីកំហុសដែលអ្នកណាធ្វើក្នុងរោងឧបោសថ ហើយត្រូវឲ្យខ្លួនឯង និងកូនចៅឯងរ៉ាប់រងសេចក្ដីកំហុស ដែលកើតមកក្នុងការងារជាសង្ឃដែរ
2. ឯពួកលេវីជាបងប្អូនឯង គឺជាពូជអំបូរនៃអយ្យកោឯង នោះត្រូវនាំមកជិតជាមួយនឹងឯង ឲ្យបានភ្ជាប់ពួកជាមួយគ្នា ហើយជួយការងារផង តែឯង ហើយនឹងកូនចៅឯង ត្រូវនៅចំពោះមុខត្រសាលនៃសេចក្ដីបន្ទាល់វិញ
3. ត្រូវឲ្យគេរក្សាបញ្ញើរបស់ឯង នឹងបញ្ញើនៃត្រសាលទាំងមូលដែរ ប៉ុន្តែមិនត្រូវឲ្យគេចូលទៅជិតប្រដាប់ប្រដាណាមួយរបស់ទីបរិសុទ្ធ ឬជិតអាសនាឡើយ ក្រែងលោគេត្រូវស្លាប់ ព្រមទាំងឯងផង
4. ត្រូវឲ្យគេនៅជាប់ ធ្វើការជាមួយនឹងឯង ហើយរក្សាបញ្ញើរបស់ត្រសាលជំនុំ សំរាប់ក្រសួងទាំងប៉ុន្មាននៃត្រសាលនោះ តែមិនត្រូវឲ្យអ្នកដទៃណាចូលទៅជិតឯងឡើយ
5. ឯឯងត្រូវឲ្យរក្សាបញ្ញើ នៃទីបរិសុទ្ធ និងបញ្ញើនៃអាសនា ដើម្បីកុំឲ្យមានសេចក្ដីក្រោធមកលើពួកកូនចៅអ៊ីស្រាអែលទៀតឡើយ
6. ឯអញ មើល អញបានទទួលយកពួកលេវី ជាបងប្អូនឯង ពីពួកកូនចៅអ៊ីស្រាអែល ដែលគេថ្វាយដល់ព្រះយេហូវ៉ា ហើយបានប្រគល់ដល់ឯង សំរាប់ធ្វើការងារក្នុងត្រសាលជំនុំ
7. ត្រូវឲ្យឯង និងកូនចៅឯង រក្សាការងារជាសង្ឃរបស់ឯង សំរាប់ការទាំងអស់ខាងឯអាសនា ហើយខាងក្នុងវាំងននផង គឺឯងរាល់គ្នា ដែលត្រូវធ្វើការងារនោះ អញឲ្យការងារជាសង្ឃដល់ឯងរាល់គ្នា ទុកជាអំណោយ បើអ្នកដទៃណាដែលចូលទៅជិត នោះនឹងត្រូវស្លាប់។
8. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងអើរ៉ុនថា ឯអញ មើល អញបានប្រគល់អស់ទាំងដង្វាយ ដែលថ្វាយដោយលើកចុះឡើង ក្នុងដង្វាយទាំងប៉ុន្មានរបស់ពួកកូនចៅអ៊ីស្រាអែលទុកនឹងឯង អញបានឲ្យដង្វាយទាំងនោះចំពោះឯង និងពួកកូនចៅឯង ទុកជាកំរៃនៅអស់កល្បជានិច្ច ដោយព្រោះការចាក់ប្រេងតាំងជាសង្ឃ
9. ក្នុងដង្វាយបរិសុទ្ធបំផុតទាំងប៉ុន្មាន ដែលមិនត្រូវដុត នោះរបស់ទាំងនេះត្រូវបានជារបស់ផងឯង គឺគ្រប់ទាំងដង្វាយរបស់គេ ទោះបើជាដង្វាយម្សៅ ឬដង្វាយលោះបាប ឬដង្វាយថ្វាយដោយព្រោះការរំលងក្តី ដែលគេនឹងថ្វាយដល់អញ នោះជាបរិសុទ្ធបំផុតសំរាប់ឯង ហើយនឹងកូនចៅឯង