18. ដូច្នេះ គេក៏យកពានមកគ្រប់គ្នា ព្រមទាំងដាក់ភ្លើង ហើយរោយកំញានពីលើផង រួចឈរនៅមាត់ទ្វារត្រសាលជំនុំជាមួយនឹងម៉ូសេ ហើយនឹងអើរ៉ុន
19. ឯកូរេក៏ប្រមូលពួកជំនុំទាំងអស់គ្នា មកទាស់នឹងលោកទាំង២ នៅត្រង់មាត់ទ្វារត្រសាលជំនុំ គ្រានោះសិរីល្អនៃព្រះយេហូវ៉ាក៏លេចមក ឲ្យពួកជំនុំទាំងអស់ឃើញ។
20. ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេ ហើយនឹងអើរ៉ុនថា
21. ចូរឯងដកខ្លួនពីពួកជំនុំនេះចេញ ដើម្បីឲ្យអញបានបំផ្លាញគេទៅជា១រំពេច
22. នោះអ្នកទាំង២ក៏ទំលាក់ខ្លួនចុះក្រាបផ្កាប់មុខទូលថា ឱព្រះអង្គដ៏ជាព្រះនៃវិញ្ញាណគ្រប់ទាំងមនុស្សអើយ បើមនុស្សតែម្នាក់ធ្វើបាប នោះតើទ្រង់នឹងក្រោធចំពោះពួកជំនុំទាំងអស់គ្នាឬអី
23. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបថា
24. ចូរប្រាប់ដល់ពួកជំនុំ ឲ្យគេថយចេញពីត្រសាលរបស់កូរេ ដាថាន និងអ័ប៊ីរ៉ាមទៅ។
25. រួចម៉ូសេក៏ក្រោកឡើងទៅឯដាថាន និងអ័ប៊ីរ៉ាម មានទាំងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលដើរតាមទៅដែរ
26. លោកអង្វរពួកជំនុំដោយពាក្យថា សូមឲ្យអ្នករាល់គ្នាថយចេញពីត្រសាល របស់មនុស្សអាក្រក់ទាំងនេះទៅ កុំពាល់របស់អ្វីផងគេឲ្យសោះ ក្រែងត្រូវវិនាសទៅ ក្នុងអំពើបាបទាំងប៉ុន្មាន របស់គេដែរ
27. ដូច្នេះ គេថយចេញពីកន្លែងជុំវិញត្រសាលរបស់កូរេ ដាថាន និងអ័ប៊ីរ៉ាមទៅ រីឯដាថាន និងអ័ប៊ីរ៉ាម គេក៏ចេញមកឈរនៅមាត់ទ្វារត្រសាលរបស់ខ្លួន ព្រមទាំងប្រពន្ធ និងកូនធំតូចទាំងប៉ុន្មានរបស់គេដែរ
28. រួចម៉ូសេមានប្រសាសន៍ថា គឺយ៉ាងដូច្នេះដែលឯងរាល់គ្នានឹងដឹងថា ព្រះយេហូវ៉ាបានចាត់អញមកធ្វើការទាំងនេះ ហើយថា អញមិនបានធ្វើ ដោយអំពើចិត្តរបស់អញទេ
29. គឺបើអ្នកទាំងនេះស្លាប់ តាមដំណើរធម្មតានៃមនុស្សទាំងឡាយ ឬបើគេត្រូវដកជីវិតយកទៅ តាមភាពធម្មតារបស់មនុស្សផងទាំងពួង នោះព្រះយេហូវ៉ាមិនបានចាត់អញមកទេ
30. តែបើសិនជាព្រះយេហូវ៉ាទ្រង់ធ្វើការមួយយ៉ាងចំឡែកវិញ ដោយឲ្យដីហាឡើងលេបគេ និងរបស់ផងគេទាំងអស់ទៅ ហើយគេចុះទាំងរស់ ទៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះអ្នករាល់គ្នានឹងដឹងពិតថា គេបានមើលងាយ ដល់ព្រះយេហូវ៉ាហើយ។
31. កាលលោកបានមានប្រសាសន៍ពាក្យទាំងនេះរួចហើយ នោះដីក៏ប្រេះឡើងពីក្រោមគេ
32. ហាទទួលយកគេបាត់ទៅ ព្រមទាំងពួកផ្ទះគេ និងអស់មនុស្សណាដែលជាពួករបស់កូរេ ហើយនឹងទ្រព្យសម្បត្តិគេផង