13. ដែលអ្នកបាននាំយើងចេញពីស្រុក ដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ មក ដើម្បីនឹងសំឡាប់យើងនៅទីរហោស្ថាននេះ តើជាការតូចពេកឬអី បានជាអ្នកត្រូវការចង់លើកខ្លួន ធ្វើជាកំពូលលើយើងទៀត
14. ១ទៀត អ្នកមិនបាននាំយើងចូលទៅក្នុងស្រុក ដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរទេ ក៏មិនបានឲ្យស្រែចំការមកយើងទុកជាមរដកផង តើអ្នកចង់ចាក់ពន្លត់ភ្នែកអ្នកទាំងនេះដែរឬអី យើងមិនព្រមទៅសោះឡើយ។
15. ដូច្នេះម៉ូសេក៏ខឹងណាស់ ហើយទូលទៅព្រះយេហូវ៉ាថា សូមទ្រង់កុំរាប់អានដង្វាយគេឡើយ ទូលបង្គំមិនបានយកសត្វលារបស់គេ សូម្បីតែ១ផង ក៏មិនដែលប្រទូសរ៉ាយចំពោះពួកគេណាឡើយ។
16. រួចម៉ូសេបង្គាប់ដល់កូរេថា ថ្ងៃស្អែកនេះ ចូរឲ្យឯង និងពួកឯងទាំងប៉ុន្មាន មកនៅចំពោះព្រះយេហូវ៉ាចុះ គឺឯង និងពួកអ្នកទាំងនោះ ព្រមទាំងអើរ៉ុនផង
17. ចូរឲ្យគ្រប់គ្នានាំយកពានរបស់ខ្លួន មករោយកំញានពីលើ គឺត្រូវឲ្យគ្រប់គ្នានាំគ្នាយកពានរបស់ខ្លួនមក នៅចំពោះព្រះយេហូវ៉ា ជាពានមានចំនួន២៥០ ទាំងឯង និងអើរ៉ុន ក៏ត្រូវយកពានរបស់ខ្លួនមកដែរ
18. ដូច្នេះ គេក៏យកពានមកគ្រប់គ្នា ព្រមទាំងដាក់ភ្លើង ហើយរោយកំញានពីលើផង រួចឈរនៅមាត់ទ្វារត្រសាលជំនុំជាមួយនឹងម៉ូសេ ហើយនឹងអើរ៉ុន
19. ឯកូរេក៏ប្រមូលពួកជំនុំទាំងអស់គ្នា មកទាស់នឹងលោកទាំង២ នៅត្រង់មាត់ទ្វារត្រសាលជំនុំ គ្រានោះសិរីល្អនៃព្រះយេហូវ៉ាក៏លេចមក ឲ្យពួកជំនុំទាំងអស់ឃើញ។
20. ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេ ហើយនឹងអើរ៉ុនថា
21. ចូរឯងដកខ្លួនពីពួកជំនុំនេះចេញ ដើម្បីឲ្យអញបានបំផ្លាញគេទៅជា១រំពេច
22. នោះអ្នកទាំង២ក៏ទំលាក់ខ្លួនចុះក្រាបផ្កាប់មុខទូលថា ឱព្រះអង្គដ៏ជាព្រះនៃវិញ្ញាណគ្រប់ទាំងមនុស្សអើយ បើមនុស្សតែម្នាក់ធ្វើបាប នោះតើទ្រង់នឹងក្រោធចំពោះពួកជំនុំទាំងអស់គ្នាឬអី
23. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបថា
24. ចូរប្រាប់ដល់ពួកជំនុំ ឲ្យគេថយចេញពីត្រសាលរបស់កូរេ ដាថាន និងអ័ប៊ីរ៉ាមទៅ។