1. រីឯកូរេ ជាកូនយីតសារ ដែលជាកូនកេហាត់ក្នុងពូជលេវី ព្រមទាំងដាថាន និងអ័ប៊ីរ៉ាម ជាកូនអេលាប ហើយនឹងអូន ជាកូនពេលេត ក្នុងពួកកូនចៅរូបេន
2. គេលើកគ្នានៅមុខម៉ូសេ ជាមួយនឹងមនុស្ស២៥០នាក់ ក្នុងពួកកូនចៅអ៊ីស្រាអែល ដែលសុទ្ធតែជាកំពូលលើពួកជំនុំ ជាមនុស្សរើសតាំងក្នុងពួកគេ ហើយក៏មានល្បីឈ្មោះផង
3. អ្នកទាំងនោះប្រជុំគ្នាទាស់នឹងម៉ូសេ ហើយនឹងអើរ៉ុនដោយពាក្យថា អ្នកយកអំណាចលើខ្លួនហួសពេកណាស់ ដ្បិតពួកជំនុំក៏បានបរិសុទ្ធទាំងអស់គ្នាដែរ ហើយព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងគេផង ម្តេចឡើយអ្នកទាំង២លើកកំពស់ខ្លួន ត្រួតលើពួកជំនុំផងព្រះយេហូវ៉ាដូច្នេះ។
4. កាលម៉ូសេបានឮពាក្យនោះ លោកក៏ទំលាក់ខ្លួនចុះក្រាបផ្កាប់មុខ
5. ឆ្លើយនឹងកូរេ ហើយនឹងពួកគេថា ព្រឹកស្អែកនេះ ព្រះយេហូវ៉ានឹងសំដែងឲ្យស្គាល់អ្នកណាដែលជារបស់ផងទ្រង់ និងអ្នកណាដែលបរិសុទ្ធ ទ្រង់នឹងនាំឲ្យអ្នកនោះចូលទៅជិតទ្រង់ គឺជាអ្នកណាដែលទ្រង់នឹងរើស ទ្រង់នឹងនាំអ្នកនោះឯងឲ្យចូលទៅជិតទ្រង់
6. ចូរឲ្យកូរេឯង និងពួកអ្នកនៅជាមួយធ្វើដូច្នេះចុះ ឲ្យយកពានគ្រប់គ្នារៀងខ្លួនទៅ
7. រួចដល់ស្អែកឡើង ចូរយកភ្លើងដាក់នឹងពានទាំងនោះ ហើយរោយកំញានពីលើនៅចំពោះព្រះយេហូវ៉ា នោះអ្នកណាដែលព្រះយេហូវ៉ាទ្រង់រើស អ្នកនោះឯងនឹងបានបរិសុទ្ធ នែ កូនចៅលេវីអើយ ឯងរាល់គ្នាយកអំណាចលើខ្លួនហួសពេកណាស់
8. ម៉ូសេក៏និយាយទៅកូរេថា ពួកកូនចៅលេវីអើយ ចូរស្តាប់សិន
9. ដែលព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានញែកឯងរាល់គ្នាចេញពីពួកជំនុំនៃកូនចៅអ៊ីស្រាអែល ឲ្យបាននាំឯងចូលទៅជិតទ្រង់ សំរាប់នឹងធ្វើការងារក្នុងរោងឧបោសថផងព្រះយេហូវ៉ា ហើយឲ្យបានឈរនៅមុខពួកជំនុំ ដើម្បីនឹងធ្វើការងារជូនគេ
10. ព្រមទាំងនាំឯងរាល់គ្នា និងពួកលេវីជាបងប្អូនឯងទាំងអស់មកជិតផង នោះតើឯងរាល់គ្នាស្មានថាជាការតូចពេកឬអី បានជារកចង់បានការងារជាសង្ឃថែមទៀតដូច្នេះ
11. ឯអើរ៉ុន តើលោកជាអ្វីដែលឯងរាល់គ្នារទូរទាំទាស់នឹងលោកដូច្នេះ គឺឯង និងពួកឯងទាំងនេះបានប្រមូលគ្នាទាស់នឹងព្រះយេហូវ៉ាវិញទេតើ។
12. ម៉ូសេក៏ចាត់គេឲ្យទៅហៅដាថាន និងអ័ប៊ីរ៉ាម ជាកូនអេលាបឲ្យមក តែគេប្រកែកថា យើងមិនទៅទេ
13. ដែលអ្នកបាននាំយើងចេញពីស្រុក ដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ មក ដើម្បីនឹងសំឡាប់យើងនៅទីរហោស្ថាននេះ តើជាការតូចពេកឬអី បានជាអ្នកត្រូវការចង់លើកខ្លួន ធ្វើជាកំពូលលើយើងទៀត
14. ១ទៀត អ្នកមិនបាននាំយើងចូលទៅក្នុងស្រុក ដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរទេ ក៏មិនបានឲ្យស្រែចំការមកយើងទុកជាមរដកផង តើអ្នកចង់ចាក់ពន្លត់ភ្នែកអ្នកទាំងនេះដែរឬអី យើងមិនព្រមទៅសោះឡើយ។