1. ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
2. ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាឯងរាល់គ្នាបានចូលទៅក្នុងស្រុក ដែលអញនឹងឲ្យ ទុកសំរាប់ជាទីលំនៅរបស់ឯង
3. ហើយចង់យកសត្វពីហ្វូងគោ ឬពីហ្វូងចៀម ដើម្បីនឹងថ្វាយជាដង្វាយដុតដល់ព្រះយេហូវ៉ា ទោះបើជាដង្វាយដុត ឬជាយញ្ញបូជាលាបំណន់ ឬជាដង្វាយថ្វាយដោយស្ម័គ្រពីចិត្ត ឬដែលថ្វាយនៅថ្ងៃបុណ្យកំណត់ក្តី ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
4. នោះអ្នកណាដែលថ្វាយដង្វាយរបស់ខ្លួនដល់ព្រះយេហូវ៉ា ត្រូវតែយកម្សៅយ៉ាងម៉ដ្ត១ខ្ញឹង ថ្វាយជាដង្វាយម្សៅលាយដោយប្រេង២កំប៉ុង
5. ហើយយកស្រាទំពាំងបាយជូរ២កំប៉ុង សំរាប់ជាដង្វាយច្រួចជាមួយនឹងដង្វាយដុតនោះ ឬសំរាប់រាល់តែចៀមក្នុងយញ្ញបូជានោះ
6. ឬបើជាចៀមឈ្មោល នោះត្រូវរៀបម្សៅយ៉ាងម៉ដ្ត២ខ្ញឹង លាយនឹងប្រេង៣កំប៉ុង សំរាប់ជាដង្វាយម្សៅ
7. ហើយត្រូវថ្វាយស្រាទំពាំងបាយជូរ៣កំប៉ុងសំរាប់ជាដង្វាយច្រួច ទុកជាក្លិនឈ្ងុយដល់ព្រះព្រះយេហូវ៉ា
8. កាលណារៀបគោឈ្មោលសំរាប់ជាដង្វាយដុត ឬយញ្ញបូជាលាបំណន់ ឬជាដង្វាយមេត្រីថ្វាយដល់ព្រះយេហូវ៉ា
9. នោះត្រូវថ្វាយម្សៅយ៉ាងម៉ដ្ត៣ខ្ញឹង សំរាប់ជាដង្វាយម្សៅលាយដោយប្រេង៤កំប៉ុង ជាមួយនឹងគោឈ្មោលនោះ
10. ឯដង្វាយច្រួច នោះត្រូវថ្វាយស្រាទំពាំងបាយជូរ៤កំប៉ុង សំរាប់ជាដង្វាយដុត ទុកក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
11. គឺយ៉ាងនោះដែលត្រូវធ្វើដល់រាល់តែគោឈ្មោលពពែឈ្មោល កូនចៀមឈ្មោល និងកូនពពែនីមួយៗ
12. តាមចំនួនសត្វដែលឯងរៀបថ្វាយ នោះត្រូវតែធ្វើចំពោះសត្វនីមួយៗយ៉ាងដូច្នេះតាមចំនួន
13. អស់អ្នកដែលកើតក្នុងស្រុក ត្រូវតែធ្វើតាមរបៀបនេះ ក្នុងកាលដែលថ្វាយដង្វាយដុត ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
14. ឬបើមានអ្នកប្រទេសក្រៅណា ស្នាក់នៅជាមួយនឹងឯងរាល់គ្នា ឬអ្នកណាក៏ដោយ ដែលនៅកណ្តាលឯងរាល់គ្នាគ្រប់ទាំងដំណតទៅ ចង់ថ្វាយដង្វាយដុត ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា នោះត្រូវឲ្យគេធ្វើដូចជាឯងរាល់គ្នាធ្វើដែរ
15. នៅក្នុងពួកជំនុំ នោះត្រូវមានច្បាប់តែ១ សំរាប់ឯងរាល់គ្នា ហើយសំរាប់អ្នកប្រទេសក្រៅ ដែលស្នាក់នៅជាមួយដែរ គឺជាច្បាប់ដ៏អស់កល្បជានិច្ច នៅអស់ទាំងដំណតទៅ នៅចំពោះព្រះយេហូវ៉ា ទោះទាំងអ្នកប្រទេសក្រៅ ក៏ដូចជាឯងរាល់គ្នាដែរ