35. អញនេះ គឺព្រះយេហូវ៉ា អញបានចេញវាចាហើយ ពិតប្រាកដជាអញនឹងប្រព្រឹត្តនឹងពួកជំនុំខូចអាក្រក់ ដែលបានប្រមូលគ្នា ទាស់នឹងអញនេះយ៉ាងដូច្នេះ គឺគេនឹងត្រូវស្លាប់រោយរៀវទៅ នៅក្នុងទីរហោស្ថាននេះ។
36. ឯពួកមនុស្ស ដែលម៉ូសេបានចាត់ទៅសង្កេតមើលក្នុងស្រុកនោះ ដែលគេត្រឡប់មកវិញ បណ្តាលឲ្យពួកជំនុំទាំងអស់រទូរទាំទាស់នឹងលោក ដោយនាំដំណឹងអាក្រក់ពីស្រុកនោះ
37. ពួកអ្នកនោះឯង ដែលបាននាំដំណឹងអាក្រក់ពីស្រុកនោះមក គេក៏ស្លាប់នៅចំពោះព្រះយេហូវ៉ាដោយការប្រហាររបស់ទ្រង់ទៅ
38. ដូច្នេះ ក្នុងពួកមនុស្សដែលបានទៅសង្កេតមើលស្រុកនោះ មានតែយ៉ូស្វេ ជាកូននុន និងកាលែប ជាកូនយេភូនេប៉ុណ្ណោះទេដែលនៅរស់។
39. ម៉ូសេក៏ប្រាប់សេចក្ដីទាំងនេះ ដល់ពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន រួចគេយំទួញជាខ្លាំង
40. គេភ្ញាក់ពីព្រហាមរៀងឡើងទៅឯកំពូលភ្នំ ដោយពាក្យថា មើលយើងខ្ញុំដល់នេះហើយ ដូច្នេះ យើងខ្ញុំនឹងឡើងទៅឯកន្លែង ដែលព្រះយេហូវ៉ាបានសន្យាទុកនោះ ដ្បិតយើងខ្ញុំបានធ្វើបាបមែន។
41. នោះម៉ូសេតបថា ម្តេចក៏ឯងរាល់គ្នារំលងបង្គាប់ព្រះយេហូវ៉ាទៀត ធ្វើដូច្នោះមិនកើតទេ
42. កុំឲ្យឡើងទៅធ្វើអី ដ្បិតព្រះយេហូវ៉ាមិនគង់ជាមួយឯងរាល់គ្នាទេ ក្រែងឯងរាល់គ្នាចាញ់ពួកខ្មាំងសត្រូវវិញ
43. ដ្បិតមានសាសន៍អាម៉ាលេក និងសាសន៍កាណាននៅខាងមុខឯងរាល់គ្នានោះហើយ ឯងនឹងត្រូវដួលដោយដាវរបស់គេជាមិនខាន ព្រះយេហូវ៉ាទ្រង់មិនព្រមគង់នៅជាមួយទេ ពីព្រោះឯងបានថយចេញពីព្រះយេហូវ៉ាហើយ