8. បើសិនជាព្រះយេហូវ៉ា ទ្រង់សព្វព្រះហឫទ័យនឹងយើងរាល់គ្នា នោះទ្រង់នឹងនាំយើង ឲ្យបានចូលទៅក្នុងស្រុកនោះជាមិនខាន ហើយនឹងប្រទានមកយើងផង គឺជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំដ៏ហូរហៀរ
9. កុំឲ្យតែបះបោរនឹងព្រះយេហូវ៉ា ឬខ្លាចមនុស្សនៅស្រុកនោះប៉ុណ្ណោះ ដ្បិតគេជាអាហារសំរាប់យើងរាល់គ្នាទេ ទីពឹងជ្រករបស់គេបានរើចេញទៅបាត់ហើយ ព្រះយេហូវ៉ាក៏គង់នៅខាងយើងរាល់គ្នាដែរ កុំឲ្យខ្លាចគេឡើយ
10. ឯពួកជំនុំទាំងអស់ក៏ប្រាប់គ្នាថា ចូរចោលគេនឹងថ្មទៅ តែសិរីល្អនៃព្រះយេហូវ៉ាបានលេចមកក្នុងត្រសាលជំនុំ ឲ្យពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នាឃើញ។
11. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា តើជនទាំងឡាយនេះ នឹងនៅតែមើលងាយអញ ដល់កាលណាទៀត តើដល់កាលណាទៀតដែលគេនៅតែមិនជឿដល់អញ ទោះបើឃើញអស់ទាំងទីសំគាល់ ដែលអញបានធ្វើនៅកណ្តាលគេជាច្រើនម៉្លេះផង
12. ដូច្នេះ អញនឹងវាយគេ ដោយជំងឺអាសន្នរោគ ហើយនឹងកាត់កាល់គេចោលចេញ រួចអញនឹងបង្កើតសាសន៍១ដ៏ធំជាង ហើយពូកែជាងពីឯងវិញ។
13. តែម៉ូសេទូលទៅព្រះយេហូវ៉ាថា បើដូច្នោះពួកសាសន៍អេស៊ីព្ទនឹងឮដែរ (ដ្បិតទ្រង់បាននាំបណ្តាជននេះពីកណ្តាលគេ ឡើងមកដោយព្រះចេស្តាទ្រង់)
14. នោះគេនឹងប្រាប់តៗមក ដល់មនុស្សនៅស្រុកនេះ ដែលបានឮថា ព្រះយេហូវ៉ាទ្រង់តែងគង់នៅកណ្តាលពួកជននេះ ក៏ឮថា ពួកជននេះតែងឃើញព្រះយេហូវ៉ានៅប្រទល់មុខ ហើយថា ពពករបស់ទ្រង់តែងស្ថិតនៅពីលើគេ ទ្រង់ក៏យាងនាំមុខគេក្នុងបង្គោលពពកនៅវេលាថ្ងៃ និងក្នុងបង្គោលភ្លើងនៅវេលាយប់
15. ដូច្នេះ បើទ្រង់សំឡាប់ពួកជនទាំងនេះ ដូចជាមនុស្សតែម្នាក់ នោះសាសន៍ទាំងប៉ុន្មាន ដែលបានឮល្បីពីទ្រង់ គេនឹងដៀលថា
16. ដោយព្រោះតែព្រះយេហូវ៉ាពុំអាចនឹងនាំពួកនោះចូលទៅក្នុងស្រុក ដែលទ្រង់បានស្បថថា នឹងឲ្យទៅគេ នោះបានជាទ្រង់ត្រឡប់ជាសំឡាប់គេ នៅក្នុងទីរហោស្ថានវិញ
17. ឥឡូវនេះ ទូលបង្គំសូមអង្វរដល់ទ្រង់ ឲ្យព្រះចេស្តានៃព្រះអម្ចាស់បានធំ ដូចជាទ្រង់មានព្រះបន្ទូលរួចហើយថា
18. ព្រះយេហូវ៉ាទ្រង់យឺតនឹងខ្ញាល់ ក៏មានសេចក្ដីមេត្តាករុណាជាបរិបូរ ទ្រង់តែងអត់ទោសនៃសេចក្ដីទុច្ចរិត និងការរំលង តែមិនមែនរាប់មនុស្សមានទោស ទុកជាគ្មាននោះឡើយ គឺទ្រង់តែងធ្វើទោសនៃការទុច្ចរិតរបស់ឪពុកទៅដល់កូនចៅទាំង៣ដំណ ហើយ៤ដំណផង
19. ទូលបង្គំសូមអង្វរទ្រង់ សូមអត់ទោសនៃការទុច្ចរិតរបស់ពួកជននេះ ដោយសេចក្ដីមេត្តាករុណាដ៏ធំរបស់ទ្រង់ ដូចជាទ្រង់បានអត់ទោសដល់គេតាំងពីស្រុកអេស៊ីព្ទ រហូតមកដល់ទីនេះដែរ។
20. នោះព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលថា អញអត់ទោសឲ្យ តាមពាក្យឯងហើយ
21. ប៉ុន្តែអញស្បថដោយនូវព្រះជន្មអញថា ផែនដីទាំងមូលត្រូវបានពេញដោយសិរីល្អនៃព្រះយេហូវ៉ា
22. ហើយពិតប្រាកដជាពួកអ្នកទាំងនេះដែលបានឃើញសិរីល្អអញ និងទីសំគាល់ទាំងប៉ុន្មានដែលអញបានធ្វើនៅស្រុកអេស៊ីព្ទ ហើយនៅទីរហោស្ថាននេះ