29. គឺខ្មោចរបស់ឯងរាល់គ្នា ជាពួកអ្នកដែលគេបានរាប់បញ្ចូលក្នុងបញ្ជី ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលបានរទូរទាំទាស់នឹងអញ នោះនឹងត្រូវដួលនៅទីរហោស្ថាននេះឯង ដរាបដល់គ្រប់ចំនួននោះ
30. ពិតប្រាកដជាឯងរាល់គ្នានឹងមិនបានចូលទៅក្នុងស្រុកនោះ ដែលអញបានស្បថថា នឹងឲ្យឯងរាល់គ្នាអាស្រ័យនៅនោះឡើយ ចូលបានតែកាលែប ជាកូនយេភូនេ និងយ៉ូស្វេ ជាកូននុនប៉ុណ្ណោះ
31. ឯអស់ទាំងកូនតូចៗរបស់ឯងរាល់គ្នា ដែលឯងបានថា វានឹងទៅជារំពាដល់គេ នោះអញនឹងនាំវារាល់គ្នាចូលវិញ ហើយវានឹងបានស្គាល់ស្រុកនោះ ដែលឯងរាល់គ្នាមិនបានទាំងរាប់អានផង
32. តែចំណែកឯងរាល់គ្នា នោះខ្មោចឯងនឹងត្រូវដួលនៅក្នុងទីរហោស្ថាននេះ
33. ហើយកូនចៅរបស់ឯងរាល់គ្នា និងដើរសាត់ព្រាត់នៅក្នុងទីរហោស្ថាននេះអស់៤០ឆ្នាំ ព្រមទាំងទ្រាំទ្រនឹងសេចក្ដីកំផិតរបស់ឯងរាល់គ្នា ដរាបដល់ខ្មោចឯងទាំងប៉ុន្មាន បានរលួយទៅ នៅទីរហោស្ថាននេះ
34. ឯងរាល់គ្នានឹងត្រូវទ្រាំទ្រចំពោះសេចក្ដីទុច្ចរិតរបស់ឯងអស់៤០ឆ្នាំ តាមចំនួនថ្ងៃដែលបានដើរសង្កេតមើលក្នុងស្រុកនោះ គឺជា៤០ថ្ងៃ ក្នុង១ថ្ងៃទុកជា១ឆ្នាំ នោះឯងរាល់គ្នានឹងស្គាល់សណ្ឋានដែលឥតពីអញទៅ ជាយ៉ាងណា
35. អញនេះ គឺព្រះយេហូវ៉ា អញបានចេញវាចាហើយ ពិតប្រាកដជាអញនឹងប្រព្រឹត្តនឹងពួកជំនុំខូចអាក្រក់ ដែលបានប្រមូលគ្នា ទាស់នឹងអញនេះយ៉ាងដូច្នេះ គឺគេនឹងត្រូវស្លាប់រោយរៀវទៅ នៅក្នុងទីរហោស្ថាននេះ។
36. ឯពួកមនុស្ស ដែលម៉ូសេបានចាត់ទៅសង្កេតមើលក្នុងស្រុកនោះ ដែលគេត្រឡប់មកវិញ បណ្តាលឲ្យពួកជំនុំទាំងអស់រទូរទាំទាស់នឹងលោក ដោយនាំដំណឹងអាក្រក់ពីស្រុកនោះ
37. ពួកអ្នកនោះឯង ដែលបាននាំដំណឹងអាក្រក់ពីស្រុកនោះមក គេក៏ស្លាប់នៅចំពោះព្រះយេហូវ៉ាដោយការប្រហាររបស់ទ្រង់ទៅ
38. ដូច្នេះ ក្នុងពួកមនុស្សដែលបានទៅសង្កេតមើលស្រុកនោះ មានតែយ៉ូស្វេ ជាកូននុន និងកាលែប ជាកូនយេភូនេប៉ុណ្ណោះទេដែលនៅរស់។
39. ម៉ូសេក៏ប្រាប់សេចក្ដីទាំងនេះ ដល់ពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន រួចគេយំទួញជាខ្លាំង
40. គេភ្ញាក់ពីព្រហាមរៀងឡើងទៅឯកំពូលភ្នំ ដោយពាក្យថា មើលយើងខ្ញុំដល់នេះហើយ ដូច្នេះ យើងខ្ញុំនឹងឡើងទៅឯកន្លែង ដែលព្រះយេហូវ៉ាបានសន្យាទុកនោះ ដ្បិតយើងខ្ញុំបានធ្វើបាបមែន។
41. នោះម៉ូសេតបថា ម្តេចក៏ឯងរាល់គ្នារំលងបង្គាប់ព្រះយេហូវ៉ាទៀត ធ្វើដូច្នោះមិនកើតទេ
42. កុំឲ្យឡើងទៅធ្វើអី ដ្បិតព្រះយេហូវ៉ាមិនគង់ជាមួយឯងរាល់គ្នាទេ ក្រែងឯងរាល់គ្នាចាញ់ពួកខ្មាំងសត្រូវវិញ
43. ដ្បិតមានសាសន៍អាម៉ាលេក និងសាសន៍កាណាននៅខាងមុខឯងរាល់គ្នានោះហើយ ឯងនឹងត្រូវដួលដោយដាវរបស់គេជាមិនខាន ព្រះយេហូវ៉ាទ្រង់មិនព្រមគង់នៅជាមួយទេ ពីព្រោះឯងបានថយចេញពីព្រះយេហូវ៉ាហើយ
44. ប៉ុន្តែគេចេះតែខំឡើងទៅឯកំពូលភ្នំ ដោយអួតអាងវិញ តែឯហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ព្រមទាំងម៉ូសេផង មិនបានចេញពីទីដំឡើងត្រសាលឡើយ
45. ដូច្នេះ ពួកសាសន៍អាម៉ាលេក និងសាសន៍កាណាន ដែលនៅលើភ្នំនោះ ក៏ចុះមកវាយផ្តួល ហើយដេញតាមគេ រហូតដល់ស្រុកហោម៉ា។