38. ត្រូវឲ្យយកពានទាំងប៉ុន្មានរបស់មនុស្ស ដែលបានធ្វើបាបមានទោសដល់ស្លាប់នោះ ទៅផែធ្វើជាបន្ទះ សំរាប់នឹងប៉ានភ្ជាប់នឹងអាសនា ដ្បិតគេបានថ្វាយនៅចំពោះព្រះយេហូវ៉ាហើយ ដូច្នេះជារបស់បរិសុទ្ធ ក៏នឹងបានជាទីសំគាល់ដល់ពួកកូនចៅអ៊ីស្រាអែល
39. នោះអេលាសារដ៏ជាសង្ឃក៏រើសយកពានលង្ហិនទាំងប៉ុន្មាន ដែលពួកអ្នកត្រូវភ្លើងឆេះនោះបានថ្វាយ មកផែសំរាប់នឹងប៉ានអាសនា
40. ទុកជាសេចក្ដីរំឭកដល់ពួកកូនចៅអ៊ីស្រាអែល ដើម្បីកុំឲ្យអ្នកដទៃណា ដែលមិនកើតពីពូជអើរ៉ុនមក បានចូលទៅដុតកំញាននៅចំពោះព្រះយេហូវ៉ាឡើយ ក្រែងលោគេត្រូវស្លាប់ដូចកូរេ ហើយនឹងពួកគេដែរ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក ដោយសារម៉ូសេ។
41. លុះដល់ថ្ងៃស្អែកឡើង ពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា ក៏រទូរទាំទាស់នឹងម៉ូសេ ហើយនឹងអើរ៉ុនថា លោកបានសំឡាប់ពួកជននៃព្រះយេហូវ៉ា
42. តែកាលពួកជំនុំបានប្រជុំគ្នាទាស់នឹងម៉ូសេ ហើយនឹងអើរ៉ុនដូច្នេះ នោះគេក្រឡេកមើលទៅខាងត្រសាលជំនុំ ឃើញពពកមកគ្របលើត្រសាល ហើយសិរីល្អនៃព្រះយេហូវ៉ាក៏លេចមកដែរ
43. ឯម៉ូសេ និងអើរ៉ុនក៏ទៅឯត្រង់មុខត្រសាលជំនុំ
44. នោះព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា
45. ចូរឲ្យឯងថយចេញពីពួកជំនុំនេះទៅ ដើម្បីឲ្យអញបានបំផ្លាញគេចេញជា១រំពេច តែអ្នកទាំង២ក៏ទំលាក់ខ្លួនចុះក្រាបផ្កាប់មុខ
46. ហើយម៉ូសេប្រាប់ដល់អើរ៉ុនថា ចូរយកពានរបស់បងទៅ ហើយយកភ្លើងពីលើអាសនាមកដាក់ រួចរោយកំញាន នាំយកទៅឯពួកជំនុំ ថ្វាយឲ្យធួននឹងគេជាប្រញាប់ទៅ ដ្បិតមានសេចក្ដីក្រោធចេញពីចំពោះព្រះយេហូវ៉ាមក មានមនុស្សកំពុងតែដួលស្លាប់ហើយ។
47. ដូច្នេះអើរ៉ុនក៏យកពានទៅតាមបង្គាប់ម៉ូសេ ហើយរត់ទៅឯកណ្តាលពួកជំនុំ នោះឃើញមនុស្សកំពុងតែដួលស្លាប់នៅក្នុងពួកគេហើយ រួចលោករោយកំញានថ្វាយឲ្យធួននឹងគេ
48. ក៏ឈរនៅកណ្តាលពួកមនុស្សស្លាប់ និងពួកមនុស្សរស់ ដូច្នេះការប្រហារជីវិតនោះក៏បាត់ទៅ
49. រីឯពួកមនុស្សដែលស្លាប់ ដោយការប្រហារជីវិតនោះ មានចំនួន១ម៉ឺន៤ពាន់៧០០នាក់ ទីទៃពីពួកអ្នកដែលត្រូវស្លាប់ពីដំណើរកូរេ
50. រួចអើរ៉ុនក៏ត្រឡប់ទៅឯម៉ូសេ នៅត្រង់មាត់ទ្វារត្រសាលជំនុំ ហើយការប្រហារជីវិតបានឈប់ទ្រឹងនៅ។